(ភ្នំពេញ)៖ កម្ពុជានាំចេញម្រេច នៅរយៈពេល៧ខែ ឆ្នាំ២០២១ បានចំនួនជាង២ម៉ឺនតោន កើនឡើងជាង ៥០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្រេចទៅកាន់ក្រៅប្រទេស បានចំនួន ២២,៥៨០.៦៨តោន កើនឡើងចំនួន ៥៥៨.១៩%។

ប្រភពដដែលបញ្ជាក់ថា ម្រេចកម្ពុជាត្រូវបាននាំចេញ ទៅប្រទេសប៊ែលហ្ស៊ិក ចំនួន១៥.៩៨តោន, ប្រទេសកាណាដា ចំ នួន០.៥២តោន, សាធារណរដ្ឋឆេកចំនួន ៦.១០តោន, ប្រទេសបារាំងចំនួន ២០.១៤តោន, ប្រទេសអាល្លឺម៉ង់ចំនួន ២៤៤.៥៧តោន, ប្រទេសឥណ្ឌាចំនួន ៤២តោន, ប្រទេសជប៉ុនចំនួន ២.៥៨តោន, ប្រទេសកូរ៉េចំនួន ១.៥៥តោន, ប្រទេសប៉ូឡូញចំនួន ៧.០៩តោន, ប្រទេសរុស្ស៊ីចំនួន ០.៨០តោន, ប្រទេសស៊ុយអ៊ែតចំនួន ១.២៩តោន, ប្រទេសស្វីសចំនួន ០.៤៨តោន, កោះតៃវ៉ាន់ចំនួន ១៥តោន, ប្រទេសអង់គ្លេសចំនួន ១.២៤តោន, ប្រទេសអារ៉ាប់រួមចំនួន ០.០១តោន, សហរដ្ឋអាមេរិកចំនួន ១.៧៥តោន, ប្រទេសវៀតណាមចំនួន ២២,២១៧.៤២តោន, ប្រទេសសិង្ហបុរីចំនួន ១.៩៧តោន និងប្រទេសកាហ្សាក់ស្ថានចំនួន០.១៩តោន។

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានបញ្ជាក់ឲ្យដឹងថា ទោះបីភាពជំងឺកូវីដ១៩ នៅបន្តរាលដាលក្ដី ក៏ស្ថានភាពទីផ្សារម្រេចកំពត មានភាពវិវត្តល្អប្រសើរក្នុងការនាំចេញព្រោះថា មានក្រុមហ៊ុនបន្តបញ្ជាទិញ និងមានតម្រូវការច្រើនពីប្រជាពលរដ្ឋ។

លោកបញ្ជាក់ទៀតថា ការនាំចេញម្រេចកំពតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២១នេះ មានជាង៦០តោន។ លោកបន្ដថា សន្ទុះនៃការនាំចេញម្រេចនៅឆ្នាំនេះ មានការកើនឡើង បើប្រៀបធៀបទៅនឹងឆ្នាំមុន។

លោកបន្ថែមថា ទោះបីអាកាសធាតុមិនសូវជាល្អប្រសើរមែន ប៉ុន្តែត្រឹមខែកក្កដា ឆ្នាំ២០២១នេះ ការនាំចេញម្រេចកំពតកើនឡើង បើធៀបនឹងឆ្នាំកន្លងទៅ ដោយសារទីផ្សារនាំចេញរបស់ក្រុមហ៊ុន មានការបញ្ជាទិញម្រេចពីអតិថិជនក្រៅប្រទេសកើនឡើងដូចគ្នា។
ចំណែកស្ថានភាពប្រមូលផលម្រេចកំពតរបស់កសិករ គឺមានកសិករខ្លះបានប្រមូលផលរួចទាំងស្រុង ខ្លះប្រមូលផលបាន៨០ភាគរយ និងខ្លះទើបតែប្រមូលផលបាន៦០ទៅ៧០ភាគរយប៉ុណ្ណោះ។

លោកឲ្យដឹងបន្តថា សម្រាប់តម្លៃម្រេចនាពេលបច្ចុប្បន្ននេះ គឺរក្សាបានតម្លៃដដែលដោយម្រេចខ្មៅតម្លៃ ១៥ដុល្លារ ក្នុងមួយគីឡូក្រាម, ម្រេចក្រហមតម្លៃ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និងម្រេចសតម្លៃ ២៨ដុល្លារ ក្នុងមួយគីឡូក្រាម។

លោករំលឹកថា ចំពោះទីផ្សារប្រទេសដែលនាំចេញម្រេចកំពត រួមមាន៖ Farnce, England, USA, Russia, Germany, Japan, South Korea, Czech, Belgium, Switzerland, Sweden, Malaysia៕