(ភ្នំពេញ)៖ រយៈពេល៥ខែ ពោលគិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានសរុប ចំនួនជិត៤ពាន់លានដុល្លារ កើនឡើងជិត២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ៥ខែ ដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានចំនួន៣,៩០៧,០៥៧,៥៦៤ដុល្លារ កើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន៣,១២៣,៣៣៦,១៣៥ដុល្លារ។

ខណៈការនាំចេញទំនិញ របស់កម្ពុជា ទៅកាន់ប្រទេសចិន នៅរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ក្នុងទំហំទឹកប្រាក់សរុប ចំនួន៥៥៨,៣៥៨,៦០៣ដុល្លារ កើនឡើងជាង៥៦% និងការនាំចូលទំនិញ ពីប្រទេសចិនវិញ ក្នុងទំហំទឹកប្រាក់សរុប ចំនួន៣,៣៤៨,៦៩៨,៩១៦ដុល្លារ កើនឡើងជាង២១%។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា-ចិន បានប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង។

លោក ប៉ែន សុវិជាតិ បានបន្ថែមទៀតថា ទំនិញកម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារចិន រួមមាន៖ អង្ករ ចំណិតដំឡូងក្រៀម ស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី និងទំនិញផ្សេង ជាច្រើនមុខទៀត ខណៈទំនិញនាំចូលពីចិនមកវិញ មានដូចជា៖ គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគកែច្នៃជាដើម -ល-។

គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន សម្រេចបានសរុបចំនួន ៨,១១៨.០៧លានដុល្លារអាមេរិក ធ្លាក់ចុះ៥.២ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨,៥៦៣.៣១លានដុល្លារ។

កម្ពុជា និងចិន បានបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា និងឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ រួចហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងទៅ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន ក្រោយពីភាគីទាំងពីរ បញ្ចប់នីតិវិធីផ្ទៃក្នុងរួចរាល់។

កសិផលរបស់កម្ពុជាជាច្រើនមុខ នឹងត្រូវបាននាំចូលទៅកាន់ទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធ តាមរយៈកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា ធ្វើឲ្យផលិតផលកម្ពុជាកាន់តែច្រើន នឹងមានវត្តមានលើទីផ្សាររបស់ចិន ហើយក៏ជួយទាក់ទាញ អ្នកវិនិយោគមកកាន់កម្ពុជាផងដែរ។

ប្រទេសចិន គឺជាប្រភពធំបំផុត នៃការវិនិយោគផ្ទាល់ពីបរទេស ក៏ដូចជាភ្ញៀវទេសចរមកកាន់កម្ពុជា ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត របស់កម្ពុជាផងដែរ៕