(ភ្នំពេញ)៖ មកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News បង្កើតឡើងដោយក្រុមយុវជនវ័យក្មេងមួយក្រុម បានឈរជើងលើសមរភូមិព័ត៌មាន រយៈពេល៤ឆ្នាំហើយ។ រយៈពេល៤ឆ្នាំនេះ Fresh News ទទួលបានការគាំទ្រយ៉ាងច្រើនពីមិត្តអ្នកអានជាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលអាចនិយាយបានថា ជាភាពជោគជ័យមួយក្នុងវិស័យព័ត៌មានពោរពេញដោយការប្រកួតប្រជែង ក្នុងយុគសម័យព័ត៌មានបច្ចេកវិទ្យាដ៏ទំនើបនេះ។

Fresh News បានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ជាមួយបច្ចេកវិទ្យាថ្មីសន្លាងនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានតាមបែបបច្ចេកវិទ្យាទំនើប គឺការបាញ់បញ្ជូនព័ត៌មានទៅដល់ដៃរបស់អ្នកអាន។ មានន័យថា អ្នកអានអាចទទួលបានព័ត៌មានភ្លាមៗនៅលើទូរស័ព្ទដៃទំនើប (Smart Phone) និងឧបករណ៍ទំនើបៗ ដូចជា iPad, Tablet ជាដើម ដោយគ្រាន់តែដំឡើងកម្មវិធីទទួលព័ត៌មានរបស់ Fresh News (Install Fresh News App) ។ ក្រៅពីការបាញ់បញ្ជូនទៅលើទូរស័ព្ទដៃលើកដំបូង ហើយនោះ មកដល់ពេលនេះ Fresh News បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយរបស់ខ្លួនយ៉ាងច្រើន ដើម្បីក្លាយជាជម្រើសដ៏សម្បូរបែបសម្រាប់មិត្តអ្នកអានរបស់ខ្លួន។ មានដូចជា៖ ការពង្រីកការផ្សព្វផ្សាយជាភាសាអង់គ្លេស និងភាសាចិន ដែល App ផ្សាយជាភាសាអង់គ្លេស និងភាសាចិន (Fresh News International)។

ក្រៅពីពង្រីកការផ្សាយជាភាសាអង់គ្លេស និងភាសាចិនឆ្លើយតបនឹងបរិបថនៃការវិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជាហើយនោះ Fresh News ក៏ពង្រីកការផ្សព្វផ្សាយជា ទូរទស្សន៍អនឡាញ (Fresh News TV Online) និងវិទ្យុអនឡាញ (Fresh News Radio) ព្រមទាំងបន្តតាមរយៈ Facebook ដែលមានចំនួនអ្នកតាមដាន ២.៦លាននាក់។

Fresh News ក៏បានបង្កើតគេហទំព័រកម្សាន្តសម្រាប់បម្រើអារម្មណ៍មិត្តៗយុវវ័យផងដែរ (www.khmertalking.com)។ គេហទំព័រកម្សាន្តមួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីមិត្តៗយុវវ័យ ជាមួយព័ត៌មានសម្បូរបែបពាក់ព័ន្ធព័ត៌មានសិល្បៈ ព័ត៌មានសង្គម កីឡា និងសុខភាពជាដើម។ ជាពិសេស khmertalking ក៏មានបង្កើតកម្មវិធីសម្ភាសន៍ពីជីវិតរបស់តារាល្បីៗនៅកម្ពុជាផងដែរ។

គិតត្រឹមគម្រប់ខួប៤ឆ្នាំនេះ Fresh News App បាននិងកំពុងស្ថិតនៅលើដៃរបស់អ្នកអានជាប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកជាង ១.២លាននាក់ហើយ ខណៈដែលគេហទំព័រ ព័ត៌មានរបស់ Fresh News (www.freshnewsasia.com) ក៏បាននិងកំពុងឈរនៅលំដាប់កំពូលមួយផងដែរ ក្នុងការផ្តល់ព័ត៌មាននយោបាយ សង្គម សេដ្ឋកិច្ច សន្តិសុខសង្គម និងព័ត៌មានផ្សេងៗទៀត។ «ការមិននៅទ្រឹងមួយកន្លែង, Fresh News Not Slient Keep Moving» គឺជាទិសស្លោកមួយឆ្លាក់ជាប់ក្នុងចក្ខុវិស័យរបស់ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា។

