(ភ្នំពេញ)៖ ទិន្នផលអំបិលក្នុងឆ្នាំ២០២១នេះ អាចផ្គត់ផ្គង់លើទីផ្សារបានគ្រប់គ្រាន់ ទោះបីជាពេលកំពុងផលិតអំបិល មានបញ្ហាអាកាសធាតុបន្ដិចបន្ដួចក្ដី។

បើយោងតាមរបាយការណ៍ការងារផលិតអំបិល របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា បច្ចុប្បន្ននេះអំបិលមានក្នុងស្ដុកប្រមាណ ៣៧ ១០៥ តោន។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានថ្លែងឲ្យដឹងថា «ទិន្នផលអំបិលក្នុងឆ្នាំនេះអាចផ្គត់ផ្គង់គ្រប់គ្រាន់លើទីផ្សារ ដោយសារបច្ចុប្បន្នអំបិលសល់ ក្នុងស្ដុកមានចំនួន ៣៧ ១០៥ តោន ចំនួនអំបិលដែលសល់ក្នុងស្ដុកនេះ មិនត្រឹមតែផ្គត់ផ្គង់គ្រប់គ្រាន់លើទីផ្សារឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្ដែអាចសល់ខ្លះសម្រាប់ឆ្នាំក្រោយផងដែរ»

លោកបញ្ជាក់ថា អំបិលអាចសល់ដល់ឆ្នាំក្រោយ ដោយសាររំលងតែ៤ខែទៀតតែប៉ុណ្ណោះ ការផលិតអំបិលថ្មីនឹងឈានចូលមកដល់ ចំណែកឯអំបិលដែលមានក្នុងស្ដុកជាង៣ម៉ឺនតោននេះ ត្រូវបានលក់ជាប្រចាំខែប្រមាណ៥-៦ពាន់តោនក្នុងមួយខែ ដូច្នេះត្រឹមរយៈពេល៤ខែអំបិល ក្នុងស្ដុកអាចផ្គត់ផ្គង់គ្រប់គ្រាន់ នឹងនៅសល់ខ្លះសម្រាប់ឆ្នាំក្រោយ។

យោងតាមរបាយការណ៍ ការងារផលិតអំបិល របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា ឆ្នាំ២០២១នេះផ្ទៃដីដែលបានផលិតអំបិលមានទំហំ ២ ៨៥៧.២៣ហិចតា មានក្រុមផលិតចំនួន ១៣៩ក្រុម និង ផ្ទៃដីដែលមិនបានផលិតមានទំហំ ៨៦៨.៧៨ ហិចតា មានក្រុមផលិតចំនួន៤០ក្រុម និងផលិតបានសរុបចំនួន ៦៨ ៦៨២ តោន។ គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ អំបិលនៅសល់ស្តុក ក្នុងឃ្លាំងសរុបចំនួន ៣៧ ១០៥ តោន។

របាយការណ៍បានឲ្យដឹងអំពី តម្លៃអំបិលលក់ចេញដោយក្នុងនោះ៖

* អំបិលស តម្លៃ១០,០០០រៀល ក្នុងមួយបាវ ដោយក្នុងមួយបាវមានទម្ងន់៥០គីឡូក្រាម។
* អំបិលខ្មៅ តម្លៃ ៧,៥០០រៀល ក្នុងមួយបាវ ដោយក្នុងមួយបាវមានទម្ងន់៥០គីឡូក្រាម៕