(ប៉ៃលិន)៖ កម្មវិធីពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ត្រូវបានលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា​មណ្ឌលប៉ៃលិន បានរៀបចំតាំងពីឆ្នាំ២០១៤ ដោយបានពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ ក្នុងខេត្តប៉ៃលិន ក៏ដូចប្រជាពលរដ្ឋរស់នៅក្នុង​ស្រុកមួយចំនួន នៃខេត្តបាត់ដំបង។ ការរៀបចំកម្មវិធីនេះ គឺបានជួយសម្រាលការចំណាយ និងលើកកម្ពស់សុខមាលភាព និងបានបង្ខិតការផ្តល់​សេវាសុខភាព​កាន់តែកៀក និងប្រជាពលរដ្ឋ។

ដូចសព្វដង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ លោកជំទាវអ្នកតំណាងរាស្រ្ត និងឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាល​គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូន ប្រជាពលរដ្ឋសរុបចំនួន៧៥០នាក់ រស់នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ថ្លែងក្នុងឱកាសនោះ លោកស្រីអ្នកតំណាងរាស្រ្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ដែលមានសិទ្ធិចូលរួមការបោះឆ្នោត បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុម ព្រមទាំងបន្តការអភិវឌ្ឍភូមិ ឃុំ សង្កាត់ របស់យើង ឲ្យកាន់តែមានការរីកចម្រើនបន្តទៀត ដោយគោលនយោបាយអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ទាំង១៣ចំណុច របស់គណបក្សប្រជាជនកម្ពុជា បានបន្តផ្តល់ផលប្រយោជន៍ ឥតគណនាជូនប្រជាពលរដ្ឋ ក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ប្រកបដោយចេរភាព និងភាពសុខដុម។

ក្រៅពីនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានរួមសុខរួមទុក្ខគ្រប់កាលៈទេសៈជាមួយ ប្រជាពលរដ្ឋតាំងពីអតីតកាលរហូតបច្ចុប្បន្ន មានភាពចាស់ទុំខាងនយោបាយ មានទំនួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន។ ហើយគណបក្សប្រជាជនកម្ពុជា គឺបានរក និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ គឺបានបង្កឱកាសជូន ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ អាចប្រកបរបរ និងកិច្ចការងារមានការរីកចម្រើន ជាបន្តបន្ទាប់ផងដែរ។

ក្នុងការចុះពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ នាពេលនេះ លោកស្រីអ្នកតំណាងរាស្រ្ត បានរៀបចំជាអាហារ ភេសជ្ជៈ នំបញ្ចុក នំបុ័ង ជូនដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារទាំងអស់ផងដែរ៕