(កែប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវយន្តការគន្លឹះគាំទ្រដល់យុទ្ធនាការ ភោជនីយដ្ឋានស្អាត ជាភោជនីយដ្ឋានគ្មានសំរាមក្រដាស ដោយបានប្រកាសដាក់អនុវត្តនូវក្រមប្រតិបត្តិភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត អមជាមួយបទដ្ឋានគតិយុត្តមួយចំនួន របស់ក្រសួងទេសចរណ៍ផងដែរ។

ការដាក់ចេញក្រមនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយអំពីស្ដង់ដារអាស៊ានក្នុងឧស្សាហកម្មទេសចរណ៍ និងការប្រគល់បណ្ណសរសើរលិខិតសរសើរ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ខេត្តកែប និងខេត្តកំពត សម្រាប់អបអរពិធីបុណ្យសមុទ្រលើកទី៦ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ»។

ក្នុងឱកាសនោះ លោក ថោង ខុន ក៏បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖

ទី១៖ ត្រូវខិតខំបង្កើនលទ្ធភាពផ្គត់ផ្គង់សេវាកម្មទេសចរណ៍ ឲ្យបានកាន់តែសម្បូរថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។

ទី២៖ ត្រូវពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដោយជំរុញឱ្យប្រតិបត្តិករទេសចរណ៍អនុវត្តបានខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីទេសចរណ៍។

ទី៣៖ ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយធ្វើឱ្យអាជីវកម្មទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ផងដែរ ចំពោះគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានល្អស្អាត មានអនាម័យ ប្រកបដោយសុវត្ថិភាពជូនភ្ញៀវទេសចរ ស្របតាមយុទ្ធនាការស្ដង់ដាមួយ សេវាមួយ។

ទី៤៖ ត្រូវបន្តរួមគ្នាពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍ ឲ្យស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។

បន្ថែមលើនេះ លោក ថោង ខុន ក៏បានណែនាំឱ្យមន្ត្រីជំនាញអនុវត្តយន្តការគន្លឹះចំនួន០២ ដើម្បីទទួលបានលទ្ធផលជោគជ័យ នូវយុទ្ធការភោជនីយដ្ឋានស្អាត ជាភោជនីយដ្ឋានគ្មានក្រដាស។ ១).អនុវត្តឱ្យបានខ្ជាប់ខ្ជួនក្រមប្រតិបត្តិ សម្រាប់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ និង ២).ចូលរួមអនុវត្តនូវសារាចរណែនាំស្ដីពីការគ្រប់គ្រងភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ និងប្រកាសរួមស្ដីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្ដីពីទេសចរណ៍។ ក្នុងនោះលោករដ្ឋមន្ត្រី បានប្រកាសឱ្យដាក់អនុវត្តក្រមប្រតិបត្តិភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ស្អាត អមជាមួយការបង្កើតកូនសៀវភៅ Green Passport សម្រាប់ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ស្អាត។

សូមជម្រាបថា ក្នុងឆ្នាំ២០១៦ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៣,៦៨៧,៧៤០នាក់ ក្នុងអត្រាកំណើន ២២% ក្នុងនោះខេត្តកែបទទួលបានភ្ញៀវទេសចរជាតិចំនួន ៥១៦,៤៤២នាក់ និងអន្តរជាតិចំនួន ៥៣,៧៣៣នាក់ រីឯខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិចំនួន ៧១៧,១៧៨នាក់ និងអន្តរជាតិចំនួន ១៥៦,៥៩៦នាក់។ ដោយឡែក ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ ខេត្តកែបទទួលបានភ្ញៀវទេសចរជាតិចំនួន ៨២៩,៨៨៣នាក់ និងអន្តរជាតិចំនួន ៣៧,៦៤៤នាក់ និងខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិចំនួន ១,០៥១,៩៦៣នាក់ និងអន្តរជាតិចំនួន ១២៥,៣៧០នាក់។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក កែន សត្ថា អភិបាលខេត្តកែប និងលោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ ប្រតិបត្តិករទេសចរណ៍ យុវជន និងនិស្សិតប្រមាណ ៤០០នាក់។

ជាមួយនឹងពិធីផ្សព្វផ្សាយស្ដង់ដារអាស៊ានក្នុងឧស្សាហកម្មទេសចរណ៍ខាងលើ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានផ្តល់កិត្តិយសចែកជូននូវបណ្ណសរសើរលិខិតសរសើរ ដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តកំពត ចំនួន ៣៧មូលដ្ឋានអាជីវកម្ម និងខេត្តកែប ចំនួន ៣៨មូលដ្ឋានអាជីវកម្ម ដែលមានស្នាដៃល្អក្នុងការចូលរួមពង្រឹងគុណភាពសេវាកម្ម និងបង្កើនទំនុកចិត្តជូនភ្ញៀវទេសចរ៕