(ស្វាយរៀង)៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត ខេត្តស្វាយរៀង បានប្ដេជ្ញាចិត្តនៅចំពោះមុខ លោក ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយក្រុងបាវិត និង​ស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះថា ពួកគាត់នឹងបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជារៀងរហូត ដើម្បីនាំមកនូវសន្តិភាព និង​បន្ដការអភិវឌ្ឍ​នៅថ្ងៃអនាគត។

ការលើកឡើងបែបនេះ ក្នុង​ពិធីផ្សព្វផ្សាយគោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍន៍ ឃុំ-សង្កាត់ ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២២ របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិការ ​ប្រមាណ​១,០២១នាក់ នៅក្រុងបាវិត។

លោក ម៉ឹង សំផន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់​សម្តេច​តេជោ ហ៊ុន សែន បានខិតខំកសាង​អភិវឌ្ឍន៍ ប្រទេសជាតិ សុំឲ្យមានការរីកចម្រើន និង​ការពារសន្តិភាព សម្រាប់ប្រជាពលរដ្ឋរស់​នៅ ក្នុងភាពសុខសាន្តទៅថ្ងៃអនាគត​។

លោក សេង សិលា ប្រធានគណបក្សក្រុងបាវិត ​ក្នុងនាមប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាន​យកចិត្តទុកដាក់គិតគូរខ្ពស់ពីការលំបាក និង​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រុងបាវិត ដែលក្នុងរយៈពេល​កន្លងមក ហើយសម្តេចតេជោ បានធ្វើការអភិវឌ្ឍន៍មូលដ្ឋានក្នុងក្រុងបាវិត ឲ្យមានការរីកចម្រើនដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន វត្តអារ៉ាម ជាពិសេសការចូលមកវិនិយោគទុនពីបរទេស នៅក្រុងបាវិត ដែលបានធ្វើឲ្យប្រជាពលរដ្ឋក្រុងបាវិត ​ក៏ដូចទូទាំងខេត្តស្វាយរៀង មានការងារធ្វើ បង្កើននៅជីវភាពរស់នៅរបស់ខ្លួន កាន់តែប្រសើជាងមុន​។

លោក ម៉ឹង សំផន បានលើកឡើងថា សមិទ្ធផលនានា ដែលកើតឡើង នៅក្រុងបាវិត​ ក៏ដូចជានៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ គឺដោយសារការដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា ​បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន និង​មានសុខសន្តិភាពពិតប្រាកដ ហើយរាជរដ្ឋាភិបាល បានខិតខំពុះពាររាល់ឧបសគ្គ រក្សាបានសុខសន្តិភាពសម្រេច បានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តជាច្រើនជូនជាតិមាតុភូមិ និង​ប្រជាជន​។

​ដើម្បីឲ្យការបោះឆ្នាតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទទួលនូវជោគជ័យ ប្រធានក្រុមការងារចុះជួយក្រុងបាវិតរូបនេះ ​បានជំរុញឲ្យ​សមាជិក សមាជិកា​បក្ស ប្រជាពលរដ្ឋ យុវជន យុវនារី ក្នុងក្រុងបាវិត ត្រូវទៅរួមការបោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដែលការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី០៤ ខែ​មិថុនា ឆ្នាំ២០១៧ខាងមុខនេះ​។

ក្នុងឱកាសនោះ លោក ម៉ឹង សំផន ​បាននាំយកអំណោយរបស់សម្តេចតេជោ  ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន សៀវភៅ ប៊ិច ក្រមា​១ សារុង​១ ប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ ​និងសមាជិក សមាជិការបក្ស មានសារុង ១ អាវ ១ និង មួក១ ផងដែរ ហើយ​លោក ​និងក្រុមការងារ បន្ដចុះ​សួរសុខទុកលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសឹក្សា ម៉ឹង សំផន កណ្តៀងរាយផងដែរ៕