(ម៉ូស្គូ)៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបចំនួន០៩ ត្រូវចុះឈ្មោះក្នុងបញ្ជីខ្មៅជា «ភ្នាក់ងារបរទេស» ដោយសារតែបានប្រព្រឹត្តល្មើសច្បាប់ស្តីពីវិស័យសារព័ត៌មានក្នុងប្រទេសរុស្ស៊ី។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗជុំវិញការចុះបញ្ជីជាភ្នាក់ងារបរទេស៖

* ក្រុមហ៊ុន និងអង្គភាពប្រព័ន្ធផ្សាយទាំង០៩ ដែលត្រូវចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារបរទេស

១៖ សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA)
២៖ វិទ្យុអឺរ៉ុបសេរី និងវិទ្យុសេរីភាព (RFE/RL)
៣៖ វិទ្យុ Radio Azatliq សាខាប្រទេសរុស្ស៊ី
៤៖ វែបសាយ Kavkaz.Realii
៥៖ វែបសាយ Krym Realii
៦៖ វែបសាយ Sibir Realii
៧៖ ប៉ុស្តិ៍ទូរទស្សន៍ Current Time TV
៨៖ វែបសាយ factograph.info (បណ្តាញវិទ្យុ RFE/RL)
៩៖ គំរោងផ្សព្វផ្សាយ IdelRealii project (បណ្តាញវិទ្យុ RFE/RL)

* មូលហេតុ៖

ការដាក់ភ្នាក់ងារសារព័ត៌មានទាំង៩ ក្នុងបញ្ជីខ្មៅជា «ភ្នាក់ងារបរទេស» ត្រូវបានធ្វើឡើងដើម្បីឆ្លើយតប នឹងនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិកដែលទាមទារឱ្យ ភ្នាក់ងារសារព័ត៌មាន RT ដែលកាលពីមុនត្រូវបានស្គាល់ថា ជាសារព័ត៌មាន Russia Today (រុស្ស៊ីថ្ងៃនេះ) ឱ្យចុះក្នុងបញ្ជីជាភ្នាក់ងារបរទេសអាមេរិក ឱ្យបានមុនថ្ងៃទី១៣ ខែវិច្ឆិកា ក្រោមច្បាប់ឆ្នាំ១៩៣៨ ដោយចោទថា ភ្នាក់ងារសារព័ត៌មានមួយនេះ បានលូកដៃក្នុងកិច្ចការសហរដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះអាជ្ញាធរអាមេរិកថែមទាំងបានគំរាមបង្កក់ទ្រព្យសម្បត្តិរបស់ភ្នាក់ងារ RT America នេះថែមទៀតផង។ ហេតុផលមួយទៀតដោយសាររុស្ស៊ី ខឹងសហរដ្ឋអាមេរិក ដែលចោទថា ខ្លួនបានលូកដៃក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦។ ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ី បានបដិសេធជាដាច់ខាត ចំពោះការចោទប្រកាន់នេះ។

* ច្បាប់ «ភ្នាក់ងារបរទេស» ក្នុងប្រទេសរុស្ស៊ី

ច្បាប់ «ភ្នាក់ងារបរទេស» ជាច្បាប់ដែលទាមទារឱ្យអង្គភាពមិនស្វែងរកប្រាក់ចំណូល ហើយទទួលបានការឧបត្ថម្ភពីបរទេស និងមានពាក់ព័ន្ធនឹងសកម្មភាព នយោបាយ ត្រូវចុះឈ្មោះក្នុងបញ្ជីប្រកាសថា ខ្លួនជា «ភ្នាក់ងារបរទេស»។ រាល់អង្គភាពសារព័ត៌មាន នឹងត្រូវចាត់ទុកជាភ្នាក់ងារបរទេសប្រសិនបើ «អង្គភាពនោះ ទទួលបានមូលនិធិ ឬរាល់ទ្រព្យសម្បត្តិណាមួយពីបរទេស ពីអង្គការរដ្ឋាភិបាលបរទេស ពីអង្គការបរទេស ឬពីសំណាក់ប្រជាពលរដ្ឋបរទេស»។ សូមជម្រាបថា ភ្នាក់ងារព័ត៌មាន សម្លេងសហរដ្ឋអាមេរិក VOA និងវិទ្យុអឺរ៉ុបសេរី រួមជាមួយវិទ្យុសេរីភាព ទទួលបានមូលនីធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

បណ្តាអង្គភាពទាំងអស់ដែលស្ថិតក្នុងចំណោមការកំណត់ខាងលើ ត្រូវតែបញ្ជូនរបាយការណ៍ស្តីពីមូលនីធិ និងសកម្មភាពរបស់ខ្លួន បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខចំពោះមុខច្បាប់។ នៅក្នុងប្រទេស រុស្ស៊ី ក៏មានច្បាប់ស្រដៀងគ្នានេះផងដែរ ដែលត្រូវបានបង្កើតរួចទៅហើយ ដោយដាក់គោលដៅទៅលើក្រុមមនុស្សធម៌ និងពួកសង្គមស៊ីវិល។

អង្គភាពដែលមានជាប់ឈ្មោះក្នុងបញ្ជីនេះ មិនត្រូវបានអនុញ្ញាតឲ្យចូលទៅយកព័ត៌មាន នៅក្នុងរដ្ឋសភាជាតិ និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដែលជាសភាទាំងពីរជាន់ ថ្នាក់របស់ប្រទេសរុស្ស៊ីនោះឡើយ។ ដោយឡែកសារព័ត៌មាន ដែលមិនជាប់ឈ្មោះនៅក្នុងបញ្ជីខាងលើនេះ គឺអាចប្រតិបត្តិការទៅតាមទម្លាប់ជាធម្មតា។

