(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា នៅរយៈពេល៥ខែដើមឆ្នាំ២០២១នេះ មានការធ្លាក់ចុះ៩២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះ បានសម្លឹងឃើញនូវការកើនឡើងមកវិញ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។

ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងកម្មវិធី ភ្ញៀវពិសេសប្រចាំសប្ដាហ៍ របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «វិស័យដឹកជញ្ជូនផ្លូវអាកាស និងការសាងសង់ព្រលានយន្ដហោះថ្មីៗ នៅកម្ពុជា»។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងធៀបការដឹកជញ្ជូនតាមផ្លូវអាកាសនៅរយៈពេល៥ខែដើមឆ្នាំ២០២១នេះ ទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ឃើញថា កានការធ្លាក់ចុះ៩២% យើងមិនទាន់ឃើញមានកំណើនវិញទេ ប៉ុន្តែបើមើលការដឹកជញ្ជូនទំនិញវិញឡើង ពីមុនធ្លាក់ចុះជាង៦០% នៅឆ្នាំ២០២០ ឥឡូវនេះបើយើងគិត៥ខែ ឃើញថយចុះតែជាង៣០%ទេ»

លោកបន្តថា ការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ដោយសារការកើនឡើងនៃការប្រើប្រាស់ទំនិញច្រើនដូចជា ទំនិញតាមអនឡាញ ព្រមទាំងការដឹកជញ្ជូនទំនិញផ្សេងទៀត រួមទាំងការដឹកជញ្ជូនវ៉ាក់សាំង បរិក្ខាពេទ្យជាដើម។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា នៅ៥ខែឆ្នាំ២០២១នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាទទួលបានអ្នកដំណើរ ចំនួន១១៥ ៣៥៣នាក់ ស្មើនឹង៤១៣៤ជើង ខណៈការដឹកជញ្ជូនទំនិញមានចំនួន ២២៩៧៣តោន។

លោកបានបញ្ជាក់ទៀតថា តាមការព្យាការណ៍ការធ្វើដំណើរតាមផ្លូវអាកាស អាចនឹងល្អប្រសើរឡើងវិញ នៅឆ្នាំ២០២៣។ ដោយឡែកបើតាមការរំពឹងរបស់ក្រុមហ៊ុនផលិតយន្ដហោះធំៗ២ គឺ Boeing និង Airbus ការហោះហើរមានប្រក្រតីភាពឡើងវិញអាចក្នុងអំឡុងឆ្នាំ២០២៣-២០២៤៕