(ភ្នំពេញ)៖ លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ចិននៅតែឈរលំដាប់ថ្នាក់លេខ១ ក្នុងការទិញអង្កររបស់កម្ពុជា ហើយកម្ពុជាបានសម្លឹងឃើញទីផ្សារចិន និងទីផ្សារនៃប្រទេសក្នុងតំបន់អាស៊ី ដើម្បីជួយសម្រាលការធ្លាក់ចុះ នៃការនាំចេញអង្ករ ដោយសារតែវិបត្តិនៃការដឹកជញ្ជូន។

ការលើកឡើងរបស់លោក សុង សារ៉ន ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំប្ដាហ៍» ក្រោមប្រធានបទស្ដីពី «ការថយចុះនៃការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្ដរជាតិ និងការស្តារឡើងវិញ»។

លោក សុង សារ៉ន ថ្លែងថា «ក្នុងរយៈពេល៦ខែកន្លងមកនេះ សហព័ន្ធស្រូវអង្ករកម្ពុជាក៏ដូចជា ក្រសួងពាណិជ្ជ ព្រមទាំងក្រសួងកសិកម្ម បានព្យាយាមបញ្ចៀសហានិភ័យជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យយើងរស់រាន បន្ដមានការនាំចេញអង្ករ។ ដោយក្នុងនោះយើងសម្លឹងលើទីផ្សារចិន ជាក់ស្ដែងក្នុងរយៈពេល៦ខែនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារ ប្រទេសចិនជាង៥០ភាគរយនៃការនាំចេញសរុបរបស់អង្ករកម្ពុជា»

លោកបានបន្ដថា «ការកើនឡើងនៃការនាំចេញអង្ករទៅកាន់ប្រទេសចិន បានជួយដល់វិស័យនេះបានចំនួនធំ ប្រសិនបើកម្ពុជាមិនមានទីផ្សារចិន មិនមានទីផ្សារអាស៊ី ឬមិនមានទីផ្សារនៃប្រទេសជិតខាង ដូចជាប្រទេសវៀតណាមទេនោះ គឺកម្ពុជាពិតជាលំបាកមែនទែន ក្នុងរយៈកាល៦ខែចាប់ពីដើមខែមករា រហូតដល់ខែមិថុនានេះ»

លោកបន្ថែមថា សហព័ន្ធស្រូវអង្ករកម្ពុជា និងរាជរដ្ឋាភិបាល បានគិតគូរជាខ្លាំងអំពីទីផ្សារ បានជំរុញពិសេសភាគីចិន បង្កើនការទិញអង្កររបស់កម្ពុជា។ មួយវិញទៀត សហព័ន្ធ និងរាជរដ្ឋាភិបាល បានព្យាយាមជួយដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីមានហិរញ្ញប្បទានទិញស្រូវស្ដុក ព្រមទាំងរក្សាទុន រក្សាស្ដុករង់ចាំទីផ្សារ ដែលចាប់ផ្ដើមដំណើរការដឹកជញ្ជូនឡើងវិញ ដូច្នេះកម្ពុជាអាចនាំចេញវិញបានធម្មតា។

លោកបានបញ្ជាក់ថា កម្ពុជាបានត្រៀមរួចរាល់អស់ហើយ នៅឡើយតែរង់ចាំកុងតឺន័រប៉ុណ្ណោះ ដូច្នេះកម្ពុជានឹងមានលទ្ធភាព ក្នុងការនាំចេញបានភ្លាមៗតែម្ដង ពិសេសនៅត្រីមាសទី២នេះតែម្ដង។

លោក សុង សារ៉ន បន្ថែមថា ជាការពិតក្នុងត្រីមាសទី២នេះ នៅពេលដែលពិភពលោក មានភាពល្អប្រសើរ គឺកម្ពុជានឹងងើបឡើងវិញនៃការនាំចេញអង្ករ ប៉ុន្ដែប្រសិនបើបញ្ហាទាំងនេះនៅអូសបន្លាយ កម្ពុជានឹងជួបឱនភាពដដែលក្នុងការនាំចេញ។ សហព័ន្ធស្រូវអង្ករកម្ពុជា រក្សាជំហរដដែល គឺការពង្រីកទីផ្សារអាស៊ី និងអាស៊ាន ដើម្បីបង្កើនការនាំចេញឲ្យបានច្រើន ដោយសារតែទីផ្សារផ្លូវឆ្ងាយ និងប្រើប្រាស់ពេលវេលាដឹកជញ្ជូនពី១-២ខែនោះ គឺកម្ពុជាយើងរងផលប៉ះពាល់ខ្លាំងមែនទែន។

លោកបញ្ជាក់ថា «ជាយុទ្ធសាស្រ្ដរបស់សហព័ន្ធស្រូវអង្ករ នៅតែជំរុញក្នុងការលក់ លើទីផ្សារអាស៊ី ចិននៅតែជាទីផ្សារធំដដែល ដែលកម្ពុជា នឹងរក្សាស្ថេរភាពអង្ករ មិនឲ្យចុះឱនភាពខ្លាំង ហើយចំពោះពិភពលោកនឹងធូរស្បើយឡើងវិញ ពេលវិបត្តិនៃការដឹកជញ្ជូនឈាន ដល់ចំណុចកំពូលនោះនឹងមានដំណោះស្រាយ។ ខ្ញុំគិតថាបច្ចុប្បន្ននេះ មានការដោះស្រាយបណ្ដើរៗហើយ ព្រោះបញ្ហានេះត្រូវបានប្រទេសធំៗ លើពិភពលោកកំពុងលើកមកពិភាក្សាផងដែរ»

លោក សុង សារ៉ន ក៏បានបញ្ជាក់អំពីបញ្ហានៃការធ្លាក់ចុះនៃការនាំចេញអង្កររបស់កម្ពុជានេះថា ដោយសារតែបញ្ហាដឹកជញ្ជូន ជាឧបសគ្គឲ្យការនាំចេញអង្ករកម្ពុជា ទៅទីផ្សារអន្ដរជាតិធ្លាក់ចុះ ព្រោះតម្លៃដឹកជញ្ជូនកើនចន្លោះពី៥-១០ដងឯណ្ណោះ បើធៀបនឹងរយៈពេលដែលគ្មានជំងឺកូវីដ១៩។

លោកបញ្ជាក់ថា បញ្ហាខាងលើនេះបានធ្វើឲ្យការបញ្ជារទិញមកកម្ពុជា ជួបវិបត្តិលើការដឹកជញ្ជូន ព្រោះកម្ពុជាពុំមានលទ្ធភាពរកកុងតឺន័រ ដោយសារតែតម្លៃដឹកជញ្ជូនកើនឡើងពី៥-១០ដង បើពិនិត្យមើលទីតាំង និងតម្លៃកាលពីឆ្នាំ២០១៩ ជាពិសេសទៅសហគមអឺរ៉ុប មានការកើនឡើងខ្លាំងស្ទើរតែ១០ដងឯណ្ណោះ៕