(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ដែលត្រូវនឹងថ្ងៃបិណ្ឌទី១៤ បានបន្តជូនពរដល់ជនរួមជាតិទាំងអស់ សូមបានសប្បាយរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី។    

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យសមត្ថកិច្ចពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ នៅតាមវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីឲ្យបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរបានធ្វើបុណ្យ និងដើរកម្សាន្តសប្បាយនាឱកាសបុណ្យភ្ជុំបិណ្ឌ។

Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «ថ្ងៃនេះបិណ្ឌទី ១៤ ហើយ។ ថ្ងៃស្អែកពិធីបុណ្យភ្ជុំធំនឹងមកដល់។ សង្ឃឹមថាបងប្អូនជនរួមជាតិភាគច្រើនគឺ បានទៅវត្តបោះបាយបិណ្ឌ និងធ្វើបុណ្យដាក់បាត្រប្រគេនបច្ច័យ និងទ័យទានមួយចំនួនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសដល់សាច់សារលោហិត ដែលបានចែកឋានទៅហើយ។ នៅពេលនេះបងប្អូនកូនក្មួយកម្មករ កម្មការនី ក៏បានទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា ដើម្បីទៅ វត្តធ្វើបុណ្យរួមគ្នា ជាពិសេសនៅក្នុងថ្ងៃភ្ជុំធំស្អែកនេះ។ សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគ្រប់ ទីកន្លែងទូទាំងប្រទេសកម្ពុជា! សូមអាជ្ញាធរ និងសមត្ថកិច្ចចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ឲ្យបានល្អនៅតាមវត្តអារាម និងតាមតំបន់រមណីយដ្ឋាននានា ដើម្បីបងប្អូនជនរួមជាតិ និងទេសចរបរទេសបានធ្វើបុណ្យ និងកំសាន្ត សប្បាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ»៕