(សិង្ហបុរី)៖ លោកស្រី Halimah Binti Yacob ជាអ្នកនយោបាយសិង្ហបុរី ដែលជាប់សែស្រឡាយខាងឪពុកជាជនជាតិឥណ្ឌា និងម្តាយជាជនជាតិម៉ាឡេស៊ី។ បន្ទាប់ពីសេចក្តីប្រកាសថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានឱ្យដឹងថា លោកស្រីជាបេក្ខជនតែម្នាក់គត់ដែលទទួលបានលិខិតទទួលបាន សិទ្ធិក្លាយធ្វើជាបេក្ខជនប្រធានាធិបតី ហេតុនេះលោកស្រីនឹងក្លាយជាប្រធានាធិបតីដោយស្វ័យប្រវត្តិដោយមិនចាំបាច់ទាមទារការប្រកួតប្រជែងឡើយ។ 

លោកស្រីនឹងត្រូវបានប្រកាសថា ជាប្រធានាធិបតីទី៨ របស់សិង្ហបុរីនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងប្រធានាធិបតីស្ត្រីរូបនេះ៖
* កាន់ដំណែងប្រធានាធិបតីសិង្ហបុរី៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧
* អ្នកនាំពាក្យសភា៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៥៤ (អាយុ៦៣ឆ្នាំ)
* បក្សនយោបាយ៖ គណបក្សសកម្មភាពប្រជាជន (ឆ្នាំ២០០១ ដល់២០១៧)
* ស្វាមី៖ លោក Mohammed Abdullah Alhabshee
* កូន៖ ៥នាក់
* ការសិក្សា៖ សកលវិទ្យាល័យជាសិង្ហបុរី

១៖ ការអប់រំ

Halimah Yacob ធ្លាប់សិក្សានៅសាលាចិនសិង្ហបុរីសម្រាប់តែស្ត្រី និងសាលា Tanjong Katong សម្រាប់ស្ត្រី ក្រោយមកក៏បន្តការសិក្សានៅសាកលវិទ្យាល័យសិង្ហបុរី ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់នៅក្នុងឆ្នាំ១៩៧៨។ នាងត្រូវបានហៅចូលធ្វើការនៅអង្គការច្បាប់ប្រចាំប្រទេស សិង្ហបុរីក្នុងឆ្នាំ១៩៨១។ ក្នុងឆ្នាំ២០០១ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់នៅសកលវិទ្យាល័យជាតិសិង្ហបុរី ហើយត្រូវបានប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ពី សាកលវិទ្យាល័យជាតិសិង្ហបុរីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦។

២៖ ការងារ
Halimah បានធ្វើការជាមន្ត្រីច្បាប់នៅសមាជសហភាពពាណិជ្ចកម្មជាតិ និងក្លាយជាប្រធាន នាយកដ្ឋានសេវាកម្មច្បាប់ក្នុងឆ្នាំ១៩៩២។ នាងត្រូវបានតែងតាំងជាប្រធានវិទ្យាស្ថានសិក្សាពលករសិង្ហបុរី(បច្ចុប្បន្នមានឈ្មោះថាវិទ្យាស្ថានសិក្សាពលករ Ong Teng Cheong) ក្នុងឆ្នាំ១៩៩៩។

៣៖ ការងារនយោបាយ
លោកស្រី បានប្រឡូកចូលក្នុងឆាកនយោបាយក្នុងឆ្នាំ២០០១ នៅពេលលោកស្រីបានជាប់ឆ្នោតជាសមាជិកសភា។ បន្ទាប់ពីរុះរើគណរដ្ឋមន្ត្រីឡើងវិញក្នុងខែវិច្ឆិកា ឆ្នាំ២០១២ លោកស្រីបានក្លាយជារដ្ឋមន្ត្រីប្រចាំក្រសួងអភិវឌ្ឍន៍ គ្រួសារ និងសង្គម។ លោកស្រីបានកាន់តួនាទីជាប្រធានក្រុមប្រឹក្សាក្រុង Jurong។
នៅក្នុងខែមករា ឆ្នាំ២០១៥ លោកស្រីបានជ្រើសតាំងជាគណកម្មការប្រតិបត្តិមជ្ឈឹមរបស់បក្សសកម្មភាពប្រជាជន ដែលជាអង្គភាពធ្វើសេចក្តីសម្រេចចិត្ត ជាន់ខ្ពស់របស់បក្ស។ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៥ លោកស្រី Halimah គឺជាបេក្ខជនជនជាតិភាគតិចតែម្នាក់គត់ ដំណាងក្រុមគណបក្សសកម្មភាពប្រជាជន ដែលបានចូលរួមប្រកួតប្រជែងជាមួយអង្គការMarsiling-Yew Tee GRC ដែលទើបបង្កើតថ្មី។ លោកស្រីបានបង្ហាញពីការប្រឆាំងយ៉ាងសកម្មទៅលើ ក្រុមឥស្លាមជ្រុលនិយម ជាពិសេសថ្កោលទោស និងមិនទទួលស្គាល់ពួករដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់ឡេវ៉ានឡើយ។

