(ភ្នំពេញ)៖ ការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងកើនឡើងខ្លាំង។ កើនឡើងដោយសារតែក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ ប្រជាពលរដ្ឋបានផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួន ពីការប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់សុទ្ធ មកប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកវិញ ដើម្បីចូលរួមកាន់បន្ថយ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈក្រដាស់ប្រាក់។

ថ្មីៗកន្លងមកធនាគារជាតិនៃកម្ពុជា បានបន្ដលើកទឹកចិត្តឲ្យសាធារជនទាំងអស់ ឲ្យបន្ដប្រើប្រាស់ការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀល ប្រកបដោយអនាម័យខ្ពស់ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់។

ក្នុងនោះផងដែរធនាគារជាតិនៃកម្ពុជា បន្តជំរុញអតិថិជន ពាណិជ្ជករ ឱ្យងាកមកប្រើប្រាស់ កាបូបអេឡិចត្រូនិក (E-Wallet) និងកម្មវិធីទូទាត់នានាដូចជា «កម្មវិធីបាគង» ជាដើម ដើម្បីចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ធនាគារជាតិនៃកម្ពុជាលើកឡើងថា «ការប្រើប្រាស់សេវាធនាគារឌីជីថល អាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ១៩ តាមរយៈការកាត់បន្ថយតម្រូវការនៃ ការប្រើប្រាស់ក្រដាសប្រាក់ ដោយផ្ទាល់រវាងបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត»

ទន្ទឹមនោះធនាគារជាតិនៃកម្ពុជា ក៏បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័ននានាក្នុងប្រទេសកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់អតិថិជន និងក្រុមហ៊ុនសហគ្រាស ដែលជ្រើសរើសយកប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិកជំនួស ឱ្យប្រតិបត្តិការទូទាត់ ដែលប្រើប្រាស់ក្រដាសប្រាក់។

ជាក់ស្ដែងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានអភិវឌ្ឍនូវសេវាធនាគារឌីជីថល ឈានមុខគេមួយនៅកម្ពុជា ក៏បាននិងកំពុងចូលរួមយ៉ាងសកម្ម ជាក្នុងការផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័ស សម្រាប់ការទូទាត់តាមអេឡិចត្រូនិកនេះ តាមរយៈអេបអេស៊ីលីដាម៉ូបាល ដែលមានមុខងារ យ៉ាងសម្បូរបែប។ ការប្រើប្រាស់ការទូរទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះ បានចូលរួមមួយផ្នែកធំ ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដា បានឲ្យដឹងថា «ការដែលអតិថិជននាំគ្នាមកទូទាត់ ចាយវាយតាមបែបឌីជីថល ដែលជាបច្ចេកវិទ្យាសម័យថ្មីវិញ កាន់តែល្អប្រសើរ ព្រោះថាការទូទាត់តាមបច្ចេកវិទ្យាថ្មី គឺតាមអេស៊ីលីដាម៉ូបាល ជួយឲ្យអតិថិជនមិនប្រឈមមុខ នឹងហានិភ័យផេ្សងៗ ដោយសារអតិថិជនមិនប៉ះពាល់ក្រដាស់ប្រាក់ ដែលមិនបានសម្លាប់មេរោគជាមុននោះទេ»

លោកស្រី សុខ សោភា បញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអីលស៊ី ចូលរួមយ៉ាងពេញទំហឹង ជាមួយនឹងគោលនយោបាយធនាគារជាតិនៃកម្ពុជា ហើយលោកស្រី ក៏សូមលើកទឹកចិត្តដល់អតិថិជនទាំងអស់គ្នា ឲ្យចូលរួមទូទាត់ថ្លៃទំនិញផ្សេង តាមរយៈស្កេនឃ្យូអកូដអេស៊ីលីដាម៉ូបាល ក្នុងការបញ្ជាទិញទំនិញ ចំណីអាហារ។

ងាកត្រឡប់មកការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ តាមបណ្តាហាងជាច្រើន ក៏ដូចជានៅស្ទើរគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញក៏បានទទួលយកការវិវត្តថ្មី នៃការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនេះផងដែរ។

