(ហ្វីលីពីន)៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ត្រូវបានបិទបញ្ចប់ទាំងស្រុង ប្រកបដោយជោគជ័យ នៅយប់ជ្រៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧នេះ។ បន្ទាប់ពីបញ្ចប់បណ្ដាប្រមុខដឹកនាំអាស៊ានទាំង១០ នឹងត្រៀមចេញសេចក្តីថ្លែងការណ៍ ដែលបានឯកភាពគ្នាជាធ្លុងមួយ ទទួលស្គាល់ នូវកម្រិតស្តង់ដារួមមួយ ដើម្បីលើកកម្ពស់សេវាសាធារណៈនៅក្នុងតំបន់ឲ្យកាន់តែល្អប្រសើរឡើង។

សេចក្តីថ្លែងការណ៍នេះគឺមានឈ្មោះថា «សេចក្តីថ្លែងការណ៍ស្តីពីតួនាទីរបស់មុខងារសាធារណៈជាកាតាលីករ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥» The Asean Declaration on the Role of Civil Service as a Catalyst for Achieving the Asean Community Vision 2025។

ថ្លែងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី៣០ នៅទីក្រុងម៉ានីល ប្រធានាធិបតីហ្វីលីពីន លោក ឌូដឺតេ បានវាយតម្លៃយ៉ាងខ្ពស់ចំពោះកម្ពុជា ដោយបានថ្លែងថា កម្ពុជាជាមិត្តដ៏ស្មោះស្ម័គ្រគួរឲ្យ ទុកចិត្តនិងជាមិត្តដ៏ល្អបំផុត។ នេះបើយោងតាមលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងប្រាប់អ្នកសារព័ត៌មាននាយប់ថ្ងៃទី២៩ ខែមេសាពីទីក្រុងម៉ានីល។