៤៖ អ្នកនាំពាក្យសភា

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៣ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានតែងតាំងលោកស្រី ឱ្យទទួលដំណែងជាអ្នកនាំពាក្យបន្តពីលោក Michael Palmer ដែលបានលាលែងពីដំណែង បន្ទាប់ពីលោកត្រូវបានគេរកឃើញថា ប្រព្រឹត្តអំពើផិតក្បត់។ លោកស្រីត្រូវបានជ្រើសតាំងជា អ្នកនាំពាក្យសភានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣។ លោកស្រីជាស្ត្រីទីមួយដែលបានកាន់កាប់ដំណែងនេះក្នុងប្រវត្តិសាស្តសិង្ហបុរី។

៥៖ ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៧

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ លោកស្រី Halimah បានប្រកាសថា លោកស្រីនឹងលាលែងពីដំណែងអ្នកនាំពាក្យសភា និងសមាជិកសភានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ដើម្បីឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០១៧។ លោកស្រីត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាបេក្ខជនបក្សសកម្មភាពប្រជាជន និងត្រូវបានសម្រេចយល់ព្រមដោយនាយករដ្ឋមន្ត្រី Lee Hsien Loong។

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ លោកស្រី បានរៀបចំគេហទំព័រធ្វើយុទ្ធនាការជាផ្លូវការ ដោយបង្ហាញពីជីវិត និងមុខរបររបស់លោកស្រី ព្រមទាំងមានភ្ជាប់ Links ទៅលើទំព័រFacebook និងYoutube របស់លោកស្រីផងដែរ។

ក្នុងគេហទំព័រក៏មានដាក់បញ្ចូលនូវពាក្យស្លោកសម្រាប់យុទ្ធនាការផងដែរថា «Do Good Do Together» (ធ្វើរឿងល្អ ធ្វើរួមគ្នា) ដែលរងការរិះគន់ដោយក្រុមអ្នក ប្រើប្រាស់អ៊ីនធើណិតមួយចំនួនថា ប្រយោគនេះមិនត្រឹមត្រូវតាមលក្ខណៈវេយ្យាករណ៍ឡើយ។ លោកស្រីបានពន្យល់ថា ពាក្យស្លោករបស់លោកស្រី មានលក្ខណៈខ្លីស្រួលចាំ។

ដើម្បីឆ្លើយតបទៅនឹងសំណួរជាសាធារណៈថា តើ Halimah បានបំពានលើច្បាប់បោះឆ្នោត ដោយធ្វើយុទ្ធនាការមុនថ្ងៃបោះឆ្នោតដែរឬទេ នាយកដ្ឋានរៀបចំការ បោះឆ្នោតបានបញ្ជាក់ថា ច្បាប់ដែលហាមប្រាមបេក្ខជនមិនឱ្យធ្វើយុទ្ធនាការមុនបញ្ចប់ការតែងតាំងបេក្ខជន អនុវត្តតែលើបេក្ខជនដែលត្រូវបានតែងតាំងប៉ុណ្ណោះ។

