(ភ្នំពេញ)៖ តម្លៃប្រេងឥន្ធនៈនៅរយៈពេលចុងក្រោយនេះ បានឡើងថ្លៃមក៤១០០រៀលក្នុង១លីត្រ (សាំងធម្មតា) និងម៉ាស៊ូតតម្លៃ៣៦៥០រៀល ដែលតម្លៃនេះ បង្កើតនូវចម្ងល់ដល់បងប្អូនប្រជាពលរដ្ឋ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា ការឡើងថ្លៃតម្លៃប្រេងនេះ គឺដោយសារតែតម្លៃប្រេង នៅលើទីផ្សារពិភពលោក មានការឡើងថ្លៃ ហើយមានតម្រូវការច្រើន។

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា កម្ពុជា មិនមែនជាប្រទេសផលិតប្រេងនោះទេ គឺកម្ពុជានៅទិញប្រេងដែលចម្រាញ់រួច ពីប្រទេសសិង្ហបុរី និងពីប្រភពផ្សេងៗ ហើយប្រេងដែលកម្ពុជាទិញ គឺផ្អែកទៅលើការឡើងចុះ នៃតម្លៃប្រេងឆៅអន្ដរជាតិ។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃប្រេងឆៅអន្ដរជាតិក្នុងមួយរយៈនេះ ជាពិសេសនៅក្នុងមិថុនា និងកក្កដា មានការកើនឡើង»

បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម រូបនេះ បានឲ្យដឹងថា ការកើនឡើងតម្លៃប្រេងនេះ ដោយសារតែក្រុមប្រទេស OPEC បានកាត់បន្ថយការផលិតកម្មប្រេង ហើយប្រភពធំៗ២ ដែលនាំចេញប្រេងឆៅ គឺប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាបរួម ក៏បានកាត់បន្ថយ ការផលិតប្រេងរបស់ខ្លួនដែរ។

លោកបានបន្ថែមទៀតថា តម្រូវការប្រេងឥន្ទនៈនៅលើទីផ្សារអន្ដរជាតិ មានការកើនឡើង ក្នុងរយៈពេល២ខែចុងក្រោយនេះ ក្រោយពីប្រទេសនៅតំបន់អ៊ឺរ៉ុបមួយចំនួន បានបិទបញ្ចប់ការ LOCK DOWN ប្រទេសខ្លួន ហើយក្រុមប្រទេស OPEC នៅរក្សារលំនឹង នៃការផលិតប្រេង ដែលធ្វើឲ្យតម្លៃប្រេងមានការកើនឡើង។

បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានបន្ដថា ទន្ទឹមគ្នានេះ ប្រទេសធំៗ ដូចជា ប្រទេសអារ៉ាប៊ី សាអូឌីត និងប្រទេសអារ៉ាបរួម ជាដើម -ល- ដែលនៅក្នុងតំបន់ OPEC នោះ បានកាត់បន្ថយ ការផលិតប្រេងរបស់ខ្លួនទៀត ដែលធ្វើឲ្យតម្លៃប្រេង កាន់តែហក់ឡើងខ្ពស់។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសធំៗ ដែលនៅក្នុងតំបន់ OPEC ទើបតែបានព្រមព្រៀងគ្នា បង្កើនផលិតកម្មប្រេងរបស់ខ្លួនឡើងវិញ នៅក្នុងខែសីហាខាងមុខនេះ ដែលក្នុងមួយថ្ងៃ ចំនួន៤០ម៉ឺនបារ៉េល ដូច្នេះប្រេងនឹងចាប់ផ្ដើមសំបូរឡើងវិញ។

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម រូបនេះ រំពឹងទុកថា នៅពេលខាងមុខនេះ ក្រោយពីមានការបង្កើនផលិតកម្មប្រេងរបស់ប្រទេសធំៗ ដែលនៅក្នុងតំបន់ OPEC នោះតម្លៃប្រេងឆៅ អាចនឹងមានការធ្លាក់ចុះវិញ នៅលើទីផ្សារអន្ដរជាតិ ដែលហេតុធ្វើឲ្យប្រេងដែលចម្រាញ់រួច នឹងមានការធ្លាក់ចុះផងដែរ។

គូសបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,១០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,៦៥០រៀល ក្នុង១លីត្រ៕