(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៩៖០០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានទៅដល់ ទីតាំងខ្លោងទ្វារនៃ រមនីយដ្ឋានឋានសួគ៌បូកគោ នៅខេត្តកំពត ដើម្បីដកស្លាកឈ្មោះថ្មី ដែលក្រុមហ៊ុនសុខាផ្លាស់ប្តូរ ដោយគ្មានការអនុញ្ញាត ហើយធ្វើឱ្យបាត់អត្តសញ្ញាណដើមរបស់ប្រវត្តិសាស្រ្ត។

ការចុះទៅធ្វើប្រតិបត្តិការដកស្លាកឈ្មោះថ្មីរបស់ រមណីយដ្ឋានឋានសួគ៌បូកគោនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបង្គាប់ឱ្យអភិបាលខេត្តកំពត ទៅដកស្លាកថ្មីរបស់រមនីយ៍ដ្ឋាន ឋានសួគ៌បូកគោ ដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះជាបន្ទាន់ ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារឲ្យអភិបាលខេត្តកំពត ទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សា ឈ្មោះដើមជាដាច់ខាត»។

សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុនសុខា សម្រេចផ្លាស់ប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។ នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន។ ប៉ុន្តែក្នុងសេចក្តីជូនដំណឹងនោះ ក្រុមហ៊ុនមិនបានបង្ហាញពីមូលហេតុ នៃការផ្លាស់ប្តូរឈ្មោះនេះឡើយ។

រមណីយដ្ឋានភ្នំបូកគោ គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងល្បាញល្បីនៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃខេត្តកំពត។ រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះ មានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើន ដូចជាទឹកជ្រោះ​ពពក​វិល, ថ្ម​មុខ​យក្ស​ ឬអ្នកថែរក្សាព្រៃ, បឹង​លើ​ភ្នំ, វត្ត​សំពៅ​ប្រាំ, ព្រះវិហារ​កាតូលិក​ចាស់, ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់), ដំណាក់​ស្លា​ខ្មៅ, ដំណាក់​ព្រះបាទ​មុនីវង្ស ឬ​ដំណាក់​ស្តេច, វាលស្រែ៥០០ និងកន្លែង​សមាធិ។ ក្រុមហ៊ុនសុខា ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងឆ្នាំ២០០៨៕