(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យលោក បេនដូ តាដាសាប៊ូរូ នាយកក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ជួបធ្វើកិច្ច​ពិភាក្សាជាមួយ ដើម្បីវិនិយោគលើខ្សែកាប្លិ៍ ឬ​ទោងទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិភ្នំគូលេន​។

លោក ​ឃឹម ប៊ុន សុង ក៏បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ដែលមានគម្រោងវិនិយោគ សម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប ​នៅរមណីយដ្ឋានភ្នំគូលេន ក្នុងការទាក់ទាញដល់ភ្ញៀវបាន ស្នាក់នៅបានយូថ្ងៃទៀតផង​។

​អភិបាលខេត្តសៀមរាប បានជម្រាប់ដល់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើការសិក្សាឲ្យហ្មត់ចត់ នឹងស៊ីជម្រៅ​ទៅលើផលប៉ះពាល់បរិស្ថាន និង​ការងារទេសចរណ៍ រួមទាំងកសិកម្មមុននឹងកិច្ចដំណើរការ វិនិយោគ លើខ្សែកាប្លិ៍ ឬ​ទោងទេសចរណ៍​។ ​ម៉្យាងទៀតក្រុមហ៊ុន ក៏ត្រូវធ្វើការទំនាក់ទំនង ជាមួយក្រសួង​បរិស្ថាន ទេសចរណ៍ និង​កសិកម្ម ដើម្បីទទួលបានការអនុញ្ញាតច្បាប់ ក្នុងការធ្វើអាជីវកម្មទោងទេសចរណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេន រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ​។

​លោក តាកេសស៊ី កាវ៉ាម៉ូតូ ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន ប៊ូគេន បានបញ្ជាក់ថា គម្រោងនេះ​ជាការបង្កើននូវការងារដល់ប្រជាពលរដ្ឋ មានភាពញញឹម ដោយផ្សាភ្ជាប់ទៅនឹងរុក្ខជាតិ និងបរិស្ថាន​។

លោកក៏បានលើកអំពីទស្សនៈរបស់គម្រោង ដែលមានកត្តា៤យ៉ាង ដោយផ្តោតលើ​ការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត ប្រកបដោយភាពញញឹម និង​បង្កើតទេសចរណ៍ធម្មជាតិ ព្រមទាំងធ្វើឲ្យ​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានភាពញញឹម ដើម្បីទទួលស្វាគមន៍ភ្ញៀវ ក្នុងភាពញញឹមដែលបានការងារធ្វើ និង​បង្កើតការងារឲ្យបានច្រើន ជូនដល់បងប្អូននៅក្នុងតំបន់នោះផងដែរ​ ហើយគម្រោងនេះបានធ្វើឲ្យភ្ញៀវទទួលបានការ សិក្សាស្វែងយល់តាមរយៈទេចរណ៍បែបធម្មជាតិ​ ដោយប្រើប្រាស់ធនធានព្រៃឈើ ក្នុងតំបន់ភ្នំគូលេន​ដើម្បីឲ្យទៅ​ជាតំបន់ទេសចរណ៍ធម្មជាតិ នៅខេត្តសៀមរាប។

លោកក៏បានលើកផងដែរ អំពីបេសកកម្មនេះ ក៏បានធ្វើការអប់រំ​ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ​ដោយ​បង្កើតជាទោង ខែ្សកាប្លិ៍ទេសចរណ៍ និង​សកម្មភាពបែបទេសចរ ដើម្បីឲ្យគេចូលរួម​តាមរយៈទេសចរណ៍ធម្មជាតិ។

លោក តាកេសស៊ី កាវ៉ាម៉ូតូ ក៏គូសបញ្ជាក់ថា គម្រោងនេះ​ជាការចាប់ផ្តើមដំបូងនៅកម្ពុជា ចូលទៅក្នុងប្រព័ន្ធ នៃតំបន់អាស៊ាន ហើយក៏មិនត្រឹមបង្កើនការងារដល់ប្រជាពលរដ្ឋ នៅកម្ពុជាមួយប៉ណ្ណោះទេ គឺនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងមូល ហើយគោលដៅសំខាន់ៗ ក្នុងការអភិវឌ្ឍន៍នៅក្នុងតំបន់ភ្នំគូលេន ទាំងការអភិវឌ្ឍន៍ និង​អភិរក្សនៅក្នុងតំបន់នោះ​។ ម៉្យាងទៀតក៏ធ្វើឲ្យបងប្អូនក្នុងតំបន់នោះ ទទួលបានផលប្រយោជន៍ ពីការបម្រើសេវាកម្មទេសចរណ៍ ក្នុងការផលិត ផលកសិកម្មឲ្យបានច្រើន ប្រកបដោយគ្មានជាតិគីមី  និង​ដើម្បីរៀបចំទំនាក់ទំនងពីប្រព័ន្ធកសិកម្ម ទៅជាភូមិ ដែលទាញផ្តល់សេវាកម្ម ផ្នែកឧបត្ថម្ភផលផេ្សងៗ នៅក្នុងតំបន់នោះ​។  

ដូច្នេះគោលដៅរបស់ក្រុមហ៊ុន និងរៀបចំ​តំបន់ភ្នំគូលេន ឲ្យទៅជាតំបន់មួយ​ដែលប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ ក្នុងការដើរកម្សាន្ត និង​មកដោះជំរុំ​ស្នាក់នៅ និង​ធ្វើឲ្យភ្នំគូលេន​ទៅជាប្រព័ន្ធដែនទេសចរណ៍ធម្មជាតិ​៕