(ភ្នំពេញ)៖ អ្នកវិភាគ និងជាអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត កែម ឡី បានលើកឡើងថា អាជ្ញាធរវៀតណាម បាននិងកំពុងប្រើយុទ្ធសាស្រ្តទន្ទ្រានដីខ្មែរ តាមរយៈការជីកប្រឡាយទឹកដ៏វែងមួយ ចេញពីព្រំដែនប្រទេសទាំងពីរ ចូលទឹកដីកម្ពុជា ចាប់ពីខេត្តស្វាយរៀង រហូតដល់ចំណុចអ្នកលឿងលិច ក្នុងខេត្តកណ្តាល ហើយថាពេលនេះ ប្រជាពលរដ្ឋកំពុងព្រួយបារម្ភ។

ការអះអាងរបស់លោក កែម ឡី​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​ បានធ្វើឡើងបន្ទាប់ពីលោក បានដឹកនាំក្រុមយុវជន និងព្រះសង្ឃមួយចំនួន ចុះសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ខេត្តស្វាយរៀង និងខេត្តកណ្តាល នាថ្មីៗនេះ ។ លោក កែម ឡី បាននិយាយថា ប្រឡាយទាំងនេះមានទំហំរាប់សិបម៉ែត្រ និងមានប្រវែងវែង ចេញឆ្ងាយពីព្រំដែន ហើយវៀតណាមមិនឱ្យប្រជាពលរដ្ឋបូមធ្វើស្រែចម្ការនោះទេ បើសិនជាគ្មានការអនុញ្ញាតពីពួកគេ។ 

លោកនិយាយថា៖« ខ្ញុំបានសួរប្រជាពលរដ្ឋ ជាពិសេស នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គាត់បាននិយាយថា ប្រឡាយទឹកហ្នឹង កាលមុនវៀតណាមគេ សុំជីកឱ្យ នៅលើទឹកដីខ្មែរហ្នឹង វៀតណាមគេសុំជីកឱ្យ ជួយអភិវឌ្ឍឱ្យ ហើយគាត់ជីកនៅលើដីខ្មែរហ្នឹងគាត់ជីកជាយុទ្ធសាស្រ្ត គឺអាចដីដែលជីកហ្នឹង គាត់យកទៅដាក់ខាងគាត់ខ្ពស់ ហើយអាច៍ដីនេះ​​អត់ដាក់ខាងយើងទេ ប៉ុន្តែគាត់ជីកលើដីយើង ហើយមួយទៀតនៅពេលដែលប្រឡាយជីកហ្នឹង មានទឹកជា ប្រព័ន្ធធារាសាស្រ្តសម្រាប់ដាក់ស្រែ វៀតណាមគេបានជីកប្រឡាយតូចៗ ចេញពីប្រព័ន្ធធារាសាស្រ្តនេះ ទៅដាក់ស្រែនៅស្រុកគេបាន ប៉ុន្តែបើយើងចង់ប្រើទឹក ប្រព័ន្ធហ្នឹង បូមទឹកហ្នឹងទៅប្រើ ទាល់តែសុំច្បាប់គេ អញ្ចឹងនេះជាយុទ្ធសាស្រ្តទន្ទ្រានមួយទៀត ដ៏សំងាត់បំផុត អត់មាននរណាដឹង»។

លោក កែម ឡី បានបន្ថែមថា បើសិនជានៅតែបន្តដូច្នេះ ប្រទេសវៀតណាម អាចនឹងយកប្រឡាយខាងលើ ធ្វើជាព្រំដែនរបស់ប្រទេសទាំងពីរ តែម្តង ហើយកន្លងមក អ្នកស្រុកបាននិយាយថា តំបន់ប្រឡាយនេះធ្លាប់មាន កងទ័ពរបស់វៀតណាមលើកគ្នា មករារាំងប្រជាពលរដ្ឋខ្មែរ មិនឱ្យប្រើប្រាស់ទឹកផងដែរ ។

ជុំវិញករណីនេះ អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ បានអះអាងថា មិនមានការជីកប្រឡាយដោយវៀតណាម ចូលមកដីខ្មែរ ដូចដែលការលើកឡើង របស់លោក កែម ឡី នោះទេ ។​ លោក ម៉ៅ ភិរុណ បាននិយាយថា « មិនពិតនោះទេ ទឹកដីខេត្តកណ្តាល មិនមានរឿងនេះកើតឡើងទេ ខេត្តព្រៃវែងទន្លេគេ មេគង្គខាងនោះ ចំណែកខេត្តកណ្តាលទន្លេខាងនេះ អញ្ចឹងមិនមានរឿងវៀតណាមជីកប្រឡាយ ឬរឿងប្រើប្រាស់ទឹកអីទេ អត់មានផង» ។

Fresh News មិនអាចទាក់ទងសុំការបំភ្លឺ ពីលោក ជាង អំ អភិបាល​ខេត្ត​ស្វាយ​រៀង បាននៅឡើយទេ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥នេះ ។

រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណត់ទូតជាបន្តបន្ទាប់ ទៅកាន់រដ្ឋាភិបាលវៀតណាម ឱ្យបញ្ឈប់សកម្មភាព ជីកស្រះរំលោភចូលដីខ្មែរ នៅស្រុងអូរយ៉ាដាវ ខេត្តរតនគិរី និងឱ្យបញ្ឈប់ការជីកដី ដើម្បីបង្កើតជាប្រឡាយ សម្រាប់បើកការដ្ឋានកសាងប៉ុស្តិ៍យោធា នៅឯតំបន់ត្រួតស៊ីគ្នា WT-06065-07703 ជិតនឹងភូមិព្រែកស្បូវ ឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្តាល របស់កម្ពុជាផងដែរ ។ ប៉ុន្តែរហូតដល់ពេលនេះ វៀតណាម នៅមិនទាន់ឆ្លើយតប ចំពោះកំណត់ទូតរបស់កម្ពុជា នៅឡើយទេ ៕

www.freshnewsasia.com