(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ថា រឿងអាមេរិកបិទមិនផ្តល់ Visa ជូនមន្រ្តីកម្ពុជានេះ គឺពាក់ព័ន្ធរឿងកម្ពុជាស្នើឱ្យមានការកែប្រែលើកិច្ចព្រមព្រៀង កុំឱ្យមានការបញ្ជូនពលរដ្ឋខ្មែរឱ្យត្រឡប់មកកម្ពុជា។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងនេះចាប់ផ្តើមតាំងពីយើងជជែកគ្នារឿងកិច្ចព្រមព្រៀងកម្ពុជា-អាមេរិក ពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែរ ប៉ុន្តែគាត់ចាប់ផ្តើមភ្លាមគឺចង់បិទវីសាកម្ពុជាតែម្តង។ យើងបានដឹងរឿងនេះច្បាស់ណាស់ គ្រាន់តែយើងមិនសូវបាននិយាយប្រាប់ពលរដ្ឋ យើងមានតែសង្កត់ចិត្ត អញ្ចឹងទៅ»។

ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសផ្អាកលែងចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់មន្រ្តីទាំងនោះ ដោយចោទថា ដោយសារកម្ពុជាបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋខ្លួន ដែលអាមេរិកបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ។

លោក ខៀវ សុភ័គ បានច្រានចោលនូវការលើកឡើងរបស់សហរដ្ឋអាមេរិកបែបនេះ។ លោកបានថ្លែង៖ «យើងមិនទាន់ដាច់ណាត់ថា យើងព្រមមិនទទួល ពលរដ្ឋខ្មែរដែលអាមេរិកបញ្ជូនមកនោះទេ យើងគ្រាន់តែសុំកែសម្រួលពាក្យពេជន៍នៅក្នុង MOU រវាងកម្ពុជា និងអាមេរិក ដែលយើងមិនចង់ឱ្យអាមេរិក ជំរុញឱ្យអ្នកទាំងនោះត្រឡប់មកកម្ពុជាដោយបង្ខំ ដែលធ្វើឱ្យពួកគេបែកបាក់គ្រួសារ និងប្រពន្ធកូន»។

លោកបានបន្ថែមថា កន្លងទៅអាមេរិក ធ្លាប់បានធ្វើការបញ្ជូនពលរដ្ឋខ្មែរឱ្យត្រឡប់មកកម្ពុជាទាំងបង្ខំ ដែលធ្វើពួកគេមានការលំបាក នៅពេលមកដល់ប្រទេសកម្ពុជា ហើយអ្នកខ្លះទៀត ត្រូវបែកបាក់ក្រុមគ្រួសារថែមទៀតផង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរ កាលពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរ ឬអនិកជនខ្មែរណាដែលប្រព្រឹត្តល្មើស ឱ្យត្រឡប់មកមាតុភូមិវិញ។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៧ សហរដ្ឋអាមេរិក បានបញ្ជូនពលរដ្ឋខ្មែរជាង៥០០នាក់ហើយ ឱ្យត្រឡប់មកប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំនៃកិច្ចព្រមព្រៀងនោះត្រូវបានអនុវត្ត ដោយក្នុងនោះរាប់តាំងពីការបញ្ជូនដោយបង្ខំផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ខៀវ សុភ័គ កាលពីកន្លងទៅ។

សូមជំរាបថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កិច្ចព្រមព្រៀងរវាងកម្ពុជា-អាមេរិក ពាក់ព័ន្ធនឹង ការបញ្ជូនពលរដ្ឋខ្មែរ ដែលល្មើសច្បាប់ឱ្យត្រឡប់មកមាតុភូមិវិញ នឹងនៅតែបន្ត គ្មានការលុបចោលទេ ប៉ុន្តែភាគីកម្ពុជានឹងស្នើឱ្យធ្វើវិសោធនកម្មឡើងវិញ ដោយសារហេតុផលមនុស្សធម៌ និងសិទ្ធិមនុស្ស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងនេះ មិនមានការលុបចោលទេ ប៉ុន្តែយើងសុំស្នើ ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងនេះ ដោយសារមូលហេតុមនុស្សធម៌ និងសិទ្ធិមនុស្ស»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា វាជារឿងអាណោចអាធមមួយប្រជាពលរដ្ឋខ្មែរ ដែលត្រូវបញ្ជូនមកកម្ពុជាវិញនោះ នឹងត្រូវបែកបាក់ក្រុមគ្រួសារ ភរិយា និងកូនៗរបស់គេ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា អាមេរិកនឹងយោគយល់ចំពោះបញ្ហានេះ ដែលជាគោលការណ៍មនុស្សធម៌ និងសិទ្ធិមនុស្ស។

ការលើកឡើងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានធ្វើឡើងនៅកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង របស់សាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ៕