(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានថ្លែងនៅថ្ងៃសៅរ៍នេះថា ការសម្រេចចិត្តធ្វើតេស្តបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាង​ជើង បានបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រទេសរបស់លោក ហើយលោក អាបេ បានអំពាវដល់សហរដ្ឋអាមេរិក រួម​ទាំង​ចិន​ឲ្យបន្តដាក់សម្ពាធទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាងថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅ​យប់​ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០១៧។

លោកនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាច្រើនរូបថា «ដោយមិនខ្វល់ពីការព្រមានធ្ងន់ៗ​ពី​សំណាក់សហគមន៍អន្តរជាតិ ប្រទេសកូរ៉េខាងជើងនៅថ្ងៃនេះ បានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរបស់ខ្លួន សាជាថ្មីម្តងទៀត​​។ ទង្វើនេះពុំអាចទទួលយកបានជាដាច់ខាត ហើយយើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបង្កហេតុបែបនេះ»

នាឱកាសនោះលោក ស៊ីនហ្សូ អាបេ បានលើកឡើងថា នឹងនៅបន្តរក្សាការធ្វើទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈលោកកំពុងតែផ្តោតសំខាន់ទៅលើ ការឆ្លើយតបរបស់ចិនចំពោះការធ្វើតេស្តមីស៊ីលលើកនេះ ហើយលោក​ អាបេ ​សង្ឃឹម​ថា ទីក្រុងប៉េកាំងនឹងដើរតួនាទីរបស់ខ្លួនបានសមរម្យត្រឹមត្រូវ។ ​

យោងតាមសារព័ត៌មានអន្តរជាតិធំៗ នាព្រឹកព្រលឹម​ទាបភ្លឺថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូង និង​សហ​រដ្ឋ​អាមេ​រិក​បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់សាកល្បងមីស៊ីលផ្លោងសាជាថ្មីម្តងទៀតហើយ ក៏បានប៉ុន្តែទទួលបរាជ័យ ដោយការការបាញ់សាក​ល្បង​នោះ​​ ធ្វើ​ឲ្យ​មីស៊ីលប្រភេទ​បាលីស្ទីកនេះ បានផ្ទុះធ្លាក់ចុះមកវិញភ្លាមៗ បន្ទាប់ពីបាញ់ចេញបានតែ២-៣នាទីក្រោយមកប៉ុណ្ណោះនៅ​តំបន់​ក្បែរ​ឆ្នេរ​​សមុទ្រ​​ភាគ​​ខាង​​កើតនៃប្រទេសកូរ៉េខាងជើង ហើយវាគឺជាការធ្វតេស្តមីស៊ីលបរាជ័យលើកទីពីរនៅក្នុងខែមេសានេះ៕