(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៤រសៀលថ្ងៃនេះ សមត្ថកិច្ច​បានសម្រេចឃាត់ខ្លួន កញ្ញា សយ ស្រីអូន ប្រធានអង្គការ «ផ្ទះក្មេងៗរបស់កម្ពុជា» បន្ទាប់ពីរងការចោទប្រកាន់វាយធ្វើបាបក្មេងពិការ នៅក្នុងអង្គការផ្ទះក្មេងៗរបស់កម្ពុជា នេះបើយោងតាមលោក ឯក ច័ន្ទមករា អគ្គលេខា​ធិការនៃ​អគ្គលេខាធិការ​ដ្ឋាន ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ បានបន្តបញ្ជាក់ប្រាប់យ៉ាងដូច្នេះ។

ដោយឡែកសង្សារបស់ប្រធានអង្គការរូបនោះ សមត្ថកិច្ចនឹងបន្តតាមរក និងហៅមកសាកសួរ ពាក់ព័ន្ធនឹងករណីនេះ។

អគ្គលេខា​ធិការរូបនោះបានបន្តបញ្ជាក់ប្រាប់ឲ្យដឹងថា អាជ្ញាធរសម្រេចដកយកកុមារ ៤នាក់ចេញពីអង្គការ «ផ្ទះក្មេងៗរបស់កម្ពុជា» ទៅរស់នៅក្នុងអង្គការម្លប់ឫញស្សី ជាបណ្តោះអាសន្ន។

កញ្ញា សយ ស្រីអូន អាយុ ២៣ឆ្នាំ ប្រធានមណ្ឌលអង្គការផ្ទះក្មេងៗរបស់កម្ពុជា រួមនិងប្រុសស្នេហ៍ឈ្មោះ ស្រស់ អ៊ុន អាយុ ២៤ឆ្នាំ រងការចោទប្រកាន់ថា មានរំលោភបំពានលើផ្លូវកាយ វាយដំធ្វើបាបកុមារពិការ​ រួមទាំងរួមភេទជាមួយនិងសង្សារ ឲ្យកុមារទាំងអស់នៅក្នុងមណ្ឌលមើល នេះបើយោងតាមលិខិតជាផ្លូវការមួយ របស់លោកស្រី Chloe Flanagan ជាអ្នកផ្តល់ជំនួយតែម្នាក់គត់ ឲ្យមណ្ឌលអង្គការផ្ទះក្មេងៗរបស់កម្ពុជា ផ្ញើជូនប្រធានមនី្ទរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានលិខិតជាផ្លូវការ និងមានការណែនាំពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ឲ្យ លោក ឯម ច័ន្ទមករា អគ្គលេខា​ធិការ នៃ​អគ្គលេខាធិការ​ដ្ឋាន ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ ចុះពិនិត្យមើលករណីនេះជាបន្ទាន់ នៅរសៀលថ្ងៃទី២៣ ខែមិថុនានេះ ហើយនៅពេលនេះ លោក ឯម ច័ន្ទមករា កំពុងស្ថិតនៅអង្គការផ្ទះក្មេងៗរបស់កម្ពុជា៕

www.freshnewsasia.com