(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០១៦មក ដើម្បីជាការលើកស្ទួយជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ ជាផែនការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា, ដើម្បីសម្រេចបានការងារនេះ​ រាជរដ្ឋាបានខិតខំកាត់បន្ថយ បន្ទុកនៃការចំណាយផ្សេងៗ រួមមានកាត់បន្ថយថ្លៃអគ្គិសនី ថ្លៃទឹក បញ្ចុះអត្រាការប្រាក់លើសេវាឥណទាន និងការលើកលែងពន្ធជាដើម។

ពាក់ព័ន្ធនឹងការលើកលែងពន្ធនេះ សូមលើកយកនូវការលើកលែងពន្ធមួយចំនួនមកជម្រាបជូន៖

* ចាប់ពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ម៉ូតូ និងរ៉ឺម៉កកង់បី បានសេចក្តីថា ប្រជាពលរដ្ឋដែលមានម៉ូតូ និងរ៉ឺម៉កកង់បី មិនចាំបាច់បង់ពន្ធផ្លូវដូចមុនទេ។

* សម្រាប់អ្នកជាប់ពន្ធតូច (អាជីវករតូចតាច) ដែលមានផលរបរចាប់ត្រឹម២៥០លានរៀលក្នុង១ឆ្នាំ ក៏ត្រូវបានលើកលែងពន្ធដែរ។

* សម្រាប់ពន្ធលើប្រាក់ចំណេញរបស់គ្រឹះស្ថានឧត្តមសិក្សា (មហាវិទ្យាល័យ និងសាកលវិទ្យាល័យ) ក៏ត្រូវបានលើកលែងពន្ធផងដែរ។

* ចំពោះដីស្រែចំការ របស់បងប្អូនប្រជាពលរដ្ឋ ក៏ត្រូវបានរាជរដ្ឋាភិបាលមិនយកពន្ធផងដែរ។

* ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ពីឪពុកម្តាយទៅកូន ក៏ត្រូវបានរាជរដ្ឋាភិបាល មិនយកពន្ធផងដែរ។

* ការនាំចូលគ្រឿងយន្តបម្រើដល់វិស័យកម្ម និងផលិតកម្មកសិកម្មរបស់ប្រជាពលរដ្ឋ មិនត្រូវបានរាជរដ្ឋាភិបាលគិតពន្ធឡើយ។

* នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពី ការណែនាំអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះការផ្គត់ផ្គង់មិនជាប់អាករ ដោយមិនគិតពន្ធ VAT ចំពោះផលិតផល ឬសេវាកម្ម១១មុខផ្សេងៗគ្នា។ (នៅមានការលើកលែងពន្ធជាច្រើនប្រភេទទៀត)។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាគ្មានគោលការណ៍បង្កើតពន្ធថ្មី ឬដំឡើងពន្ធនោះទេ គឺមានតែខិតខំពង្រឹងការប្រមូលពន្ធ ឲ្យអស់ពីលទ្ធភាពប៉ុណ្ណោះ៕