(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំគោករមៀត ស្រុកថ្មពួកចំនួន ២,៧៩៦នាក់ ដើម្បីណែនាំពីការងារពង្រឹងបក្ស និងការងារពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចចក្រី ហេង សំរិន  សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផ្សេងទៀត ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅគ្រប់ទីកន្លែងទាំងអស់។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា គ្មានបុគ្គលណាម្នាក់អាចដណ្ដើមជ័យជម្នះជូនបក្សបានដោយគ្មានកម្លាំងសាមគ្គីភាពនោះឡើយ ដើម្បីបក្ស និងដើម្បីការពារសុខសន្តិភាព ស្ថិរភាពឲ្យគង់វង្ស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាខំប្រឹងប្រែងខ្លាំងណាស់ សម្រាប់ការដឹកនាំប្រទេសជាតិដោយមានដូចសព្វថ្ងៃនេះ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា អាស្រ័យដូច្នេះហើយ ទាំងអស់គ្នាត្រូវតែរួមសាមគ្គីកៀកស្មាគ្នា ចុះទៅពន្យល់ដល់ប្រជាពលរដ្ឋនៅតាមផ្ទះ រាប់ទាំងសាច់ញតិរបស់ខ្លួនផ្ទាល់ផងដែរ ដើម្បីឲ្យពួកគាត់នាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនបន្តទៀត។

លោកឧបនាយករដ្ឋមន្ត្រីបានបព្ជាក់ថា រឿងកំហុសតូចតាចរបស់មន្ត្រី ពិតជាមាន ប៉ុន្តែសូមប្រជាពលរដ្ឋជួយពិចារណាថា គ្រួសារមួយមានកូនពីរ បីនាក់ ម្នាក់ល្អ ម្នាក់ទៀតខូច ចុះទំរាំសម្ដេចគ្រប់គ្រងលើមនុស្សរាប់លាននាក់ គង់អីនឹងមានអ្នកខ្លះខូចជាមិនខាននោះទេ ហើយលោកបានផ្ដាំផ្ញើទៅសមាជិក-សមាជិកាទាំងអស់ សូមកុំជឿតាមពួកបក្សដែលលាបពណ៌ឲ្យសោះ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានឧបត្ថម្ភដល់សមាជិក-សមាជិកាទាំង២,៧៩៦នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ព្រមទាំងជូនប្រធានក្រុមបក្ស ឃុំស្រុកស្វាយចេក ៥០ម៉ឺនរៀល ស្រុកភ្នំស្រុក ៥០ម៉ឺនរៀល ស្រុកថ្មពួក ៥០ម៉ឺនរៀល និងឧបត្ថម្ភជូនគណបក្សបក្សឃុំគោករមៀត ១លានរៀលផងដែរ៕