(ភ្នំពេញ)៖ កម្ពុជានឹងទទួលបានថវិកាប្រមាណ ២៤០លានដុល្លារ ពីក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះស្រាយផលប៉ះពាល់ នៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការ OXFAM ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ថវិកាដែលកម្ពុជាទទួលបាននេះ ស្ថិតក្នុងចំនួនថវិកាសរុបចំនួន៦៥០ពាន់លានដុល្លារ ដែល IMF បានអនុម័តការវិភាជថវិកាទូទៅមួយ ចេញពីគណនីមូលនិធិ ពិសេស (SDRs) ជាប្រវត្តិសាស្ត្រ ដើម្បីជំរុញលទ្ធភាពទូទាត់ ការចំណាយរបស់សកលលោក។

លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការ អុកស្វាម បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា «ថវិកា SDRs ថ្មីនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ»

លោកស្រីបន្ដថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការងារយ៉ាងល្អ ដើម្បីទប់ស្កាត់ការចម្លងមេរោគនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយ ការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន។

ជាមួយគ្នានេះ លោកស្រីសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យទាញយកផលប្រយោជន៍ពីមូលនិធិ SDR នេះ ដើម្បីផ្តល់ការគាំទ្របន្ថែមទៀត និងធ្វើឲ្យអន្តរាគមន៍ឆ្លើយតបជំងឺរាតត្បាត មានលក្ខណៈបរិយាប័ន្ន។ ប្រជាជនកម្ពុជា ជាពិសេស ក្រុមងាយរងគ្រោះបំផុត នឹងចងចាំទុកក្នុងចិត្តនូវស្នាដៃដ៏សំខាន់នេះ។

គូសបញ្ជាក់ថា SDRs គឺជាទម្រង់នៃរូបិយប័ណ្ណសកលមួយ ដែលអាចចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចសកលលោក ដោយធ្វើការបែងចែកជំនួយដោយមិនចាំបាច់សងវិញ ជូនដល់ប្រទេសជាសមាជិកនីមួយៗ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ថវិកានេះ មិនមែនជាកម្ចីដែលត្រូវការសងវិញនោះទេ ហើយការប្រើប្រាស់មូលនិធិនេះ គឺជាការសម្រេចចិត្តដោយប្រទេស ដែលទទួលមូលនិធិនេះ។

SDRs ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ ថវិកានេះ ត្រូវបានបែងចែកដោយផ្អែកលើកូតា/ ចំណែករបស់ប្រទេសនីមួយៗ នៅក្នុង IMF ។ ការផ្តល់ថវិកា SDR ចំនួន៦៥០ពាន់លានដុល្លារនេះ នឹងផ្តល់ប្រាក់បម្រុងបន្ថែមជិត៤០០ពាន់លានដុល្លារ ដល់ប្រទេសដែលមានជាងគេបំផុតក្នុងពិភពលោក, ២៣០ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និង២១ពាន់លានដុល្លារ ដល់ប្រទេសដែលមានប្រាក់ចំណូលទាប៕