(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប។

សណ្ឋាគារសុខាសៀមរាប ជាសណ្ឋាគារដ៏ប្រណីតស្ថិតនៅក្នុងក្រុងសៀមរាប ដែលត្រូវបានសាងសង់ឡើងនៅលើដីជាច្រើនហិកតា។ វត្តមានសណ្ឋាគារនេះ គឺបានរួមចំណែកផ្តល់សេវាដល់ភ្ញៀវទេសចរកាន់តែប្រសើរបន្ថែមទៀត ខណៈដែលខេត្តសៀមរាបកំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជានោះ។

សណ្ឋាគារសុខាសៀមរាប ដែលដាក់សម្ពោធស្អែកនេះ ជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានចំនួនបន្ទប់សរុប១២៣៦បន្ទប់ មានបុគ្គលិកបំរើការងារសរុប ចំនួន៦២៨នាក់ និងមានភោជនីយដ្ឋានក្នុងសណ្ឋាគារចំនួន០២។ មានទីតាំងសេវាកម្មម៉ាស្សា និងស្ប៉ា ចំនួន០២កន្លែង មានសាលសន្និសីទធំមួយ ដែលអាចផ្ទុកចំណុះជាង៣០០០នាក់។

ខេត្តសៀមរាប ជាទីកន្លែងទេសចរណ៍ប្រាង្គប្រាសាទ ប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ទាក់ទាញសម្រាប់កម្ពុជា។ របាយការណ៍ បានបង្ហាញថា រយៈពេល ៧ខែឆ្នាំ២០១៧នេះ ភ្ញៀវទេសចរចូលមកលេងកម្សាន្តក្នុងខេត្តសៀមរាប មានជិត ៤លាននាក់ កើនប្រមាណ ១១.៩៤ភាគរយ បើធៀបឆ្នាំ២០១៦។ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ២លាននាក់ កើន ៣.៧៨ភាគរយ ខណៈភ្ញៀវជាតិមានជិត ៣លាននាក់ ថយចុះ ១.៧០ភាគរយ។

ខេត្តសៀមរាប មានសណ្ឋាគារ ១៩៩កន្លែង ស្មើនិង ១២,៧៨៩បន្ទប់ ក្នុងនោះវិនិយោគដោយជនបរទេសមាន ៣២សណ្ឋាគារ។ សណ្ឋាគារផ្កាយ៥ មានចំនួន១៥, សណ្ឋាគារផ្កាយ៤ មានចំនួន២៤, សណ្ឋាគារផ្កាយ៣ មានចំនួន៦, សណ្ឋាគារផ្កាយ២ មានចំនួន០១ និងសណ្ឋាគារបៃតង មានចំនួន២២។

ខេត្តសៀមរាប មានអាផាតម៉ិន ចំនួន៩កន្លែង ស្មើនឹង ៤០៤បន្ទប់ និងមានផ្ទះសំណាក់វិញ មានចំនួន ៣០៧កន្លែង ស្មើនឹង ៤,៥៤៣បន្ទប់ ក្នុងនោះវិនិយោគដោយជនបរទេសមានចំនួន ៦០កន្លែង។ ទាំងសណ្ឋាគារ និងផ្ទះសំណាក់ មានបុគ្គលិកបម្រើការសរុបជាង ២ម៉ឺននាក់។

របាយការណ៍បានបង្ហាញដែរថា ក្នុងខេត្តសៀមរាបនេះ មានភោជនីយដ្ឋាន ១៨១កន្លែង, កន្លែងម៉ាស្សាចំនួន ៥៤កន្លែង, ខារ៉ាអូខេចំនួន ១៨កន្លែង និងឌីស្កូតែតចំនួន ៣កន្លែង។ សេវាកម្មទាំងអស់នេះ មានបុគ្គលិកបម្រើសេវាជិត ៦ពាន់នាក់៕