(ភ្នំពេញ)៖ លោកបណ្ឌិត វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជាទាំងឯកជន និងរដ្ឋ នៅមានកម្រិតទាបនៅឡើយ។

ការគូសបញ្ជាក់បែបនេះ ក្នុងឱកាសដែល លោកបណ្ឌិត វង្សី វិស្សុត អញ្ជើញចូលរួម ថ្លែងបាឋកថាពិសេស ស្ដីពី «យុវជន និងសង្គមឌីជីថល» ក្នុងកម្មវិធី ជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធអនឡាញ។

លោកបណ្ឌិត វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យសេដ្ឋកិច្ច សម្រាប់រដ្ឋាភិបាល មានក្នុងកម្រិតទាប ជាពិសេសក្នុងវិស័យធុរកិច្ច ហេតុអីមិនប្រើប្រាស់បច្ចេកវិទ្យា [...] តិចមែនទែន វិស័យសេដ្ឋកិច្ចនៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យា រដ្ឋក៏ដូចគ្នាតិចមែនទែន»

បន្ថែមពីនោះទៀត លោកបណ្ឌិត វង្សី វិស្សុត បានលើកឡើងថា បញ្ហានេះ គឺជាបញ្ហាក្របខណ្ឌគោលនយោបាយ និងបរិយាកាសសង្គម ដែលកម្ពុជាត្រូវរកគន្លឹះ គាស់ឲ្យឃើញថា តើអ្វីទៅជាគន្លឹះ ដើម្បីឲ្យរដ្ឋ និងវិស័យឯកជន វិស័យធុរកិច្ច ប្រើប្រាស់បច្ចេកវិទ្យា។

លោកបណ្ឌិត វង្សី វិស្សុត បានឲ្យដឹងទៀតថា ដើម្បីសម្រេចឲ្យបាននូវបញ្ហានេះ រាជរដ្ឋាភិបាលត្រូវតែដើរតួរនាទីដ៏សំខាន់ ក្នុងការដឹកមុខនាំមុខគេ ក្នុងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីឲ្យមានវឌ្ឍនភាព ក្នុងការទទួលយកនូវការអនុម័តវិស័យឌីជីថល ក្នុងវិស័យទាំងអស់។

មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា សង្គមឌីជីថល គឺជាសង្គមស៊ីវិល័យ ដែលមានបច្ចេកវិទ្យាឌីជីថល ដើរតួរសំខាន់ ក្នុងសេដ្ឋកិច្ច ធុរកិច្ច មុខរបរ ការងារ ក៏ដូចជាការប្រាស្រ័យទាក់ទងសង្គម និងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ពាក់ព័ន្ធនឹងជីវិត និងការងារ។

លោកបណ្ឌិត វង្សី វិស្សុត បានឲ្យដឹងផងដែរថា កម្ពុជាបានដាក់គោលដៅ រយៈពេល១៥ឆ្នាំ ដើម្បីសម្រេចឲ្យបាននូវសង្គមឌីជីថល ប៉ុន្ដែលោកគិតថា កម្ពុជាត្រូវការពេល យូរជាងនេះ ដោយមិនតិចជាង៣០ឆ្នាំទេ ដើម្បីដើរដល់សង្គមឌីជីថល ក្នុងកម្រិតខ្ពស់។

ទន្ទឹមគ្នានេះ លោកបណ្ឌិត វង្សី វិស្សុត ក៏បានបញ្ជាក់ដែរថា កម្ពុជាមិនមែនចាប់ផ្ដើមពីសូន្យឡើយ ក្នុងការកសាងសង្គមឌីជីថន ដោយកម្ពុជា បានចាប់ផ្ដើមក្នុងកម្រិតមួយហើយ។

លោកបណ្ឌិត វង្សី វិស្សុត បានឲ្យដឹងថា ក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន មានអ្នកប្រើទូរស័ព្ទជាង១០០ភាគរយ និងអ្នកប្រើប្រាស់សេវាអ៊ីនធឺណែន ប្រមាណ៨០ភាគរយ ប៉ុន្ដែភាគច្រើន ប្រើប្រាស់អ៊ីនធឺណែន ក្នុងការលេងកំសាន្ដ ដោយមិនមែនប្រើប្រាស់សម្រាប់ធ្វើការងារ និងសេវាកម្មអ្វីមួយនោះឡើយ៕