(ភ្នំពេញ)៖ ប្រទេសកម្ពុជា នឹងនាំយកផលិតផល ដែលមានបាកូដសម្គាល់ម៉ាកផលិតផលកម្ពុជា ចេញពីសភាពាណិជ្ជកម្មកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក តាមរយៈវេបសាយ amazon.com ដែលជាក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស របស់សហរដ្ឋអាមេរិក។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ផលិតផលដែលអាចដាក់លក់ នៅក្នុង amazon ទាន់តែមានបាកូដ ចេញពីសភាពាណិជ្ជកម្ម ដើម្បីសម្គាល់ម៉ាកផលិតនោះ ពិតជាផលិតផលរបស់កម្ពុជា។

ឧកញ៉ា លឹម ហេង បានអះអាងថា កម្ពុជាមិនពិបាកក្នុងការដាក់លក់តាម amazon ទេ ដោយសារតែសភាពាណិជ្ជកម្មកម្ពុជា បានការងារលើបាកូដ ដើម្បីសម្គាល់ម៉ាកនេះ ជាច្រើនឆ្នាំមកហើយ ហើយដែលអ្នកមកវិនិយោគនៅកម្ពុជា ទាំងក្រៅស្រុក និងក្នុងស្រុក គឺសុទ្ធតែបានចុះបាកូត ដើម្បីធ្វើការនាំចេញ។

បន្ថែមពីនោះទៀត ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា នឹងជំរុញការងារលើការដាក់ផលិតផលកម្ពុជា តាមរយៈវេបសាយ amazon.com ឲ្យបានលឿន បន្ទាប់ពីបានប្រជុំ ជាមួយតំណាងក្រុមហ៊ុន amazon នាពេលថ្មីៗនេះ។

ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «និយាយចំយើងមានសង្ឃឹម ព្រោះថា កន្លងមកសភាពាណិជ្ជកម្ម បានធ្វើជាច្រើនឆ្នាំមកហើយ [...] រោងចក្រជាច្រើន ដែលមកវិនិយោគនៅកម្ពុជា និងអ្នកវិនិយោគក្នុងស្រុក គឺបានចុះបាកូដ ដើម្បីធ្វើការនាំចេញហើយ ចឹងយើងមិនពិបាក ក្នុងការដាក់លក់តាម amazon ទេ»

ពាក់ព័ន្ធនឹងការមកចុះបាកូដ នៅសភាពាណិជ្ជកម្មកម្ពុជានេះ ឧកញ៉ា លឹម ហេង បានបញ្ជាក់ឲ្យដឹងថា ការចុះបាកូដសម្គាល់ផលិតកម្ពុជានេះ គឺអាចចុះបាន នៅតាមបណ្ដាសភាពាណិជ្ជកម្មកម្ពុជា គ្រប់រាជធានី-ខេត្ត ដោយមិនមែនចុះតែនៅសភាពាណិជ្ជកម្ម រាជធានីភ្នំពេញនោះឡើយ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម មានការគាំទ្រ បើសិនជាផលិតផលខ្មែរ ត្រូវបានដាក់លក់ នៅលើវេបសាយធំៗ របស់អន្ដរជាតិ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្មមានការគាំទ្រ បើសិនជាផលិតផលខ្មែរ ដែលមានគុណភាពល្អ ត្រូវបានដាក់លក់ នៅលើវេបសាយធំៗ របស់អន្ដរជាតិ ហើយក្រសួងគាំទ្រ ឲ្យមានការចូលរួមកាន់តែច្រើន នូវការដាក់លក់ទំនិញខ្មែរ ទៅកាន់ទីផ្សារអន្ដរជាតិ»

ទន្ទឹមគ្នានេះ ក្នុងនាមក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ក៏បានអំពាវនាវដល់សហគ្រាសទាំងអស់ ដែលមានវត្ដមាននៅកម្ពុជា ត្រូវតែសម្រិតសម្រាំង ផលិតផលខ្លួន ឲ្យបានល្អប្រសើរ ដើម្បីធ្វើការប្រកួតប្រជែង ទំនិញដែលមានគុណភាព ចូលរួមជាមួយទីផ្សារតំបន់ និងពិភពលោក។

នាពេលថ្មីៗនេះ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការនាំផលិតផល ទៅលក់ នៅសហរដ្ឋអាមេរិកតាមរយៈ amazon.com ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។

ពិធីនេះ មានការចូលរួមពី លោក លីអុង យូង ប្រធានផ្នែកជ្រើសរើស តំណាងលក់របស់ក្រុមហ៊ុនអាម៉ាហ្សូន Amazon Global Selling Rest of Southeast Asia និងក្រុមហ៊ុនកម្ពុជា ដែលសមាជិកស្ថាប័នបាកូដកម្ពុជាផងដែរ។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីពិភាក្សា អំពីយន្តការនានា នៃការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក តាមរយៈ amazon.com និងការត្រៀមលក្ខណៈ ទាំងគុណភាព និងបទដ្ឋានតម្រូវនានា។

សិក្ខាកាមទាំងអស់បានពិភាក្សា និងចូលរួមមតិដោយផ្ទាល់ ជាមួយនិងអ្នកតំណាងក្រុមហ៊ុនអាម៉ាហ្សូន និងបានស្វែងយល់អំពីសារៈប្រយោជន៍ លេខបាកូដ ដែលតម្រូវឲ្យមានជាចាំបាច់ សម្រាប់លក់ផលិតផលនៅលើ amazon.com។

បើតាមលោកឧកញ៉ា ងួន ម៉េងតិច ក្រោយពីបញ្ចប់សិក្ខាសាលានេះទៅ មានក្រុមហ៊ុនផលិតផលិតផល និងភ្នាក់ងារលក់នៅលើ amazon.com ទាក់ទងមកសភា ពាណិជ្ជកម្មកម្ពុជា ជាបន្តបន្ទាប់ ដើម្បីសុំជំនួយផ្នែកបច្ចេកទេស សុំការគាំទ្រ ក្នុងការសម្រួលបញ្ហាលើឯកសារ ដែលបានស្នើសុំ ជាភ្នាក់ងារកន្លងមក និងដំណើរការ នៃការស្នើសុំចុះឈ្មោះជាភ្នាក់ងារថ្មី និងធ្វើយ៉ាងណា អាចលក់ផលិតផលរបស់ខ្លួន ទៅសហរដ្ឋអាមេរិក បានតាមរយៈ amazon.com។

លោកឧកញ៉ា ងួន ម៉េងតិច បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ មានជាង២០ក្រុមហ៊ុនហើយ ដែលសភាពាណិជ្ជកម្មកម្ពុជា ក៏បានភ្ជាប់ទំនាក់ទំនងផ្ទាល់ ទៅតំណាង amazon.com។ ម៉្យាងវិញទៀត ផលិតផលខ្មែរទាំងអស់ ដែលដាក់លក់នៅលើ amazon.com ត្រូវតែមានលេខបាកូដ ដែលចេញពីជីអេស១កម្ពុជា។

លោកឧកញ៉ា ងួន ម៉េងតិច បានលើកឡើងថា ទាំងនេះជាកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និង amazon.com ដើម្បីជួយជំរុញឲ្យផលិតផលខ្មែរ អាចលក់ចេញទៅទីផ្សារក្រៅប្រទេសបាន៕