(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ការដាក់ដំណើរការ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទតាម Online ពិតជាផ្ដល់ភាពងាយស្រួល ដល់សាធារណៈ ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

លោក គង់ វិបុល បានថ្លែងឲ្យដឹងថា «ឥឡូវនេះយើងបានសម្រេច ពន្ធលើមធ្យបាយដឹកជញ្ជូន សាធារណជនអាចបង់នៅធនាគារក៏បាន និងតាមសាខាក៏បាន ប៉ុន្ដែបច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅបន្ដរីករាលដាល ដូច្នេះកន្លងមកខ្ញុំបានណែនាំឲ្យធ្វើការអនុវត្តកម្មវិធីបង់ពន្ធអនឡាញ ដូច្នេះអ្នកជាប់ពន្ធទាំងអស់ ដែលមិនទាន់បានបង់ពន្ធ អាចបង់ពន្ធអនឡាញបាន»។

លោកបានញ្ជាក់ថា ក្នុងករណីដែលសាធារជនពិបាក ក្នុងការទៅបង់ពន្ធតាមបណ្ដាធនាគារ ឬតាមបណ្ដាសាខាផ្សេង ដោយសារតែជំងឺកូវីដ១៩នេះ សាធារណជនអាចចូលក្នុងវេបសាយ របស់ពន្ធដារ និងបង់ពន្ធមធ្យោបាយដឹកជញ្ជូនតាមអនឡាញ ដោយមានលទ្ធភាព បង់ពន្ធយានជំនិះម្ដងបានចំនួន១០គ្រឿង ហើយអគ្គនាយកដ្ឋានពន្ធដារ និងរៀបចំយកលតាប័ត្រទៅបិទជូន ដល់គេហដ្ឋាន ឬទីតាំងណាមួយដែលម្ចាស់យានយន្ដ មានបំណងចង់ឲ្យពន្ធដារដឹកជញ្ជូន ទៅកាន់ទីកន្លែងនោះ។

លោក គង់ វិបុល បានបញ្ជាក់ថា ធារណជនអាចបង់ពន្ធតាមអនឡាញ និងអាចមើលប្រវត្តិនៃការបង់ពន្ធយានយន្ដនីមួយៗ និងអាចបង់ម្ដងបានចំនួន១០យានយន្ដ។ នេះជាផលិតផលថ្មីមួយទៀត របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអភិវឌ្ឍន៍កម្មវិធី បង់ពន្ធមធ្យោបាយយានជំនិះគ្រប់ប្រភេទតាមអនឡាញ ហើយកាន់តែងាយស្រួល សាធារណជនគ្រាន់តែវាយលេខរថយន្ដ, វាយប្រភេទយានយន្ដ នោះវានឹងលោតទិន្នន័យនៅក្នុងប្រព័ន្ធពន្ធដារហើយ។

លោកបានបន្ថែមថា ចំពោះយានយន្ដថ្មី ត្រូវមកចុះបញ្ចីនៅក្នុងក្រសួងសាធារណការ ហើយក្រសួងសាធារណការ នឹងបោះទិន្នន័យមកឲ្យអគ្គនាយកដ្ឋានពន្ធដារ ដូច្នេះយានយន្ដទាំងនោះនឹងមានទិន្នន័យនៅក្នុងពន្ធដារហើយ៕