(បន្ទាយមានជ័យ)៖ រថយន្តសេរីទំនើប១គ្រឿង ត្រូវបានកម្លាំងគយចល័តការិយាល័យគយ និងរដ្ឋាករ សាខាប៉ោយប៉ែត ចាប់បានកាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្រោមប្រសាទកំពូលបីមាត់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សាំង ណន ប្រធានក្រុមគយចល័ត នៃការិយាល័យគយ និងរដ្ឋាករច្រកប៉ោយប៉ែត បានប្រាប់តាមទូរសព្ទ័ឲ្យដឹងនាល្ងាចថ្ងៃទី៤ ខែឧសភា នេះថា រថយន្តសេរីទំនើបចង្កូតស្តាំ១គ្រឿង ដែលក្រុមមន្ត្រីជំនាញរបស់លោក ចាប់បាននោះ ម៉ាកឆែរ៉ូលេក ចង្កូតស្តាំ ពណ៌ស សេរីឆ្នាំ២០១៣ ចំនួន១គ្រឿង។

លោកបន្តថា មុនដំបូងកម្លាំងជំនាញ របស់លោកបានឃើញរថយន្តសេរីទំនើប១គ្រឿងនេះបើកឆ្លងកាត់នៅចំក្រោមប្រសាទកំពូលបី មាត់ច្រកប៉ោយប៉ែត ឆ្ពោះទៅទិសខាងជើង ជាកន្លែងឈរជើង នៃកម្លាំងនគរបាលការពារព្រំដែនគោកវរលេខ៩១១ ក៏ប៉ន្តែត្រូវបានក្រុមមន្ត្រីជំនាញ របស់លោកឃាត់ចាប់ត្រួតពិនិត្យ មើលនៅក្នុងរថយន្តនោះគ្មានលិខិតស្នាម ប្រកាន់ដៃបង់ពន្ឋ អ្វីបន្តិចសោះឡើយ ហើយម្យ៉ាងទៀតជារថយន្តចង្កូតស្តាំ ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ មិនឲ្យមានការនាំចូល ពីប្រទេសជិតខាង មកក្នុងស្រុកធ្វើចរាចរណ៍នៅក្នុងកម្ពុជាបន្តទៀត ទើបត្រូវកម្លាំងជំនាញ គយចល័ត របស់លោកឃាត់ចាប់តែម្តងទៅ ភ្លាមៗនោះម្ចាស់រថយន្តរត់គេចបាត់។

លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកប៉ោយប៉ែត បានឲ្យដឹងតាមទូរសព្ទ័ថា រថយន្តសេរីទំនើបចង្កូតស្តាំ ពណ៌ស ម៉ាកឆែរ៉ូលេក មួយ គ្រឿងដែលមន្ត្រីជំនាញក្រោមឱវាទរបស់លោកបានឃាត់ចាប់ នោះក្រោយពេលពិនិត្យមើលឃើញថា ជារថយន្តគ្មានច្បាប់ទំលាប់ គ្មានការបង់ពន្ឋចូលរដ្ឋ ត្រឹមត្រូវនោះឡើយ ដូច្នេះមន្ត្រីជំនាញរបស់យើង បានធ្វើកំណត់ហេតុបញ្ជូនទៅថ្នាក់លើ រួចរាល់អស់ហើយ ចំណែករថយន្តត្រូវរក្សាទុកនៅស្នាក់ការគយ និងរដ្ឋាករច្រកទ្វារ ជាបណ្តោះអាសន្នសិន រង់ចាំបទបញ្ជាពីថ្នាក់លើ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ រីឯម្ចាស់រថយន្តកម្លាំងជំនាញយើងបានស្រាវជ្រាវ ដើម្បីមកដោះស្រាយតាមផ្លូវច្បាប់៕