(ភ្នំពេញ)៖ រយៈពេល៦ខែឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា រកចំណូលសរុបបាន ២០៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ចំនួន ជាង១៨៧លានដុល្លារ កើនឡើងប្រមាណ១១% ខណៈចំណេញបានជាង៨១លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ធនាគារ អេស៊ីលីដា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហានេះ។

របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ដើមឆ្នាំ២០២១ ធនាគារ អេស៊ីលីដា រកចំណូលបានសរុបចំនួន ២០៩,៧៦៥,៣៤៩ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ចំនួន១៨៧,៤៥៦,៩១៤ដុល្លារ កើនឡើងប្រមាណ១១ភាគរយ។

របាយការណ៍បានបន្ថែមទៀតថា ចំពោះប្រាក់ចំណេញវិញ រយៈពេល៦ខែ ដើមឆ្នាំ២០២១ ធនាគារ អេស៊ីលីដា ចំណេញបានចំនួន ៨១,១៩៧,៦០១ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ចំនួន ៦៣,៧៤៤,៨២៩ដុល្លារ កើនឡើង២៧ភាគរយ។

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ សម្ព័ន្ធធនាគារ និងធនាគារ មានបុគ្គលិកចំនួន ១៣,៦៨៦នាក់ និង១២,០៣៦នាក់ ហើយសម្ព័ន្ធធនាគារ មានសាខា២៦២ ទូទាំងខេត្តក្រុងនៅកម្ពុជា, ៣៨សាខា នៅឡាវ និង១៧សាខា នៅមីយ៉ាន់ម៉ា។

សូមជម្រាបថា នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានជាង៣៨៧លានដុល្លារ បើធៀបនឹងឆ្នាំ២០១៩ សរុបចំនួនជាង៣៥១លានដុល្លារ កើនឡើងជាង១០%, ចំណេញបានជាង១៤១លានដុល្លារ៕