(ព្រះសីហនុ)៖ រថយន្ដទេសចរណ៍២គ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នាបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ​លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​​លេខ​១៣១-១៣២ ក្នុង​ភូមិ​សមេ្តចតា​ ឃុំចំការហ្លួង​ ស្រុកកំពង់សិលា។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដសាំងយ៉ុង ពាក់ស្លាកលេខកំពង់ស្ពឺ​​2A-2506 មាន​ទិសដៅ​​ពី​ខេត្ត​ព្រះសីហនុ ​ទៅភំ្នពេញ លុះដល់ចំណុចកើតហេតុបានរេចង្កួត ចូលទៅខាងឆ្វេង​ចំណែក​ផ្លូវ​ម្ខាងទៀត​ ​​បាន​បុកចំពីមុខរថយន្តម៉ាកកាំម៉ារី ​​ពាក់​ស្លាក​លេខ​ភំ្នពេញ​​2D-4002​តែម្ដង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដកាំម៉ារី ៤នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះទី១​៖ឈ្មោះ​ សំរិទ្ធ​ សុភី​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​ ជាអ្នក​បើក​បរ​រថយន្ត​, ទី២៖ឈ្មោះ​ សឿន​ សុភ័ក្រ​នី​ ភេទស្រី​ អាយុ​​៣៦ឆ្នាំ​​ មុខរបរ​​គ្រូបង្រៀន​ របួសធ្ងន់,​ ទី៣៖ឈ្មោះ​ សំរិទ្ធ​ សុធារី​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ របួសធ្ងន់ និងទី៤៖ឈ្មោះ​ សំរិទ្ធ​ សុភី​ ភេទស្រី​ អាយុ​​១៣ឆ្នាំ​ ​​របួសធ្ងន់​ អ្នក​ទាំងអស់​នោះ មានទីលំនៅ​ភូមិ​​កណ្ដាល​ ក្រុង​កំពង់​ឆ្នាំង​ ខេត្ត​កំពង់​ឆ្នាំង។ ដោយឡែកអ្នក​បើក​បរ​​រថយន្ត​សាំងយ៉ុង​ រត់​គេច​បាត់។

ក្រោយកើតហេតុរថយន្ដទាំង២ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ធ្វើការវាស់វែងនិងយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