(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានថ្លែងនូវការស្វាគមន៍ចំពោះលោក យូ ហុកគ្រី ដែលត្រូវបានរដ្ឋសភានៃកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានទី១ នៃរដ្ឋសភា។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋសភានៃកម្ពុជា បានបើកកិច្ចប្រជុំពេញអង្គ និងបានបោះឆ្នោតគាំទ្រឱ្យ លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា ដោយសំឡេងគាំទ្រចំនួន១១២សំឡេង ខណៈមិនគាំទ្រ២សំឡេង និងអនុបវាទ (អត់យកជាការ) ២សំឡេង) ក្នុងចំណោមសមាជិករដ្ឋសភាចូលរួមចំនួន១១៦រូប។

ជាមួយនឹងការបង្ហាញវត្តមាន អនុប្រធានទី១ថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន Comment នៅលើ Facebook ផ្លូវការរបស់សម្តេចថា «ខ្ញុំសូមស្វាគមន៍ ឯកឧត្តម យូ ហុកគ្រី ដែលបានរដ្ឋសភាបោះឆ្នោត ជ្រើសតាំងជាអនុប្រធានទី១ នៃរដ្ឋសភាជាតិថ្ងៃនេះ»

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នៅព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាងរាស្រ្តចំនួន១១៦រូប មកពីគណបក្សចំនួន៤ចូលរួម។

ក្រោយពេលបោះឆ្នោតគាំទ្រ ដើម្បីឱ្យកាន់តំណែងនេះ លោក យូ ហុកគ្រី ត្រូវបានអនុញ្ញាតឱ្យអង្គុយនូវកៅអីអនុប្រធានទី១ នៃរដ្ឋសភា ដែលជាអតីតកៅអ៊ីរបស់ លោក កឹម សុខា ហើយឡើងថ្លែងសុន្ទរកថាមួយចំនួនផងដែរ៕