(ភ្នំពេញ)៖ មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបាននាំចូលនូវបច្ចេកវិទ្យាបង្កកំណើតកូន ក្នុងកែវដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានគណៈកម្មការវាយតំលៃអន្តរជាតិ និងសមាគមវេជ្ជសាស្ត្រសហគមន៏អឺរ៉ុប (The Socrates International Committee and European Medical Association) សំរេចជាឯកឆ័ន្ទជ្រើសរើស និងប្រគល់ពានរង្វាន់ ជាមន្ទីពេទ្យដែលមានគុណភាពល្អបំផុត (Best Medical Practice) នៅទីក្រុង Luzern ប្រទេសស្វីស។

ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។  

លោក ហោ សំណាង អគ្គនាយក និងជាស្ថាបនិក មន្ទីរសំរាកព្យាបាលកម្ពុជា ដែលបានអញ្ជើញទៅ ទទួលជ័យលាភីនេះដោយផ្ទាល់បានឲ្យដឹងថា មន្ទីរសំរាកព្យាបាលកម្ពុជា មានកិត្តិយសទទួល បាននូវពានរង្វាន់នេះ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបួនចំណុច ដែលកំណត់ដោយគណៈកម្មការ វាយតំលៃរូមមាន៖

១៖ កេរ្តិ៍ឈ្មោះល្អរបស់មន្ទីរសំរាកព្យាបាល កម្ពុជា និងការជឿទុកចិត្តពីសំណាក់អ្នកជម្ងឺជាតិ និង អន្តរជាតិ ។
២៖ វិធីសាស្ត្រព្យាបាលមានប្រសិទ្ធិភាព និងសុវត្ថភាពខ្ពស់ ។
៣៖ គ្រូពេទ្យឯកទេស និងបុគ្គលិកជំនាញគ្រប់ផ្នែក បំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ។
៤៖ បំពាក់ដោយបរិក្ខាពេទ្យទំនើបចុងក្រោយ ។

សូមគូសបញ្ជាក់ថា ការផ្តល់ពានរង្វាន់មកដល់ មន្ទីរសំរាកព្យាបាលកម្ពុជានេះ គណៈកម្មការមិនត្រឹមតែ ផ្តោតលើលក្ខខណ្ឌវិនិច្ឆ័យ ដែលបានរៀបរាប់ខាងលើនោះទេ ប៉ុន្តែដោយសាតែ មន្ទីរសំរាកព្យាបាលកម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ដែលកើតចេញពីការលំបាក មានកូននិងរោគស្ត្រី។ ជ័យលាភីនេះ មិនត្រឹមតែជាកិត្តិយស និងជាការទទួលស្គាល់មន្ទីរសំរាក ព្យាបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពរីកចំរើន នៃវិស័យសុខាភិបាលនៅកម្ពុជា ពីស្ថាប័នអន្តរជាតិ ។

យោងតាមគណៈកម្មការរៀបចំកម្មវិធី មានស្ថាប័នពហុវិស័យចំនួន១៦០មកពី៥៨ប្រទេស ត្រូវបានជ្រើសរើស។ គួរបញ្ជាក់ផងដែរថា នៅកម្ពុជាធ្លាប់មានស្ថាប័ន ធនាគារ អចលនទ្រព្យ និងរដ្ឋាករស្វ័យ យ័តកម្ពុជា ។ល។ ដែលធ្លាប់ទទួលបាននូវពានខាងលើ ដោយឡែកនេះជាលើកទី១ក្នុងវិស័យសុខា ភិបាលនៅកម្ពុជា។

ស្របពេលគ្នានេះ លោកស្រី វេជ្ជបណ្ឌិត ស៊ាន សុខទៀង នាយិកាបច្ចេកទេស នៃមន្ទីរសំរាកព្យាបាលកម្ពុជា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងអង្គសន្និសិទ្ធអន្តរជាតិលើកទី៣៣ របស់សមាគមន៍អឺរ៉ុប ស្តីអំពី សុខភាពបន្តពូជ និងអំប្រីយ៉ុង European Society for Human Reproduction and Embryology (ESHRE) នៅទីក្រុង ហ្សឺណែវ (Geneva) ប្រទេសស្វីសផងដែរ៕