(ភ្នំពេញ)៖ វិស័យឯកជនបានស្នើសុំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឲ្យមានការរៀបចំគោលនយោបាយកៅស៊ូនៅកម្ពុជា ដូចជាគោលនយោបាយស្រូវអង្ករ ដើម្បីរក្សាស្ថិរភាពនៃតម្លៃកៅស៊ូ។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករងក្រុមហ៊ុន អាន ម៉ាឌី គ្រុប ដែលវិនិយោគដំណាំកៅស៊ូ បានថ្លែងថា «រាជរដ្ឋាភិបាលគួរតែបង្កើតគោលនយោបាយកៅស៊ូ ដើម្បីទ្រទ្រង់គាំពារវិស័យកៅស៊ូបានល្អប្រសើរ ជួយឲ្យអ្នកដាំកៅស៊ូអាចដាំអាចដំណើរការបានល្អប្រសើរ។ កន្លងមកកម្ពុជាមានគោលនយោបាយ ស្រូវអង្កររួចមកហើយ ហើយថ្មីៗនេះមន្រ្ដីនៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំគោលនយោបាយស្វាយចន្ទីបន្ថែមទៀត»។

លោកបានបន្ថែមថា «ខ្ញុំសង្ឃឹមថា បន្ទាប់ពីបានរៀបចំគោលនយោបាយស្វាយចន្ទីរួច នឹងអាចឈានដល់ការរៀបចំគោលនយោបាយ ស្ដីពីកៅស៊ូ ដើម្បីជួយដល់អ្នកដាំកៅស៊ូ ទាំងអ្នកដាំលក្ខណៈគ្រួសារ និងអ្នកដាំជាក្រុមហ៊ុនមានទំនុកចិត្តបន្ដការដាំដុះ និងពង្រីកផ្ទៃដីដាំដុះបន្ថែម»

លោក លឹម ហេង បានបន្ថែមថា ប្រហែលជា៧ឆ្នាំចុងក្រោយនេះ ការវិវត្តនៃដំណាំកៅស៊ូ មានការយឺតយ៉ាវខ្លាំង ដោយសារតែបញ្ហាតម្លៃកៅស៊ូធ្លាក់ថ្លៃធ្វើឲ្យកសិករ និងក្រុមហ៊ុនមួយចំនួន បានផ្លាស់ប្ដូរការដាំកៅស៊ូ ទៅដំដាំណាំផ្សេងៗមួយទៀត ប៉ុន្ដែមិនមែន ឈប់ដាំដំណាំកៅស៊ូឡើយ ដែលការផ្លាស់ប្ដូរដំណាំនេះ គឺដើម្បីបានថវិកាទ្រទ្រង់ក្រុមហ៊ុន ក៏ដូចជាទ្រទ្រង់ជីវភាពរបស់ខ្លួន និងទន្ទឹងរង់ចាំឱកាសកៅស៊ូឡើងថ្លៃ និងមានទីផ្សារល្អប្រសើរឡើងវិញ។

ក្រសួងកសិកម្មបានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបមានចំនួន ៤០៤ ១៦០ ហិកតា ដែលក្នុងនោះ៖ ផ្ទៃដីចៀរជ័រមានចំនួន ២៩២ ៥០០ ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន ១១១ ៦៦០ ហិកតា ស្មើនឹង២៨%។

រយៈពេល៦ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ១៣២ ១៧៤តោន បានកើនឡើងចំនួន ៨,៨៥៩តោន ស្មើនឹង៧.១៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ កៅស៊ូមានតម្លៃជាមធ្យម ១.៦៧៧ដុល្លារ/តោន។

រយៈពេល៦ខែដំបូងឆ្នាំនេះ ចំណូលបានពីការនាំចេលកៅស៊ូ សម្រេចបានចំនួន ២២២ ៤៣២ ៧៦២.៩៣ ដុល្លារ ក្នុងនោះចំណូលពីជ័រកៅស៊ូ៖ ២២១ ៦៧៥ ៧៧០.០៩ដុលា្លរ និងចំណូលពីឈើកៅស៊ូ ៧៥៦ ៩៩២.៨៤ដុលា្លរ៕