ទ្រឹស្តីពាណិជ្ជកម្មរបស់សហគ្រិនដែលគេឧស្សាហ៍និយាយក្នុងសង្គមពេលបច្ចុប្បន្ននេះគឺ «ការបង្កើតសមិទ្ធផលថ្មីមួយជារឿងងាយស្រួល តែការរក្សាសមិទ្ធផលនោះឲ្យឈរជើង យ៉ាងរឹងមាំគឺជារឿងដ៏លំបាកបំផុត»។ បើផ្អែកតាមទ្រឹស្តីនេះ ការឈរជើងដ៏រឹងមាំលើវិថីនៃប្រព័ន្ធផ្សព្វផ្សាយរបស់អង្គភាព Fresh News ដោយមានការគាំទ្រយ៉ាងខ្លាំងក្លា ពីមិត្តអ្នកអាននេះ អាចនិយាយបានថាជាជោគជ័យមួយផងដែរ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងនាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលមានវ័យទើប ៣៨ឆ្នាំ បានចាត់ទុកការឈរជើងរបស់អង្គភាពដោយទទួលបានការគាំទ្រ យ៉ាងច្រើននេះ ជាមោទនភាពមួយសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក ក៏ដូចជាអង្គភាពទាំងមូល។ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា សមិទ្ធផលជាមោទនភាពមួយនេះមិនអាចកើតមានឡើយ ប្រសិនបើគ្មានការប្រមូលផ្តុំពុទ្ធិ បញ្ញាស្មារតី និងការខិតខំអស់ពីកម្លាំងកាយចិត្តពីថ្នាក់ដឹកនាំ រហូតដល់បុគ្គលិកគ្រប់ផ្នែកទាំងនៅទីស្នាក់ការកណ្តាល និងតាមបណ្តារាជធានី-ខេត្ត។

នាយកប្រតិបត្តិវ័យក្មេង ដែលបានប្រឡូកក្នុងវិស័យព័ត៌មានជាង១០ឆ្នាំរូបនេះ បានបញ្ជាក់ថា «ដូចយើងទាំងអស់គ្នាដឹងហើយ គ្មានភាពរីកចម្រើន និងសមិទ្ធផលត្រចះត្រចង់ណា មួយអាចកើតមានឡើយ ប្រសិនបើយើងដឹកនាំដោយគ្មានចក្ខុវិស័យវែងឆ្ងាយ ហើយបើការដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ តែខ្វះការរួបរួម និងការប្រឹងប្រែងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ពីគ្រប់កោសិកានៅក្នុងស្ថាប័ន ឬអង្គភាពទេនោះ ភាពជោគជ័យ និងការលូតលាស់ ក៏មិនអាចកើតមានផងដែរ។ ខ្ញុំចង់និយាយថា អ្វីដែលអង្គភាព Fresh News បាននិងកំពុងទទួលបាននេះ គឺបានកើតចេញពីការប្រមូលផ្តុំកម្លាំងពីបុគ្គលិករបស់ខ្ញុំទាំងអស់ ហើយពួកគេបានខិតខំប្រឹងប្រែងបម្រើការងារប្រកបដោយការតាំងចិត្តខ្ពស់ ហើយស្វាហាប់ក្នុងការងារបំផុត អាចនិយាយបានថា បុគ្គលិករបស់ខ្ញុំ បានចាត់ទុកការងាររបស់ពួកគេ ដូចជាចំណីអាហារ»។ ដូចពាក្យស្លោកមួយដែលតែងតែលឺ នៅក្នុងការិយាល័យរបស់ Fresh News ថា «ពួកយើងមិនខ្លាចនឿយហត់ក្នុងការបញ្ជូនព័ត៌មានទៅកាន់ពិភពលោក»។

