(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស NASA កំពុងព្យាយាមស្វែងរកព័ត៌មានពីបណ្តាក្រុមហ៊ុនអាមេរិក ពាក់ព័ន្ធនឹង​សមត្ថ​ភាព​នាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគតរបស់ពួកគេ ក្នុងការនាំយកឧបករណ៍ គ្រឿងពិសោធន៍ ឬគ្រឿងប្រដាប់ប្រដា​ដទៃៗផ្សេង​ទៀត ទៅកាន់ផ្ទៃឋានព្រះច័ន្ទ ដើម្បីបំពេញ​តម្រូវការ​នៃការអភិវឌ្ឍ​បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងដំណើររុករក​នៅទីអវកាស​របស់​ខ្លួន។ នេះបើតាមការ​ចេញផ្សាយដោយ​គេហទំព័រ Space News នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧។

មន្រ្តីនៃទីភ្នាក់ងារអវកាស NASA លោក Thomas Zurbuchen បានឲ្យដឹងថា «សេចក្តីប្រកាស​ស្វែងរកគំនិត​ច្នៃប្រឌិត​ ពី​ដៃ​គូ​ឧស្សាហកម្មរបស់យើង​នាពេលនេះ គឺជាការបោះ​ជំហានយ៉ាង​សំខាន់មួយ ដើម្បីឲ្យពួកយើង​បន្តដំណើររុករក​នៅ​លើឋាន​ព្រះច័ន្ទ និងទីអវកាស​ដែលឆ្ងាយៗ​បន្ថែមទៀត។ ទោះបីជាធ្លាប់បានសម្រេចបេសកកម្ម​ដោយជោគជ័យជាច្រើន​ តាម​រយៈ​​ការ​បញ្ជូនក្រុម​អវកាសយានិក និងគ្រឿងយន្ត​យ៉ាងណាក្តី អង្គការ NASA នៅតែមាន​ការប្តេជ្ញាខ្ពស់​ដដែល ដើម្បី​បន្ត​ការ​សិក្សា​​​ស្វែង​យល់​ផ្នែកវិទ្យាសាស្រ្ត​ នៃឋានព្រះច័ន្ទដដែល»។

ជុំវិញរឿងនេះ​ក្រុមហ៊ុនមួយចំនួន​ ប្រហែលជា​អាចមានសមត្ថភាព ស្របតាមតម្រូវការ​ខាងលើ​របស់អង្គការ NASA នៅក្នុង​ពេលប៉ុន្មាន​ឆ្នាំខាងមុខ។ Moon Express មានមូលដ្ឋាន​នៅរដ្ឋផ្លូវរីដា គឺជាក្រុមហ៊ុន​មួយក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​០៥ ដែល​​បាន​ចូល​​រួម​​​ប្រកួត​ផ្តាច់​វគ្គ​ផ្តាច់​ព្រ័ត្រ នៃយុទ្ធនាការ Google Lunar X Prize ដែលជា​កម្មវិធីប្រកួត​ជាមួយ​ប្រាក់​រង្វាន់​​២០លាន​ដុល្លារ សម្រាប់យានអវកាស​អភិវឌ្ឍន៍​ឡើងដោយ​ឯកជនដំបូងគេ ដែលមាន​សមត្ថភាព​ធ្វើការចុះចត​នៅឋានព្រះចន្ទ ហើយ​អាច​ធ្វើដំណើរបានយ៉ាង​ហោច ៥០០ម៉ែត្រ ពីយានធំរបស់វា។ ក្រុមហ៊ុន Moon Express កំពុងតែអភិវឌ្ឍន៍​យានចុះចតមួយ​ ដើម្បីបាញ់​បង្ហោះដោយក្រុមហ៊ុន​អាមេរិក-នូវែលសេឡង់ Rocket Lab នាចុងឆ្នាំនេះ។

ចំណែកក្រុមហ៊ុន​មួយផ្សេងទៀត​ឈ្មោះថា Synergy Moon ​ដែលបានឆ្លង​ចូលវគ្គ​ចុងក្រោយ​នៅក្នុងកម្មវិធី Google Lunar X Prize ដូចគ្នានោះ បានផ្តល់ព័ត៌មាន​លម្អិតមួយចំនួន​ស្តីពីយានចុះចត និងគម្រោង​បាញ់បង្ហោះ​របស់ខ្លួន។ ដោយឡែក​ក្រុម​ហ៊ុន Astrobotic ដែលបានដក​ខ្លួនចេញពី​ការប្រកួតនេះ​កាលពីឆ្នាំមុន ក៏កំពុងតែ​នៅបន្តអភិវឌ្ឍន៍​យានចុះឋានព្រះច័ន្ទ សម្រាប់​ការបង្ហោះ​នៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ខាងមុខផងដែរ។

ជាចុងក្រោយ អ្នកចំណូលថ្មី​នៅក្នុងវិស័យនេះ​គឺក្រុមហ៊ុន Blue Origin បានលាតត្រដាង​កាលពីដើម​ឆ្នាំ២០១៧នេះ នូវ​គម្រោង Blue Moon របស់ខ្លួន សម្រាប់ធ្វើចុះចត​នាំយកទំនិញ​ និងគ្រឿងប្រដាប់​ប្រដាផ្សេងៗ ក្នុងបរិមាណជាច្រើន​​នៅ​លើ​​ឋានព្រះច័ន្ទ ដែលខ្លួនបានអះអាងថា អាចផ្តល់​សារៈប្រយោជន៍​ខ្ពស់ សម្រាប់អង្គការ NASA៕