(ភ្នំពេញ)៖ ឆមាសទី១ ឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលសរុបបានជាង ៤១លានដុល្លារអាមេរិក មានការកើនឡើងជាង ១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានប្រមាណ ៣៦លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា ចំណូលសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២១ ទទួលបានចំនួន ១៦៧,១៤៨,៦៦៧,០០០រៀល (ប្រមាណ ៤១លានដុល្លារអាមេរិក) កើនឡើងជាង ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ១៤៧,៣៣៣,៣៩៨,០០០រៀល (ប្រមាណ ៣៦លានដុល្លារអាមេរិក)។

ដោយឡែកប្រាក់ចំណេញ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៥០,៨៨១,១៧៤,០០០រៀល (ប្រមាណជាង ១២.៧លានដុល្លារអាមេរិក) កើនឡើង៨១ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៩,១៦០,៥១៩,០០០ (ប្រមាណ ២លានដុល្លារអាមេរិក)។

គូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពុងផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់ ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលជាច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