គេនិយាយថា មនុស្សម្នាក់ បញ្ហាមួយ ដូច្នេះបុគ្គលិកដែលមានចំនួនជាង ១០០នាក់នៅក្នុងអង្គភាព Fresh News បញ្ហាក៏មានរាប់រយផងដែរ ហើយការគ្រប់គ្រងបុគ្គលិកជាអ្នកព័ត៌មាន ដែលជាមនុស្សចូលចិត្តសេរីភាពនិយមរឹតតែលំបាកទៅទៀត។ មានសំណួរសួរថា តើ CEO វ័យក្មេងរូបនេះ មានវិធីសាស្រ្ត និងយុទ្ធសាស្រ្តពិសេសអ្វី ដើម្បីគ្រប់គ្រង់បុគ្គលិក និងដឹកនាំស្ថាប័នព័ត៌មានមួយនេះ ឲ្យបានលេចធ្លោឡើងក្នុងរយៈពេលខ្លីបែបនេះ?

លោក លឹម ជាវុត្ថា បានបញ្ជាក់ថា ភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាព័ត៌មាន និងជំនួញលើវិស័យពាណិជ្ជកម្ម វាមិនសូវជាមានឧបសគ្គឡើយ សម្រាប់រូបលោក ដែលជាអ្នកចូលចិត្ត ស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងស្វែងយល់អំពីជនល្បីៗផែ្នកជំនួញ ព្រោះការចូលចិត្តនេះហើយ ទើបធ្វើឲ្យរូបលោក និងដៃគូស្ថាបនិករបស់លោក គឺលោក គឹម ម៉េង អាចរកឃើញវិធីបញ្ជូនព័ត៌មានទៅដល់ដៃរបស់អ្នកអានមុនគេនៅកម្ពុជា។ សម្រាប់ការគ្រប់គ្រង និងដឹកនាំបុគ្គលិកវិញ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា លោកបានផ្តល់សេរីភាព ពេញលេញឲ្យបុគ្គលិកបំពេញការងារ តាមជំនាញរបស់ពួកគេ តែក៏ត្រូវតាមដានជាប់ជានិច្ចមិនអាចធ្វេសប្រហែស សូម្បីមួយវិនាទី។ ចំណុចពិសេសមួយទៀត ដែលនាំឲ្យបុគ្គលិក ធ្វើការងារប្រកបដោយភាពស្វាហាប់ គឺជាចម្បងទៅលើបញ្ហាក្រពះរបស់ពួកគេ ពោលបើជីវភាពរបស់ពួកគេលែងមានបញ្ហាហើយ ដូច្នេះពួកគេនឹងលែងចំណាយ ពេលគិតពីបញ្ហាក្រពះ និងជីវភាព ហើយក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់សម្រាប់ការងារផងដែរ។

CEO ដែលមានជីវភាពជាកូនកំព្រាទាំងឪពុក និងម្តាយតាំងពីអាយុជាង១០ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «បញ្ហាជីវភាព គឺជារឿងសំខាន់ណាស់សម្រាប់សតិអារម្មណ៍បុគ្គលិក ដូច្នេះក្រៅពីការផ្តល់ប្រាក់បៀវត្សរ៍សមរម្យ ដល់ពួកគេហើយ យើងនៅបន្ថែមប្រាក់ម៉ោងថែមទៀត ដើម្បីធានាថា ជីវភាពរបស់ពួកគេមានស្ថេរភាព។ ខ្ញុំជឿជាក់ថា គ្មានបុគ្គលណាម្នាក់ វាយបំបែកកន្លែងចិញ្ចឹមក្រពះរបស់ពួកគេនោះទេ ផ្ទុយទៅវិញពួកគេនឹងប្រឹងប្រែង ថែរក្សាឲ្យកាន់តែរឹងមាំ ដើម្បីក្រពះ និងឧត្តមភាពជីវិតរបស់ពួកគេ»។

