(ភ្នំពេញ)៖ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានពន្យល់អំពីតួនាទី និងភារកិច្ចដែលសមាគមមីក្រូហិរញ្ញវត្ថុ បានធ្វើក្នុងការគាំពារអតិថិជន ដោយបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជួយសម្រួលបញ្ហារបស់ជូនដល់អតិថិជន ពិសេសក្នុងគ្រាដែលជួបបញ្ហាដោយសារវិបត្តិនៃជំងឺកូវីដ១៩។

ការលើកឡើងរបស់លោក ផល វ៉ាន់ឌី ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ។

លោក ផល វ៉ាន់ឌី បានបញ្ជាក់ថា «សមាគមក្រៅពីតំណាងឲ្យសមាជិក តំណាងឲ្យគ្រឹះស្ថាន ដើម្បីទទួលខុសត្រូវផ្ដល់សេវា ប្រកបដោយវិជ្ជាជីវៈនោះ សមាគមក៏បានដើរតួនាទីសំខាន់ ក្នុងការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹងថា អ្វីជាចំណេះដឹងហិរញ្ញវត្ថុ? ដើម្បីមានសមត្ថភាពរកហិរញ្ញវត្ថុ ដែលបានមកពីការកម្ចីប្រាក់នេះ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងជាចំណែកមួយ នៃសេដ្ឋកិច្ចសង្គមផងដែរ»

លោកបញ្ជាក់ថា សមាគមមានការជឿជាក់ថា បើបងប្អូនអតិថិជនមានចំណេះដឹងហិរញ្ញវត្ថុល្អ អតិថិជននឹងមានការសម្រេចចិត្តល្អស្វែងរកសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាដែលមានការទទួលខុសត្រូវ។ ក្រៅអំពីការជួយអតិថិជនឲ្យយល់នូវចំណេះដឹងហិរញ្ញវត្ថុ ក្នុងនោះសមាគមក៏ពន្យល់ឲ្យអតិថិជនយល់អំពី កាតព្វកិច្ចរបស់ខ្លួន ក្នុងការប្រើប្រាស់សេវាហិញ្ញវត្ថុ ដោយការទទួលខុសត្រូវផងដែរ។

លោកបន្ថែមថា បន្ថែមពីការកសាងសមត្ថភាព ដល់អ្នកផ្ដល់សេវាហិរញ្ញវត្ថុនេះ គឺសមាគមធ្វើយ៉ាងណាត្រូវធ្វើយ៉ាងណាធានាបានថា គ្រឹះស្ថានដែលជាសមាជិករបស់សមាគមបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវការការពារអតិថិជន ដែលបានកំណត់កន្លងមក។

លោក ផល វ៉ាន់ឌី បានឲ្យដឹងទៀតថា សមានគមដើរមានតួនាទីបណ្ដុះបណ្ដាល តាមដានរំលឹកដើម្បីធានាបានថា សមាជិករបស់ខ្លួន គឺបំពេញការងារ ក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ជូនដល់អតិថិជនប្រកបដោយសីលធម៌ ស្ដង់ដារវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ នេះជាភាពខុសគ្នារវាងសេវាផ្លូវការ និងមិនផ្លូវការដោយក្នុងនោះសេវាផ្លូវការ ដែលផ្ដល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុ ដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ដែលមានកិច្ចការពារពីសមាគម។ ចំណែកសេវាមិនផ្លូវការ មិនមានកិច្ចការពារពីសមាគមនោះទេ៕

សូមទស្សនាវីដេអូនៃកិច្ចពិភាក្សារបស់ទូរទស្សន៍ Fresh News ជាមួយលោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