(កំពង់ធំ)៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកកិច្ចប្រជុំជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងការបង្កើតអង្គភាពច្រកចេញ ចូលតែមួយ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ ក្រោមអធីបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ។

លោក សុខ លូ បានថ្លែងថា ការបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ដែលមានរយៈពេលខ្លី ច្បាស់លាស់ អាចជឿទុកចិត្តបាន នៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ជូនប្រជាពលរដ្ឋ ដែលជាយន្តការដ៍មានប្រសិទ្ធភាពមួយ សម្រាប់ប្រមូលផ្តុំការផ្តល់សេវារដ្ឋបាល លើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលា ស្របទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក សុខ លូ បានបន្តថា សេវារដ្ឋបាល ដែលអង្គភាពច្រកចេញចូលតែមួយផ្តល់ជូនប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងវិស័យមួយចំនួនដូចជា៖ ទី១៖ ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) ទី២៖ ការងាររដ្ឋបាល ទី៣៖ វិស័យសុខាភិបាល ទី៤៖ វិស័យទេសចរណ៍ ទី៥៖ វិស័យសាធារណៈការ និងដឹកជញ្ជូន ទី៦៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ទី៧៖ វិស័យព័ត៌មាន ទី៨៖ វិស័យបរិស្ថាន ទី៩៖ វិស័យឧស្សាហកម្ម និងសិប្បកម្ម ទី១០៖ វិស័យរ៉ែ និងថាមពល ទី១១៖ វិស័យពាណិជ្ជកម្ម ទី១២៖ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទី១៣៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទី១៤៖ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នឹងចាប់ដំណើរការអនុវត្តនៅដើមខែមករា ឆ្នាំ២០១៨ខាង មុខនេះដូច្នេះ សូមលោកប្រធានមន្ទីរអង្គភាពទំាងអស់ ត្រូវយកចិត្តទុកដាក់ និងរៀបចំចាត់តំាងមន្ត្រីដើម្បីទទួលបន្ទុកការងារនេះ ឲ្យមកបម្រើការងារ នៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ឲ្យបានដំណើរការល្អ ប្រកបដោយការទទួលខុសត្រូវ និងមានសមត្ថភាពធ្វើការងារ ក្នុងការផ្តល់សេវាសាធារណៈ គឺត្រូវធ្វើតាមការណែនាំតាមប្រកាសអន្តរក្រសួងដែលបានកំណត់អំពីតម្លៃសេវា ទំាងអស់ ក្នុងនោះមិនអាចនណាម្នាក់ កំណត់អំពីតម្លៃសេវានេះដោយខ្លួនឯងបានទេ៕