(ភ្នំពេញ)៖ មេសហជីពមួយទៀតនៅកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែសីហានេះ បានចេញមុខ ប្រកាសគាំទ្រពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងថា និយោជកនឹងទទួលខុសត្រូវថ្លៃសេវាគាំពារសុខភាពកម្មករ, កម្មករនឹងទទួល បានប្រាក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការនិងជិះរថយន្តក្រុង Free ២ឆ្នាំ​។

លោកសំ សឿន ប្រធាន​ សហភាពពលកម្មជាតិកម្ពុជា (NLC) មានលើកឡើងថា «ខ្ញុំសូមគាំទ្រពេញទំហឹង ចំពោះប្រសាសន៍សម្តេចតេជោហ៊ុន សែនដែលបាន លើកឡើងថា នៅឆ្នាំ២០១៨ និយោជក នឹងទទួលខុសត្រូវថ្លៃសេវាគាំពារសុខភាពកម្មករ ហើយចាប់ពីឆ្នាំ២០១៩ទៅកម្មករនឹងទទួល បានប្រាក់ចូលនិវត្តន៍ ដូចមន្រ្តីរាជការដែរ ហើយសម្តេចសម្រេចផ្តល់ជូនកម្មករនិយោជិត ក្នុងរាជធានីភ្នំពេញចជិះរថយន្តក្រុង Free ចំនួន២ឆ្នាំចាប់ពី ខែ សីហា ២០១៧ ដល់ខែ សីហា ២០១៩ ឱ្យតែមានកាតកម្មករ»។

គួររំលឹកថា ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ៤ពាន់នាក់នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ទៅ ម្ចាស់ក្រុមហ៊ុន ត្រូវទទួលខុសត្រូវបង់ថ្លៃសេវាគាំពារសុខភាពកម្មករ ១០០ភាគរយ ហើយចាប់ពីឆ្នាំ២០១៩ទៅ កម្មករ-កម្មការិនី នឹងទទួលបានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការដែលឱ្យម្ចាស់ក្រុមហ៊ុនបង់ថ្លៃសេវាគាំពារសុខភាពជូនកម្មករ កម្មការិនី នឹងធ្វើឲ្យកម្មករ កម្មការិនី អាចសន្សំប្រាក់ថ្លៃសេវាសុខភាពបានយ៉ាងតិច ៨ពាន់រៀល ទៅ១ម៊ឺន២ពាន់រៀល។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ប្រឹងប្រែងធ្វើការងារឱ្យបានល្អប្រសើរ។

គិតត្រឹមឆ្នាំ២០១៧នេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា បានកើនដល់ ១,១០៧ គ្រឹះស្ថាន ខណៈដែលមានកម្មករនិយោជិតកើនឡើងជាង៧៤ម៉ឺន នាក់ ក្នុងនោះវិស័យនេះ បានផ្តល់ប្រាក់ឈ្នួលប្រមាណជិត២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និង ផ្តល់ការងារដោយប្រយោលប្រមាណជាង៣លាននាក់។ នេះបើតាមការប្រកាសរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងទៅ៕