សំណួរជាច្រើនត្រូវបានលើកឡើងទាក់ទងនឹង ការជាប់ពាក់ព័ន្ធដ៏យូរអង្វែងរបស់លោកស្រីជាមួយបក្សសកម្មភាពប្រជាជន និងកង្វះភាពឯករាជ្យផ្នែកនយោបាយ ដោយលោកស្រីបានចាកចេញពីគណបក្សនេះត្រឹមរយៈពេលមួយខែប៉ុណ្ណោះ ដើម្បីចូលរួមក្នុងការបោះឆ្នោត។ លោកស្រី Halimah បានឆ្លើយតបដោយប្រៀបធៀប ខ្លួនឯងជាមួយប្រធានាធិបតី លោក Ong Teng Cheong ដែលធ្លាប់ជាអ្នកដែលមកពីបក្សសកម្មភាពប្រជាជនផងដែរមុនពេលបោះឆ្នោត។ ក្នុងនាមជាបេក្ខជនតែម្នាក់គត់ ដែលមានលិខិតបញ្ជាក់ថា មានសិទ្ធិឈរឈ្មោះបោះឆ្នោតនោះ លោកស្រីនឹងក្លាយជាប្រធានាធិបតីទី៨ នៃប្រទេសសិង្ហបុរី ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ទាមទារការប្រកួតប្រជែង។

បន្ទាប់ពីនាយកដ្ឋានរៀបចំការបោះឆ្នោតបានប្រកាសថា Halimah គឺជាបេក្ខជនតែមួយគត់ដែលអាចក្លាយជាបេក្ខជនសម្រាប់តំណែងប្រធានាធិបតីនោះ អង្គភាពតាមដានសារព័ត៌មានទូទាំងពិភពលោកនៅ Meltwater បានសង្កេតឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការបង្ហាញអារម្មណ៍អវិជ្ជមាន នៅក្នុងបណ្តាញសង្គម ជុំវិញការបោះឆ្នោតប្រធានាធិបតីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

ទិន្នន័យបានបង្ហាញថា ៨៣ភាគរយបង្ហាញភាពមិនពេញចិត្ត ខណៈដែល១៧ភាគរយបង្ហាញភាពពេញចិត្ត។ ប្រតិកម្មតបដ៏សំខាន់នៅលើប្រព័ន្ធអ៊ីនធឺណិត ក៏បានជំរុញឱ្យមាន Hashtag ជាច្រើន ដែលបញ្ជាក់ថា #Not My President (មិនមែនជាប្រធានាធិបតីរបស់ខ្ញុំ)សំដៅលើភាពមិនពេញចិត្តចំពោះលោកស្រី។

៦៖ ព័ត៌មានឯកជន
Halimah បានរៀបការជាមួយលោក Mohammed Abdullah Alhabshee ដែលជានិវត្តជន ដែលជាប់សែស្រឡាយជាជនជាតិអារ៉ាប់ និងមានកូនប្រាំនាក់។ ឪពុករបស់លោកស្រីដែលជាជនជាតិឥណ្ឌា ម៉ូស្លីម ជាអ្នកយាម ដែលបានស្លាប់តាំងពីនាងនៅអាយុ៨ឆ្នាំ ដែលធ្វើឱ្យ Halimah ត្រូវបានចិញ្ចឹមបីបាច់ដោយម្តាយ ដែលជាជនជាតិម៉ាឡេ។ នាងរស់នៅក្នុងលំនៅដ្ឋានសាធារណៈក្នុងទីក្រុង Yishun ជាផ្ទះពីរជាន់ ដោយមួយជាន់មានប្រាំបន្ទប់ និងមួយជាន់ទៀតមានបួនបន្ទប់ ដែលក្រោយមកត្រូវបានគេវាយកម្ទេចចោល។

៧៖ ពានរង្វាន់
ដោយការទទួលស្គាល់ការចូលរួមចំណែករបស់លោកស្រីនោះ លោកស្រីត្រូវបានប្រគល់ពានរង្វាន់ Berita Harian/ McDonald’s សម្រាប់ឆ្នាំ២០០១ និងពានរង្វាន់ Her World Woman of Year Award ក្នុងឆ្នាំ២០០៣ ព្រមទាំងពានរង្វាន់ AWARE Heroine Award ក្នុងឆ្នាំ២០១១៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

ស្វែងយល់៖ ជីវប្រវត្តិលោកស្រី Halimah Yacob ប្រធានាធិបតីស្ត្រីដំបូងរបស់សិង្ហបុរី