អ្នកនាង វ៉ាន់ សុខហេង ម្ចាស់ហាងលក់សម្ភារផ្គត់ផ្គង់ទារក បានឲ្យដឹងថា «ខ្លួនបានចាប់ផ្ដើមផ្តល់ជម្រើសទូទាត់ មិនប្រើប្រាស់ក្រដាសប្រាក់ ដល់អតិថិជន៣ឆ្នាំហើយ។ ដោយសារតែមានការរាតត្បាតជំងឺកូវីដ១៩ ធ្វើឱ្យការទូទាត់មិនប្រើប្រាស់ក្រដាស ប្រាក់នៅហាងរបស់ខ្លួនកើនឡើងដល់៣០%»។

អ្នកនាងបានបន្ថែមថា ក្រដាសប្រាក់ត្រូវបានបម្លាស់ទី ពីមនុស្សម្នាក់ទៅម្នាក់យ៉ាងឆាប់រហ័ស ដូច្នេះមិនអាចកំណត់បានថា តើក្រដាសប្រាក់ទាំងនោះត្រូវបានកាន់ ដោយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ ឬអត់នោះទេ ដូច្នេះការប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះ ជាជម្រើសដ៏ល្អបំផុតសម្រាប់អតិថិជន។

អ្នកស្រីបន្ថែមថា «អំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ខ្ញុំបានមើលឃើញពីកំណើននៃ ប្រតិបត្តិការទូទាត់ដោយមិនប្រើប្រាស់ក្រដាសប្រាក់ នៅក្នុងហាងខ្ញុំកើនឡើងពី ២០-៣០ភាគរយ បើធៀបនឹងមុនពេលមានការរាតត្បាតជំងឺនេះ។ ចំពោះវិធីសាស្រ្តនៃការទូទាត់ ខ្ញុំក៏តែងតែអនុវត្តពេលខ្ញុំធ្វើការទូទាត់ប្រាក់ បន្តជូនក្រុមហ៊ុនផ្គត់ផ្គង់ផងដែរ»

អ្នកស្រី ប៊ុន សាដេត ម្ចាស់ហាងលក់ម៉ូតូលើកឡើងថា ការទូទាត់ដោយមិនប្រើប្រាស់ ក្រដាសប្រាក់នៅហាងរបស់ខ្លួន កើនឡើងខ្លាំងរហូតដល់៦០% បើធៀបនឹងមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩។

អ្នកស្រីបានបន្ថែមថា «អំឡុងពេលនៃការរាតត្បាតជំងឺនេះ ខ្ញុំចង់ឱ្យអតិថិជនផ្ទេរប្រាក់ តាមរយៈកម្មវិធីសេវាធនាគារចល័ត ពីព្រោះយើងមិនចាំបាច់ព្រួយបារម្ភពី ការជួបអតិថិជនដោយផ្ទាល់ ដោយគ្រាន់តែបង្ហាញលេខគណនី ធនាគាររបស់យើងទៅអតិថិជន ហើយអតិថិជនអាចផ្ញើប្រាក់មកបានយ៉ាងងាយស្រួល ក្នុងនោះក៏ចំណេញពេលចំពោះការរាប់ប្រាក់ផងដែរ»

អ្នកស្រីបានបន្ថែមថា គ្រាន់តែមានទូរស័ព្ទដៃ Smart Phone មួយគ្រឿងយើងទាំងអស់គ្នា មិនចាំបាច់កាន់ក្រដាសប្រាក់ទៀតទេ។ បច្ចុប្បន្នចំនួនអតិថិជនដែលទូទាត់ប្រាក់ តាមរយៈការផ្ទេរប្រាក់តាមកម្មវិធី សេវាធនាគារកើនឡើង៦០% ដោយសារអតិថិជនខ្លាចឆ្លងជំងឺកូវីដ១៩ ហើយយើងជាអ្នកលក់ក៏ខ្លាចឆ្លងដូចគ្នា។

អត្ថប្រយោជន៍នៃការទូទាត់ ដោយមិនប្រើប្រាស់ក្រដាសប្រាក់ ត្រូវបានមើលឃើញកាន់តែច្បាស់ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ដែលជំរុញឱ្យអតិថិជនទូទាត់ទំនិញ ជាលក្ខណៈអនឡាញ ដែលការអនុវត្តនេះអាចកាត់បន្ថយ ការកាន់ក្រដាសប្រាក់ដោយផ្ទាល់៕