(ភ្នំពេញ)៖​ បច្ចុប្បន្នសង្កេតឃើញថា​ ចំនួនអ្នកប្រើប្រាស់អ៊ីនធើណេត​ កំពុងតែមានទីផ្សារ​ និងពេញនិយមខ្លាំងនៅក្នុងសង្គមកម្ពុជានាពេលបច្ចប្បន្ន​ ប៉ុន្តែហាក់មិនទាន់យល់ដឹងច្បាស់លាស់នៅឡើយទេ ខណៈអ្នកប្រើប្រាស់អ៊ីនធើណេតចំនួន២៦%​ ចាប់ពីអាយុចន្លោះពី​១៥​ ទៅ​៦៥​ឆ្នាំ​ ត្រូវបានគេរកឃើញថា បានបំពាននៅតាមអនឡាញ។

លទ្ធផលនៃការស្ទង់មតិ AfterAccess នៅកម្ពុជា ត្រូវបានចេញផ្សាយដោយអង្គការស្រាវជ្រាវ ពីបច្ចេកវិទ្យាព័ត៌មានក្នុងតំបន់ ដែលមានឈ្មោះថា LIRNEAsia នៅរាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយក៏មានការចូលរួមពីវាគ្មិនក្នុងកម្មវិធីនេះរួមមាន លោកបណ្ឌិត Kan Chanmetta ជារដ្ឋលេខាធិការប្រៃសណីយ៍ និងទូរគមនាគមន៍ លោក Jonathan Yap ជាប្រធានផ្នែកគ្រប់គ្រង និងកិច្ចការសហការរបស់ក្រុមហ៊ុន Smart Axiata លោក Javier Sola ជាប្រធានផ្នែក USAID ដែលផ្ដល់ជំនួយឲ្យ SPICE នៅកម្ពុជា រួមជាមួយនិង លោក Channe Suy Lan អ្នកដឹកនាំតំបន់នៅមន្ទីរពិសោធន៍ច្នៃប្រឌិត InSTEDD នៃតំបន់អាស៊ីខាងត្បូង (iLab SEA)។

តាមរយៈរបាយការណ៍ការស្រង់មតិរបស់ AfterAccess ថ្មីៗនេះ បានឲ្យដឹងថា អ្នកប្រើប្រាស់អ៊ីនធើណេត នៅកម្ពុជា ដែលមានអាយុចាប់ពី១៥ ទៅ៦៥ឆ្នាំ ចំនួន២៦% ទទួលបានការបំពានជាទម្រង់ផ្សេងៗ តាមរយៈ​អនឡាញ។
របាយការណ៍នេះបានបង្ហាញទៀតថា ការបំពានតាមអនឡាញ ត្រូវបានធ្វើឡើងទៅលើស្ត្រីច្រើនជាង (២៩% គឺស្ត្រីដែលមានអាយុពី១៥ ទៅ៦៥ឆ្នាំ បើប្រៀបធៀប ទៅ ២៦% ដែលជាបុរស)។ ការបំពានភាគច្រើន ត្រូវបានធ្វើឡើងនៅពេលដែលពួកគាត់លេងបណ្ដាញសង្គម។ ការតាមដានដោយសំងាត់ នៅលើ អ៊ីនធើណេត ឬ Cyberstalking គឺជា ការបារម្មណ៍មួយរបស់អ្នកដែលប្រើប្រាស់បណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជា។

ការកើនឡើងនៃការប្រើប្រាស់អ៊ីនធើណេត ដែលខ្វះការយល់ដឹងនេះ បានបង្ហាញថា ទោះបីជាសព្វថ្ងៃនេះ ប្រជាជនកម្ពុជាជាច្រើនអាយុពី ១៥ដល់ ៦៥ឆ្នាំ នៅតែមិនទាន់មានការយល់ដឹងគ្រប់គ្រាន់ថា អ្វីទៅជាប្រព័ន្ធអ៊ីនធើណេតនោះទេ?​ ចំពោះកង្វះការយល់ដឹងនេះដែរ អ្នកដែលឆ្លើយសំណួរក្នុងការស្រង់មតិនេះ បានប្រាប់ឲ្យដឹងថា មូលហេតុសំខាន់ដែលពួកគាត់មិន​ ប្រើប្រាស់អ៊ីនធើណេត ពីព្រោះគាត់មិនដឹងពីវិធីប្រើប្រាស់វាទេ។ ការរកឃើញនេះ គឺជាផ្នែកមួយរបស់ AfterAccess ដែលជាការខំប្រឹងប្រែងរហូតទទួលបានរង្វាន់អន្តរជាតិ ក្នុងការប្រមូលទិន្នន័យ នៃការប្រើប្រាស់ទូរស័ព្ទដៃ ប្រព័ន្ធអ៊ីនធើណេត និងបណ្ដាញសង្គមមនានា នៅក្នុងពិភពលោកខាងត្បូង។

លោក Galpaya បានឲ្យដឹងថា «ព័ត៌មានដែលស្តីពីការប្រើប្រាស់ទូរស័ព្ទដៃ និងប្រព័ន្ធអ៊ីនធើណេត ជាព័ត៌មានដែលមិនមែនតំណាងឲ្យប្រជាជនទាំងមូលនោះទេ។ ដូច្នេះហើយ វាមិនគ្រប់គ្រាន់ឡើយសម្រាប់រាជរដ្ឋាភិបាល និង​អ្នកធ្វើការសម្រេចចិត្តដទៃទៀត។ មានតែវិធីតែមួយគត់ដើម្បីស្វែងយល់ឲ្យច្បាស់ អំពីមូលដ្ឋាន គឺត្រូវនិយាយផ្ទាល់ជាមួយអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់តែម្ដង ហើយនេះគឺជារបៀបស្រង់មតិរបស់ AfterAccess»

លោក​ Ayesha​ Zainudeen​ អ្នកគ្រប់គ្រង ការស្រាវជ្រាវជាន់ខ្ពស់នៅ LIRNEASIA បានប្រាប់ឲ្យដឹងថា «វាច្បាស់ណាស់ថា ដើម្បីឲ្យមានប្រជាជនកម្ពុជា ប្រើប្រាស់អ៊ីនធើណេតកាន់តែច្រើនទៀត យើងត្រូវបង្កើតការយល់ដឹងថា អ្វីទៅជាអ៊ីនធើណេត ហើយតើត្រូវប្រើប្រាស់វាដោយរបៀបណា ប៉ុន្តែវាមិនមានន័យថាប្រជាជន មិនយល់ដឹងសោះនោះទេ។​ អ្នកប្រើប្រាស់ទូរស័ព្ទនៅកម្ពុជា ដែលមានអាយុពី ១៥ ទៅ៦៥ឆ្នាំ ចំនួន៨៥% ប្រើប្រាស់កម្មវិធីអ្វីមួយ នៅក្នុងទូរស័ព្ទរបស់គាត់ នេះគឺជាការប្រើប្រាស់កម្មវិធីទូរស័ព្ទដែលធ្វើឡើងច្រើនជាងគេ ក្នុងបណ្ដាប្រទេសនៅទ្វីបអាស៊ី និងអាហ្វ្រិក ដែលត្រូវបានស្រប់មតិផងដែរ»