(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា រាជបណ្ឌិត្យសភា មិនយកផែនទីក្នុង DVD ដែលប្រធានគណបក្សសង្គ្រោះជាតិ (CNRP) លោក សម រង្ស៊ី ទិញពីប្រទេសបារាំងតម្លៃ ១៦៨ដុល្លារ មកធ្វើជា គោលដើម្បីស្រាវជ្រាវឲ្យដឹងពីការពិត នៃផែនទីខ្មែរនោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរការប្រមូលឯកសារពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម នារាជបណ្ឌិត្យសភា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ លោកបណ្ឌិត សុខ ទូច បានថ្លែងថា រាជបណ្ឌិត្យសភា អាចយកផែនទីរបស់ លោក សម រង្ស៊ី ប្រធានគណកប្សសង្គ្រោះជាតិបាន ប៉ុន្តែការយកនេះ ដើម្បីធ្វើជាព័ត៌មានតែប៉ុណ្ណោះ ព្រោះថាមិនអាចយកមកផែនទីនោះធ្វើជាគោល បាននោះទេ។ នៅពេលលោក សម រង្ស៊ី យកផែនទីនោះ មកឲ្យក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភា នឹងសួរទៅគាត់ ថាតើធ្លាប់មានប្រទេសណាមួយ យកផែនទីចេញពីអាយផេត ឬកុំព្យូទ័រទេ។
លោកបណ្ឌិត សុខ ទូច បាននិយាយថា «សូមបដិសេធទាំងស្រុង ទៅលើឯកសារទាំងឡាយណា ដែលចេញពីអាយផេត ចេញពី DVD យើងមិនយកទេ ប៉ុន្តែយើងទទួលយក ដើម្បីអី? ដើម្បីសិក្សាឲ្យគ្រប់ព័ត៌មាន ប៉ុន្តែនៅពេលយកទៅអនុវត្ត នៅលើផែនដី នឹងយកជាឯកសារគោល យើងដាច់ខាត យើងនឹងមិនយកឯកសារ ចេញពីអាយផេត និងឌីវីឌី ដាច់ខាត»។
ប្រធានក្រុមអ្នកសារស្រាវជ្រាវ នៃរាជបណ្ឌិត្យសភារូបនេះបានបន្ថែមថា ចំពោះបញ្ហាដែលតំណាងរាស្ត្រគណបក្សប្រឆាំង បានដាក់សំណើតាមប្រធានរដ្ឋសភា សម្តេច ហេង សំរិន ដោយស្នើទៅរាជរដ្ឋាភិបាល ផ្អាកបោះបង្គោលព្រំដែនជាមួយវៀតណាម រហូតឆ្នាំ២០១៧-២០១៨នោះ រាជបណ្ឌិត្យសភាមិនគាំទ្រទេ។
ការមិនគាំទ្រនោះ ត្រូវបានលោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា តើគណបក្សប្រឆាំងស្នើនេះ ដើម្បីទុកបញ្ហាបោះបង្គោលព្រំដែន សម្រាប់ធ្វើការឃោសនារកប្រជាប្រិយភាព នៅពេលបោះឆ្នោតខាងមុខមែនទេ? បើមែនសូមកុំធ្វើយ៉ាងនេះអី ព្រោះថា បញ្ហាដែលគណបក្សសង្គ្រោះជាតិ ចង់ឃោសនារកប្រជាប្រិយភាពនោះ នៅមានច្រើន ដូចជាបញ្ហាអប់រំ, សុខាភិបាល និងសេដ្ឋកិច្ចជាដើម ដូច្នេះ បក្សប្រឆាំងគួរតែយកបញ្ហាព្រំដែននេះ មកធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍ជាតិវិញ។
បើតាមការបញ្ជាក់ថា របស់លោកបណ្ឌិត សុខ ទូត បានលើកឡើងថា រហូតមកដល់ពេលនេះ រាជបណ្ឌិត្យសភា បានទទួលឯកសារ ផែនទីពីខាងរាជរដ្ឋាភិបាលកម្ពុជា, ទទួលឯកសារពីលោក ស៊ាន ប៉េងសែ អតីតប្រធានគណៈកម្មាធិការរៀបចំកិច្ចការព្រំដែនកម្ពុជា និងឯកសារជាច្រើនទៀត ប៉ុន្តែ មិនទាន់បានទទួលឯកសារផែនទីពីខាង លោក សម រង្ស៊ី ទិញពីបារាំង និងផែនទីពីអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចទាំងបី ដែលសម្តេចតេជោ ហ៊ុន សែន បានខ្ចីតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា រាជបណ្ឌិត្យសភា ដែលដឹកនាំដោយលោកបណ្ឌិត សុខ ទូច កំពុងតែធ្វើការស្រាវជ្រាវពីផែនទីពិត និងចំណុចព្រំដែនពិតរបស់កម្ពុជា ជាមួយប្រទេសជិតខាង ដែលការស្រាវជ្រាវនោះ ត្រូវការឯកសារទាំងអស់ពីភាគីពាក់ព័ន្ធ មានអង្គការសហប្រជាជាតិជាដើម៕