(ភ្នំពេញ)៖ ឆមាសទី១ ឆ្នាំ២០២១នេះ ប្រទេសចិនជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ ដែលបានមកវិនិយោគមកកាន់ប្រទេសកម្ពុជា ច្រើនជាងគេ គិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា ឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១% នៃការវិនិយោគសរុប»។

សម្រាប់ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន ៣.៣៦% (ប្រមាណ៩៩លានដុល្លារ) នៃការវិនិយោគសរុប, លេខ៤ ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧% (ប្រមាណ៧០លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសថៃ ឈរលេខរៀងទី៥ ចំនួន១.៧៧% (ប្រមាណ៥២លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសសិង្ហបុរី ឈរលេខរៀងទី៦ ចំនួន០.៦៨% (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប, ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧% (ប្រមាណ១៩លានដុល្លារ) នៃការវិនិយោគសរុប។ ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជា ចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប, សហរដ្ឋអាមេរិក ឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ៣លានដុល្លារ) នៃការវិនិយោគសរុប។

សូមជម្រាបថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម ចំនួន៨៧គម្រោង ដែលមានទុនវិនិយោគ សរុបចំនួន ២ ៩៦៩ ៦២៩ ៣៣៨ ដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៥០ ០២៩កន្លែង។

បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួនគម្រោងវិនិយោគ មានការថយចុះចំនួន៦៣គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងចំនួនប្រមាណ ៣១៥លានដុល្លារអាមេរិក។