(ភ្នំពេញ)៖ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ បានប្រកាសថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញាខ្លួនផ្អាកលែងចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះ។

ភ្លាមៗដើម្បីឆ្លើយបតនឹងការលើកឡើងរបស់ស្ថានទូតអាមេរិក រឿងផ្អាកលេងចេញទិដ្ឋាការ នៅយប់ថ្ងៃទី១៣ ខែកញ្ញានេះ ត្រូវបានលោក ហ៊ុន​ ម៉ាណែត កូនប្រុសចម្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការប្រតិកម្មថា រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមកុំឱ្យទទួលយកជននិរទេស ដើមកំណើតខ្មែរនៅអាមេរិក ដែលគេត្រូវបញ្ជូនត្រឡប់មកកាន់កម្ពុជាវិញ ធ្វើឲ្យគេត្រូវរស់នៅឃ្លាតឆ្ងាយពីគ្រួសាររបស់គេ នៅសហរដ្ឋអាមេរិក បែរជាស្ថានទូតអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជាវិញ។

លោក ហ៊ុន ម៉ាណែត បានបង្ហាញខ្លឹមសារទាំងស្រុងនៅលើ Facebok ផ្លូវការរបស់លោកនាយប់ថ្ងៃទី១៣ ខែកញ្ញា យ៉ាងដូច្នេះថា «ជនជាតិអាមេរិកដើមកំណើត ខ្មែរជាច្រើននាក់បានមករកខ្ញុំ ហើយសួរខ្ញុំថា តើខ្ញុំអាចជួយបញ្ចុះបញ្ចូលរាជរដ្ឋាភិបាលកម្ពុជា កុំឱ្យទទួលយកជននិរទេសដើមកំណើតខ្មែរនៅអាមេរិក ដែលគេត្រូវបញ្ជូនត្រឡប់មកកាន់ កម្ពុជាវិញបានទេ។ អ្នកខ្លះថែមទាំងនិយាយបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ចំពោះការទទួលយកអ្នកទាំងនេះ ដែលជាការធ្វើឲ្យគេត្រូវរស់នៅឃ្លាតឆ្ងាយ ពីគ្រួសាររបស់គេនៅសហរដ្ឋអាមេរិកថែមទៀតផង»។

លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «ពួកគេបាននិយាយថា «បើរាជរដ្ឋាភិបាលកម្ពុជា មិនទទួលយកនោះសហរដ្ឋអាមេរិក នឹងមិនអាចបញ្ជូន ពួកគេឲ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបានទេ។ ដូច្នេះពួកគេនឹងអាចបន្តរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ នៅសហរដ្ឋអាមេរិកតទៅទៀតបាន។ ដូច្នេះឥឡូវនេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើយ៉ាងពិតប្រាកដដូចអ្វីដែលជាការអំពាវនាវរបស់ ជនជាតិអាមេរិកដើមកំណើតខ្មែរជាច្រើន ដោយយើងមិនទទួលយក ជនជាប់ឃុំជនជាតិកម្ពុជាមួយចំនួន ត្រឡប់មកកម្ពុជាវិញនោះទេ។

ជាលទ្ធផលចំពោះការសម្រេចចិត្តដោយក្តីអាណិតអាសូរ និងដោយមនុស្សធម៌នេះ ផ្ទុយទៅវិញរដ្ឋាភិបាលសហរដ្ឋអាមេរិក បែរជាចេញវិធានការដាក់ការរឹតត្បិត ទិដ្ឋាការទៅលើមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសាររបស់ពួកគេ ដែលនេះគឺជាវិធានការដាក់ទណ្ឌកម្មនេះ គឺដើម្បីប្រឆាំងនឹងការបដិសេធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការមិនព្រមទទួលយកជននិរទេសកម្ពុជាត្រឡប់មកកាន់កម្ពុជាយើងវិញ។

នេះប្រហែលជាមិនមែនជាលទ្ធផលដ៏គួរឲ្យទទួលយកសម្រាប់ជននិរទេសជនជាតិកម្ពុជាជាច្រើន និងគ្រួសាររបស់ពួកគេក៏ដូចជាជនជាតិអាមេរិកដើមកំណើតខ្មែរ ជាច្រើននាក់ដែលបានធ្វើយុទ្ធនាការទាមទារឱ្យមានឱកាសថា អ្នកដែលត្រូវនិរទេសជនជាតិកម្ពុជាមួយចំនួនអាចបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីផ្តល់ឱកាសឱ្យពួកគេអាចបន្តស្នាក់នៅជាមួយគ្រួសាររបស់ពួកគេនៅសហរដ្ឋអាមេរិក» នេះបើយោងតាមលោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែម។

សូមជំរាបថា ស្ថានទូតអាមេរិកបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនយ៉ាងដូច្នេះថា «ដោយយោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិក ត្រូវបញ្ជាឲ្យមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការ រហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបាន យល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ»៕