(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុទៀតទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុម U-15ប្រ៊ុយណេ ដោយលទ្ធផល ២-០ មុននេះបន្ដិច នៅកីឡដ្ឋាន Chonburi ប្រទេសថៃ នៃពានរង្វាន់ AFF U-15 Championship 2017 ពូលB ។

ការបរាជ័យនេះ បានធ្វើឲ្យក្រុមយុវជន U-15កម្ពុជា ស្ទើរតែអស់ឱកាសក្នុងការស្វែងរកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយចាំអ៊ុតការប្រកួតចុងក្រោយជាមួយក្រុម U-15ម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែកក្កដាខាងមុខ ដោយត្រូវការឈ្នះក្រុម កំពុងឈរលេខរៀងទី២ ក្នុងពូលBនេះ យ៉ាងតិច ៥គ្រាប់ ទើបមានសង្ឃឹមឡើងវគ្គបន្ដ ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមយុវជន U-15វៀតណាម កំពុងឈរកំពូលតារាងមាន ១២ពិន្ទុពេញ ក្រោយឈ្នះ ៤ប្រកួតជាប់គ្នា ខណៈក្រុមម៉ាឡេស៊ី ឈរលេខរៀងទី២ និងមាន ៩ពិន្ទុក្នុងចំណោម ៤ប្រកួត បន្ទាប់ពីចាញ់ U-15វៀតណាម ១-០ កាលពីល្ងាចមិញ ។ ចំណែកក្រុម U-15កម្ពុជា គឺឈរលេខរៀងទី៣ និងមាន ៦ពិន្ទុ៕