(ស្វាយរៀង)៖ លោក ម៉ឹង​ សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកចន្ទ្រា ​និងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ ក្រុមការងារភូមិ ព្រមទាំងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នៅក្នងក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ លោក ម៉ឹង សំផន បានជំរុញឲ្យក្រុមការងារបន្តចុះពង្រឹងមូលដ្ឋាន ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយដល់ការលំបាកជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

នៅក្នុងពិធីសំណេះសំណាលនោះ អង្គប្រជុំក៏បានសំដែងការអបអរសាទរចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ​ដែលត្រូវបាន​ក្រុម​ប្រឹក្សាទេសចរណ៍ European Council on Tourism and Trade “ECTT” ជ្រើសរើសជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភព​លោក សម្រាប់វិស័យទេសចរណ៍ និង​គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព​ -​ Global Ambassador for Tourism and Sustainable Development Goal» ដែលនេះជាមោទនភាពជាតិយើង និងប្រវត្តិសាស្ត្រកម្ពុជាដែលទទួលបានដោយអ្នកដឹកនាំជាតិ ប្រកបដោយគតិបណ្ឌិតវាងវៃ និងចក្ខុវិស័យច្បាស់លាស់។

លោក ម៉ឹង​ សំផន​ បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសទទួលបានសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសសម្តេច បានយកចិត្តទុកដាក់ដោះស្រាយចំពោះកម្មករ-កម្មការិនី ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។

លោកបានសង្កត់ធ្ងន់ថា «យើងមានសន្តិភាព​ទើបយើងទទួលបានអត្ថប្រយោជន៍បែបនេះ។ សម្តេច​តេជោ ហ៊ុន​ សែន បានខិតខំប្រឹងប្រែងធ្វើយ៉ាងណារក្សាសន្តិភាព​ជូនប្រទេសជាតិ និង ការអភិវឌ្ឍន៍យូរអង្វែងទៅថ្ងៃអនាគត។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នា ការពារសន្តិភាព និងការពារនូវរាល់សមិទ្ធផលទាំងឡាយ ដែលបានមកពីការខិតខំដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាហើយត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍ ទៅថ្ងៃអនាគត»។​

នៅក្នុងឱកាសនោះលោក ម៉ឹង សំផន ក៏បាននាំយកនូវអំណោយជាថវិការបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់សមាជិកក្រុមការងារផងដែរ។

ក្រោយបញ្ចប់ការសំណេះសំណាល លោក ម៉ឹង សំផន បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្នុងស្រុកចន្ទ្រា និងការសាងសង់សាលាឃុំនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀងផងដែរ៕