(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានវិនិយោគិនជាច្រើន បានចាត់ទុកថា ជាប្រទេសដែលមានសក្ដានុពលសម្រាប់ការវិនិយោគ។

លោកបញ្ជាក់ថា ការអះអាងរបស់វិនិយោគិនបែបនេះ ដោយសារតែពួកគេសំអាងថា លំនឹងសេដ្ឋកិច្ចល្អប្រសើរ និងមាននយោបាយដ៏រឹងមាំ ជាងបណ្ដាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ានជាដើម។

លោក ច្រឹក សុខនីម បានថ្លែងថា «ការរកប្រកបរបរទទួលទាន នៅក្នុងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាំស៊ាន ប្រទេសដែលមានសក្ដានុពលខ្លាំងជាងគេ និងត្រូវបានគេផ្ដល់ភាពជឿជាក់ខ្លាំងមានប្រទេសកម្ពុជា ដោយសារតែប្រទេសកម្ពុជា មានលំនឹងសេដ្ឋកិច្ចល្អ និងមាននយោបាយដ៏រឹងមាំ ជាងបណ្ដាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ានជាដើម»

លោកបន្ថែមថា កត្តាមួយទៀត គឺកម្ពុជា មានតំបន់កណ្តាល ក្នុងតំបន់អាស៊ី ចំណែកឯតម្លៃអចលនទ្រព្យនៅកម្ពុជា មានតម្លៃធូរថ្លៃជាងបណ្ដាប្រទេសជិតខាង ដូច្នេះឱកាសវិនិយោគនៅបន្ដកើតមានឡើង ហើយចំពោះកម្លាំងពលកម្មរបស់កម្ពុជា មានសក្ដានុពលនៅក្នុងរយៈពេលវែងនៃការវិនិយោគ ប៉ុន្ដែទីផ្សារកម្ពុជាមានចំណុចខ្លះ ដែលត្រូវការបំប៉នបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពប្រជាជន ដើម្បីទទួលបានការវិនិយោគធំៗ ពីបណ្ដាប្រទេសជិតខាងមកកាន់កម្ពុជា។

លោកបញ្ជាក់ថា «និយាយជារួមទីផ្សារអចលនទ្រព្យ ក្នុងពេលនេះវិនិយោគិន នៅបន្ដចាប់អារម្មណ៍ខ្លាំង»

លោកស្រី ហ្រ្គែស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ក៏បានបង្ហាញពីប្រទេសមួយចំនួន ដែលបាននិងកំពុងចាប់អារម្មណ៍ និងមានការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាផងដែរថា មានប្រទេសជាច្រើនដូចជា ប្រទេសសឹង្ហបុរី, ប្រទេសម៉ាឡេស៊ី, ប្រទេសកូរ៉េជាដើម។

លោកស្រីបានឲ្យដឹងទៀតថា និយាយចំពោះប្រទេសសឹង្ហបុរី ដែលបានចូលមកវិនិយោគនៅកម្ពុជា និងបានវិនិយោគដោយផ្ទាល់ ជាមួយក្រុមហ៊ុន Century 21 Cambodia គឺវិនិយោគិនជាអ្នកវិនិយោគច្បាស់លាស់ ក្នុងនោះលំហូរដែលជាគម្រោងធំៗ នៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ជាការវិនិយោគដោយផ្ទាល់ ពីក្រុមហ៊ុនឯកជន និងក្រុមហ៊ុនដែលបានសហការ ជាមួយរាជរដ្ឋាភិបាល៕