(ភ្នំពេញ)៖ បន្ទាប់ពីម្ចាស់​កាសែត Cambodia Daily ​អះអាង​តាមរយៈវិទ្យុអាស៊ីសេរី ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហានេះថា «អ្នកស្រី​មិន​បាន​គេច​ពន្ធ និង​មាន​វិក្កយបត្រ​បញ្ជាក់​ត្រឹមត្រូវ» ប៉ុន្តែនៅរសៀលថ្ងៃដដែលនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឆ្លើយតបតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយអះអាងថា រយៈពេល១០ឆ្នាំមកនេះ កាសែតមួយនេះ មិនដែលបង់ពន្ធសូម្បីតែមួយរៀល។

មេដឹកនាំកំពូលនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «ការកំណត់ពន្ធ កាលពីឆ្នាំ២០០៧ រហូតដល់ ឆ្នាំ២០១៦ រយៈពេល១០ឆ្នាំមកនេះ កាសែត Cambodia Daily មិនបានបង់មួយរៀលទេ, បើមានវិក័យបត្រ ហេតុអីនៅពេលមកជួបខាងពន្ធដារ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ហេតុអ្វីគាត់ថា អត់មានអីទាំងអស់ គ្មានអ្វីឆ្លើយតបទេ បន្ទាប់ពីខាងពន្ធដារពន្យល់អំពីការជំពាក់ពន្ធ, ហេតុអ្វីបានជា នៅពេលនេះមកនិយាយថា មានឯកសារពន្ធបញ្ជាក់ត្រឹមត្រូវទៅវិញ»។

អគ្គនាយកដ្ឋានពន្ធដារ អះអាងថា ខាងកាសែត Cambodia Daily បានឆ្លើយឆ្លងជាមួយខាងពន្ធដារចំនួន៣ដង លើកទី១ នៅថ្ងៃទី០៦ ខែសីហា (តាមលិខិត), លើកទី២ ថ្ងៃទី១៥ ខែសីហា (តាមលិខិត) និងលើកទី៣ ថ្ងៃទី២៥ ខែសីហា មកជួបផ្ទាល់តែម្តងនៅការិយាល័យពន្ធដារ ប៉ុន្តែបាននិយាយថា គ្មានឯកសារអ្វីទាំងអស់។

ការប្រតិកម្មឆ្លើយតបភ្លាមៗ ពីសំណាក់អគ្គនាយកដ្ឋានពន្ធដារនៅពេលនះ បន្ទាប់ពីវិទ្យុអាស៊ីសេរីចេញផ្សាយថា «ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​តែ​អះអាង​ថា អ្នកស្រី​មិន​បាន​គេច​ពន្ធ និង​មាន​វិក្កយបត្រ​បញ្ជាក់​ត្រឹមត្រូវ។ ការ​អះអាង​នេះ បន្ទាប់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​​​ថា​ រាប់​ឆ្នាំ​មក​នេះ កាសែត​អ្នកស្រី​មិន​ប្រកាស​ពន្ធ​សូម្បី​តែ​មួយ​រៀល និង​ថែម​ទាំង​ប្រមូល​អាករ​លើ​តម្លៃ​បន្ថែម ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ គឺសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃឱសានវាទចុងក្រោយ ដែលអគ្គនាយករដ្ឋានពន្ធដារ កំណត់ឲ្យកាសែត Cambodia Daily តវ៉ាអំពីការកំណត់ពន្ធ ដែលបានជំពាក់រដ្ឋរយៈពេល១០ឆ្នាំ ចំនួនប្រហែល៦លានដុល្លារអាមេរិក។

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ គឺជាថ្ងៃគម្រប់១ខែ ដែលអគ្គនាយករដ្ឋានពន្ធដារ ទុកពេលឲ្យ កាសែត Cambodia Daily ធ្វើការតវ៉ា​អំពីបញ្ហាជំពាក់ពន្ធ។ ចាប់ពីថ្ងៃទី០៤ ខែកញ្ញាតទៅ អគ្គនាយដ្ឋានពន្ធដារ នឹងចេញលិខិតផ្លូវការមួយទៀត បញ្ជាក់ថា កាសែត Cambodia Daily ជំពាក់បំណុលពន្ធ ហើយពន្ធដារនឹងចាប់ផ្តើមអនុវត្តន៍ តាមផ្លូវច្បាប់នូវនីតិវិធីទារបំណុលពន្ធ តាមច្បាប់សារពើពន្ធ។

លោក គង់ វិបុល បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងចាប់ផ្តើម រឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើឱសានវាទ នៃការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ហើយកាសែតនេះមិនបង់ ពន្ធជូនរដ្ឋទេនោះ៕