(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ កងទ័ពឥណ្ឌានិងចិនបានប៉ះទង្គិចគ្នាមួយប្រ៉ាវក្នុងតំបន់ជម្លោះមួយកន្លែងនៅលើជួរភ្នំហិម៉ាល័យ (Himalayas) ដែលប្រការនេះបានដុតបញ្ឆេះភាពតានតឹងថែមទៀតក្នុងអំឡុងនៃ ការប្រឈមមុខដាក់គ្នារាប់ខែមកនេះ រវាងកម្លាំងយោធានៃមហាយក្សអាស៊ីទាំងពីរ នៅតាមព្រំដែន។

 

២៖ ទីភ្នាក់ងារអូស្រ្តាលីទទួលបន្ទុកលើប្រតិបត្តិការស្វែងរុករកក្រោមទឹកនូវយន្តហោះដឹកអ្នកដំណើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដំណឹងសូន្យឈឹងដោយ អាថ៌កំបាំងបំផុតនោះ បានចេញរបាយការណ៍ថ្មីចំនួនពីរ ដែលទំនងជាអាចជួយក្នុងការកំណត់ទីតាំងបាត់ខ្លួន របស់យន្តហោះធុន Boeing 777 នេះបាន៕

 

៣៖ កងកម្លាំងការពារសន្តិសុខអ៊ីរ៉ាក់សរុបចំនួន១០នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារចំនួន០៣លើក ទៅលើមូលដ្ឋានទ័ពក្នុងខេត្តសាឡាហ៊ូឌីន (Salahudin) ភាគខាងជើង ប្រទេសអ៊ីរ៉ាក់ នៅថ្ងៃពុធនេះ៕

 

៤៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា បច្ចុប្បន្នមានសញ្ញាណមួយចំនួនបង្ហាញថាភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានធូរស្រាលឡើងវិញ ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ណាស់ត្រូវតែធ្វើការងាររួមគ្នាដើម្បីដោះស្រាយវិបត្តិ៕

 

៥៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) អះអាងថាសហរដ្ឋអាមេរិកនៅតែមានចេតនាចង់ជួបចរចាគ្នាជាមួយកូរ៉េខាងជើងដដែល បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានសម្រេចផ្អាកគម្រោងនៃការបាញ់មីស៊ីលតម្រង់ទៅរកកោះហ្គាំ (Guam)៕

 

៦៖ គ្រោះទឹកជំនន់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានវាយលុករដ្ឋប៊ីហារ (Bihar) ភាគខាងកើតប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្សយ៉ាងតិចចំនួន ៩១នាក់ និងបង្កផលប៉ះពាល់ ដល់មនុស្សជាង ៩.៦លាននាក់ ផ្សេងទៀត៕