លោក លឹម ជាវុត្ថា ក៏បានយកឱកាសប្រារព្ធខួប៤ឆ្នាំ នៃការដាក់ឲ្យដំណើរការងារ Fresh News នេះ អរគុណដល់បុគ្គលិកគ្រប់ផ្នែកទាំងនៅទីស្នាក់ការកណ្តាល និងនៅតាមបណ្តារាជធានី-ខេត្ត ដែលបានខិតខំអស់កម្លាំងចិត្ត ដើម្បីភាពរីកចម្រើន និងវឌ្ឍនភាពរបស់អង្គភាព។ លោកក៏សង្ឃឹមថា បុគ្គលិកទាំងអស់ នឹងចាត់ទុកដំបូល Fresh News ជាជម្រកជីវិត ដ៏ត្រជាក់ត្រជុំ ហើយបន្តប្រមូលផ្តុំកម្លាំងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍដំបូលជីវិតមួយនេះ ឲ្យកាន់តែរីកធំធាត់ទៅមុខថែមទៀត។

បើទោះបីយ៉ាងណា លោកនាយកប្រតិបត្តិរបស់ Fresh News ក៏មិនភ្លេចគោរពថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុននានា ដែលបានជួយឧបត្ថម្ភគាំទ្រ និងមិត្តអ្នកអានទាំងអស់ ដែលតែងផ្តល់ការជឿទុកចិត្តដល់ អង្គភាពព័ត៌មាន Fresh News ។ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា បើមានតែការខិតខំ ហើយគ្មានការគាំទ្រជឿទុកចិត្តពីម្ចាស់ក្រុមហ៊ុន និងមិត្តអានទេនោះ Fresh News មិនអាចដណ្តើមយកបានប្រជាប្រិយភាព ដ៏លេចធ្លោក្នុងវិស័យព័ត៌មានបាននោះឡើយ។

លោកនាយកប្រតិបត្តិ ក៏សូមអរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែលជានិច្ចកាលតែងសហការជួយសម្របសម្រួលផ្តល់ព័ត៌មាន ដែលជួយឲ្យអង្គភាព Fresh News តែងទទួលបានព័ត៌មាន និងដំណឹងទាន់ហេតុការណ៍យកទៅផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋជ្រាបជាដំណឹង។ Fresh News ក៏រំពឹងថា រាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំងអស់ បន្តកិច្ចសហការផ្តល់ព័ត៌មាន និងដំណឹង យកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានជ្រាប និងយល់ច្បាស់ពីសកម្មភាពក្នុងសង្គមកម្ពុជា។

លោក លឹម ជាវុត្ថា ក៏បានសូមការអធ្យាស្រ័យខ្ពស់ ចំពោះកំហុសឆ្គងអចេតនា និងមិនបានតាំងចិត្តទាំងឡាយ ដែលបានកើតមានក្នុងការផ្តល់ព័ត៌មានក្នុង រយៈពេល៤ឆ្នាំកន្លងមកនេះ។ លោក ជាវុត្ថា បានតាំងចិត្តថា នឹងខិតខំកែតម្រូវរាល់កំហុសឆ្គងអចេតនាទាំងអស់នេះ ហើយក៏នឹងខិតខំគ្រប់លទ្ធភាព និងប្រមូលផ្តុំសមត្ថភាព ដើម្បីបម្រើវិស័យព័ត៌មាន ដែលគេនិយមនិយាយថា សមរភូមិសតិអារម្មណ៍មួយនេះឲ្យកាន់តែល្អប្រសើរ។ ជាមួយការប្រារព្ធខួប៤ឆ្នាំ លោកនាយកប្រតិបត្តិការ Fresh News បានគោរពបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាចក្រវាឡទាំងមូល តាមអភិបាលប្រោសព្រំ ដល់ម្ចាស់ក្រុមហ៊ុន មិត្តអ្នកអាន និង បុគ្គលិកទាំងអស់ មានសុខភាពល្អប្រសើរ ការប្រកបរបរចិញ្ចឹមជីវិតកាន់តែរីកចម្រើន និងទទួលបានជោគជ័យ៕