(បាត់ដំបង)៖ ប្រជាពលរដ្ឋជាង៥០០គ្រួសារ នៅ​ឃុំកំពង់ព្រះ ស្រុកសង្កែបាននិយាយថា ពេលត្រូវការអ្នកជួយដោះស្រាយបញ្ហាឃើញ មានតែថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានចុះជួយពួកគាត់គ្រប់យ៉ាងរហូត ឯបក្សប្រឆាំងបាត់ការសន្យា៥០ម៉ឺនដុល្លារ សម្រាប់ចុះជួយ​ និងកសាងអ្វីជូនរាស្រ្តនោះឡើយ។

ជាក់ស្ដែងវេទិកាសំណេះសំណាលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ក្នុងបរិវេណវត្តបញ្ញា ស្ថិតក្នុងភូមិបញ្ញាឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ បានថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ ជាម្ចាស់ឆ្នោតថា​រយៈពេលកន្លងមកថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងមិនបានធ្វើអ្វី​ជូនបងប្អូន ក្រៅពីចេះបោកប្រាស់សន្យាខ្យល់ ញុះញង់ប្រជាពលរដ្ឋឲ្យស្អប់ និងបង្រៀនឲ្យចេះដើម្បីប្រឆាំងរាជរដ្ឋាភិបាល ប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា កន្លងមកបងប្អូន​​កំពុងតែចាញ់បក្សប្រឆាំងតាមរយៈការសន្យានានាថា បើបក្សគេជាប់ឆ្នោតគេនឹងសម្រេចជូនលុយចាស់ៗមួយខែ៤ម៉ឺនរៀល ជួយលុបបំណុលប្រជាពលរដ្ឋណា ដែលជំពាក់លុយមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់មិនឲ្យសង និងគេមានលុយ៥០ម៉ឺនដុល្លារសម្រាប់ជួយអភិវឌ្ឍ​ឃុំសង្កាត់ តែការពិត​បក្សប្រឆាំងពិតជាបោកប្រាស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋមួយចំនួនពិតជាចាញ់បោកបក្សប្រឆាំងពិតប្រាកដមែន​។

ក្នុងឱកាសវេទិកានោះដែរ ប្រជាពលរដ្ឋមួយចំនួនបានឡើងសំណូមពរដល់ ប្រធានក្រុមការងារ ជាអ្នកតំណាងរាស្រ្តផងនោះ ដើម្បីឲ្យជួយដោះស្រាយកង្វល់ និងខ្វះខាត ដូចជាសុំជីកប្រឡាយ សុំដីធ្វើផ្លូវថ្នល់ក្នុងភូមិនានាក្នុងឃុំ ស្តាប្រឡាយ សុំសាលារៀន១ខ្នង ជាដើម។

លោកតំណាងរាស្រ្ត បានបញ្ជាក់ទៀតថា រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋនាថ្ងៃនេះ លោកបានធ្វើការដោះស្រាយតាមសំណូមពរ ទាំងនោះបាន តែថារាល់សំណូមពរខ្លះ រងចាំផុតរដូវភ្លៀងសិនបានធ្វើបាន​សំណូមពរខ្លះទៀត ដូចជាតិចតួចពេកហើយ ដូច្នេះអ្នកតំណាលរាស្រ្តសម្រេចផ្តល់ដីច្រើនលើស ពីការសុំតាមសំណូមពររបស់បងប្អូនទៅទៀត គឺដីចំនួន២០០ឡានធំ ដូចឃុំដ៏ទៃដែរ​សម្រាប់ចាក់ធ្វើផ្លូវថ្នល់តាមភូមិនានាក្នុងឃុំផងដែរ។

​ប្រជាពលរដ្ឋមួយចំនួនបាននិយាយថា ពួកគាត់តែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​រហូតមក តែមានអ្នកខ្លះទៀត ក៏បានសារភាពថា ខ្លួនបានបោះឆ្នោតឲ្យទៅបក្សប្រឆាំង ដោយសារតែជឿតាមការឃោសនារបស់សកម្មបក្សប្រឆាំងពេក តែពេលនេះពួកគាត់សូមប្តេជ្ញាចិត្តថា គាត់លែងជឿបក្សប្រឆាំងទៀតហើយ ព្រោះគេបានត្រឹមតែសន្យាកុហកបោកប្រាស់ ប្រជារាស្រ្តប៉ុណ្ណោះ ជាក់ស្តែងមានតែគណបក្សប្រជាជនកម្ពុជា ទេធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា បានកសាងនិងអភិវឌ្ឍន៍ភូមិ​ឃុំរហូតមក។

បន្ទាប់មកលោកប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា អ្នកទើបមានអាយុគ្រប់១៨ឆ្នាំឡើង ត្រូវនាំគ្នាទៅចុះឈ្មោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីមានឱកាសទៅបោះឆ្នោតជូនគណបក្សប្រជាជន ទទួលបានជ័យជម្នះ ទើបមានឱកាសបន្តកសាង និងអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ឲ្យកាន់តែរីកចម្រើនកាន់តែប្រសើរជាងមុនតទៅ។ បន្ទាប់ពីសំណេះសំណាលចប់ លោកប្រធានចែកជូនសារ៉ុង ដល់អ្នកចូលរួមទាំងជាង៥០០នាក់ ដោយម្នាក់ៗទទួលបានសារ៉ុងមួយផងដែរ៕