(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ដំណើរការសាងសង់ ព្រលានយន្ដហោះអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបានជាង៤៣ភាគរយ និងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល សម្រេចបានជាង១៨.៩ភាគរយ ខណៈព្រលានយន្ដហោះ តារាសាគរ នៅខេត្តកោះកុង នឹងអាចឲ្យដាក់ដំណើរការ ចុងឆ្នាំ២០២១នេះ ស្របពេលដែលដំណើរការសាងសង់ បានបញ្ចប់រួចរាល់។

ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមក្នុងកម្មវិធីភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «វិស័យដឹកជញ្ជូនផ្លូវអាកាស និងការសាងសង់ព្រលានយន្តហោះថ្មីៗ នៅកម្ពុជា»។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «វឌ្ឍនភាពនៃការសាងសង់ អាកាសយានដ្ឋាន នៅក្នុងខេត្តសៀមរាប គិតត្រឹមខែមិថុនា ឆ្នាំ២០២១ សម្រេចបានជាង៤៣ភាគរយ។ ដោយឡែក នៅអាកាសយានដ្ឋានភ្នំពេញថ្មី សម្រេចបាន១៨.៩ភាគរយ»

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា ចំពោះព្រលានយន្ដហោះ តារាសាគរ នៅខេត្តកោះកុង បានបញ្ចប់ការសាងសង់រួចរាល់ហើយ នៅចុងឆ្នាំ២០២០ នៅសល់តែលើការងារសំអាត និងការធ្វើតេស្ដបច្ចេកទេសមួយចំនួន ដែលត្រូវការពេលវេលាប្រមាណ៥-៦ខែទៀត នឹងអាចដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០២១នេះ។

គូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ដោយការសាងសង់បានចាប់ផ្តើម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេល៣៦ខែ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។

ដោយឡែក គម្រោងព្រលានយន្តហោះភ្នំពេញថ្មី សាងសង់លើផ្ទៃដីទំហំប្រមាណ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយអាចប៉ះតំបន់មួយចំនួន ក្នុងស្រុកបាទី ខេត្តតាកែវ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក។

ចំពោះព្រលានយន្ដហោះ តារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ដែលគ្រោងនឹងដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០២១នេះ គឺជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹកប្រាក់១៥០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រ ដល់វិស័យទេសចរណ៍៕