ការសម្រេចចុះភ្នាក់ងារព័ត៌មានទាំង៩ ក្នុងបញ្ជីខ្មៅត្រូវបានធ្វើឡើងជាបន្ទាន់ ពីសំណាក់សភាទាំងពីររបស់រុស្ស៊ីកាលពីខែមុន ហើយត្រូវបានចុះហត្ថលេខាសម្រេច ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ។ ការចុះបញ្ជីនេះអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងម៉ូស្គូ បង្ខំឱ្យសារព័ត៌មាន បរទេសបញ្ជាក់ថា ព័ត៌មានដែលគេផ្សព្វផ្សាយនៅប្រទេសរុស្ស៊ី ជាការងារក្នុងនាមជា «ភ្នាក់ងារបរទេស»។

រដ្ឋាភិបាលក្រុង ម៉ូស្គូ អាចនឹងធ្វើការពិចារណាទាក់ទងនឹងសេចក្តីសម្រេចនេះជាថ្មី ប្រសិនបើរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន បញ្ឈប់ការរឹតបន្តឹងលើសារព័ត៌មានរុស្សី។ ពាក្យថា «ភ្នាក់ងារបរទេស» ហាក់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងពាក្យថា «ចារកម្ម» នៅក្នុងសម័យសង្គ្រាមត្រជាក់។

ច្បាប់នេះត្រូវរងការរិះគន់ជាខ្លាំងមិនថា ពីសំណាក់ក្នុងប្រទេស រុស្ស៊ីផ្ទាល់ និងលើឆាកអន្តរជាតិ ថាជាច្បាប់ដែលបំពានសិទ្ធមនុស្ស និងត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងក្រុមប្រឆាំង។

* ការផាកពិន័យ៖

សមាជិកសភាជាន់ខ្ពស់រុស្ស៊ី បានធ្វើសេចក្តីព្រាងច្បាប់ ទាក់ទងនឹងការផាកពិន័យ និងការចាប់ខ្លួនអ្នកដែលបំពានច្បាប់ថ្មីនេះ ដោយទាមទារឱ្យរាល់សារព័ត៌មានបរទេស ត្រូវចុះឈ្មោះក្នុងបញ្ជី «ភ្នាក់ងារបរទេស» និងបង្ហាញពីសកម្មភាពរបស់ខ្លួន។

សេចក្តីព្រាងច្បាប់ ដែលរៀបចំឡើងដោយប្រធានគណកម្មាធិការនិតិបញ្ញត្តិសភាជាន់ទាប លោក Pavel Krasheninnikov ដោយបានប្រកាសថា រាល់ការបំពានច្បាប់ភ្នាក់ងារបរទេស ក្នុងវិស័យសារព័ត៌មាន ចាំបាច់ត្រូវតែផាកវិន័យ១០,០០០ Rubles (លុយរុស្ស៊ីស្មើនឹង១៧០ដុល្លារ) សម្រាប់ប្រជាពលរដ្ឋសាមញ្ញ ត្រូវផាកពិន័យ៥០,០០០Rubles(៨៦០ដុល្លារ) ដោយឡែកសម្រាប់បុគ្គលក្នុងដំណែងរដ្ឋមន្ត្រី នឹងត្រូវផាកពិន័យរហូតដល់ ៥០០,០០០ Rubles(៨,៦០០ដុល្លារ) សម្រាប់អង្គភាពស្របច្បាប់ណាមួយ។

ចំពោះករណីបំពានច្បាប់ជាថ្មីម្តងទៀត ការផាកពិន័យនឹងកើនដល់៥០,០០០​ Rubles, ១០០,០០០ Rubles និងមួយលាន Rubles។ ប្រសិនបើការបំពានច្បាប់ជាថ្មី ធ្វើឡើងក្នុងអំឡុងពេលមួយឆ្នាំបន្ទាប់ពីការបំពានលើកទីមួយ ច្បាប់នេះនឹងធ្វើការផាកពិន័យ១០០,០០០Rubles សម្រាប់ប្រជាពលរដ្ឋសាមញ្ញ ឬឃុំខ្លួនរយៈពេល១៥ថ្ងៃ។ សម្រាប់មន្ត្រីនឹងត្រូវចំណាយដល់២០០,០០០Rubles ដោយឡែកសម្រាប់អង្គភាពវិញ នឹងត្រូវផាកពិន័យរហូតដល់៥លានRubles។

លោក Kransheninnikov ប្រាប់ភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃពុធនេះដោយលោករំពឹងថា សភាជាន់ទាបនឹងសម្រេចយល់ព្រមទៅលើច្បាប់ថ្មីនេះនៅពេលត្រួតពិនិត្យលើកដំបូង ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០១៨។ លោកបញ្ជាក់ផងដែរថា ចំនួននៃការផាកពិន័យអាចនឹងត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីអង្គនីតិបញ្ញត្តិធ្វើការវិភាគទៅលើច្បាប់ស្រដៀងគ្នានេះ ក្នុងប្រទេសដទៃ។
គួរបញ្ជាក់ថា ភាគច្រើននៃអង្គភាពដែលបានជាប់ឈ្មោះក្នុងបញ្ជីខ្មៅ គឺជាក្រុមហ៊ុន និងសារព័ត៌មានរបស់អាមេរិក ដែលធ្វើប្រតិបត្តិការញុះញ៉ុងរដ្ឋាភិបាលរុស្ស៊ី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺបណ្តាញព័ត៌មាន CNN និងសារព័ត៌មានរបស់អាមេរិកមួយចំនួន ដែលត្រូវបានគេដឹងថា មានទំនោរិះគន់រដ្ឋាភិបាល លោក ដូណាល់ ត្រាំ មិនមានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរុស្ស៊ីនោះឡើយ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា